ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

បទសម្ភាសន៏តាមដងវិថី
ជាប់​ពន្ធនាគារ​បី​ខែ​ពី​បទ​ជួញ​ដូរ​ផ្លូវ​ភេទ​ជួល​មេធាវី​៣​នាក់​អស់​ប្រាក់​២​ម៉ឺន​ដុល្លារ​ទើបរួចខ្លួន PDF Print E-mail
Thursday, 10 September 2009 , សរសេរដោយ​ « Administrator »   

បុរស​រកស៊ី​បើក​ហាង​ខារ៉ាអូខេ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​ខេត្ត​ ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​រយៈពេល​៣​ខែ​ ​ទើប​រួច​ខ្លួន​ពី​បទ​ជួញ​​ដូរ​ផ្លូវ​ភេទ​លើ​កុមារី​ម្នាក់​ជា​អ្នក​លាង​ចាន​នៅ​ក្នុង​ហាង​ខារ៉ា​អូខេ​របស់​ខ្លួន​ ​ដោយ​ត្រូវ​ចំណាយ​ថវិកា​អស់​ចំនួន​២​ម៉ឺន​ដុល្លារ ​ដើម្បី​ជួល​មេធាវី​ការពារ​ក្តី​៣​នាក់​ និង​បង់​ឲ្យ​តុលាការ​ខេត្ត។​

 

លោក​ ​អ៊ំ​ ​ឆវ័ន្ត​ ​ជា​ប្អូន​ប្រុស​បង្កើត​របស់​បុរស​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​​«នៅ​ពេល​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​បាន​មក​ឃាត់​ខ្លួន​បង​ប្រុស​របស់​ខ្ញុំ​ចោទ​ប្រកាន់​ពី​បទ​ជួញ​ដូរ​ផ្លូវ​ភេទ​លើ​កុមារី​ម្នាក់​ដែល​មក​សុំ​នៅ​លាងចាន​នៅ​ក្នុង​ហាង​ខារ៉ាអូខេ​តាម​ពាក្យ​បណ្តឹង​របស់​​សាច់ញាតិ​កុមារី​នោះ​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​បាន​ឲ្យ​បង​ប្រុស​ខ្ញុំ​បង់​ប្រាក់​៥០០​ដុល្លារ​ជូន​ជន​រងគ្រោះ​តែ​ដោយសារ​តែ​គាត់​គិត​ថា​ ​គ្មាន​កំហុស​បង​ប្រុស​ខ្ញុំ​មិន​ព្រម​ឲ្យ​ ​ទើប​សមត្ថកិច្ច​ធ្វើ​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ខេត្ត​បន្ត​ឃុំ​ខ្លួន​អស់​រយៈពេល​៣​ខែ​ទៀត​ ​ទើប​រក​បាន​មេធាវី​ការពារ​ក្តី​ដោះស្រាយ​រឿង​ក្តី​ជា​មួយ​តុលាការ​ដោយ​ចំណាយ​ថវិកា​ក្នុង​ការ​ដោះស្រាយ​អស់​ចំនួន​២​ម៉ឺន​ដុល្លារ»។​

 

លោក​បាន​បន្ត​ថា​ ​«ជា​ទូទៅ​នៅ​ក្នុង​ការ​ដោះស្រាយ​រឿង​ក្តី​នៅ​ក្នុង​តុលាការ​ភាគី​ជនជាប់​ចោទ​ ​និង​ភាគី​ជនរងគ្រោះ​ត្រូវ​តែ​ចំណាយ​ប្រាក់​អស់​យ៉ាង​ច្រើន​ដើម្បី​ឲ្យ​តុលាការ​ជួយ​រក​យុត្តិធម៌​បើ​គ្មាន​លុយ​សម្រាប់​ឲ្យ​តុលាការ​ទេ​ សំណុំ​រឿង​ត្រូវ​បង្អាក់​ទុក​ចោល​មួយ​រយៈពេល​យូរ​ទើប​ដោះស្រាយ»។​

 

លោក​បាន​និយាយ​ថា​ ​«ជា​បទពិសោធន៍​នៅ​ក្នុង​ការ​ដោះស្រាយ​រឿង​ក្តី​បង​ប្រុស​របស់ខ្ញុំ​គឺ​ត្រូវ​ចំណាយ​លុយ​អស់​យ៉ាង​ច្រើន​ ដើម្បី​ជួល​មេធាវី​ដល់​ទៅ​ ៣​នាក់​ដោយសារ​តែ​គ្រួសារ​ខ្ញុំ​មិន​សូវ​ដឹង​អំពី​នីតិវិធី​នៅ​ក្នុង​ច្បាប់​ផ្សេងៗ​ ​ហើយ​មន្ត្រី​មាន​សមត្ថកិច្ច​ ​និង​តុលាការ​អាច​ចោទ​ប្រកាន់​ដាក់​បន្ទុក​លើ​យើង​បាន​តាម​ចិត្ត»។​ ការ​ដែល​ចំណាយ​ប្រាក់​អស់​យ៉ាង​ច្រើន​ ដើម្បី​ដោះ​បង​ប្រុស​ខ្ញុំ​ឲ្យ​រួច​ពី​ការ​ឃុំ​ខ្លួន​មក​វិញ​ដោយ សារ​តែ​ក្រុមគ្រួសារ​ ​ឪពុក​ម្តាយ​របស់​ខ្ញុំ​គាត់​មាន​វិប្បដិសារី​សោកសៅ​ ​ស្រណោះ​ស្រណោក​កូន​របស់​ខ្លួន​ដែល​ត្រូវ​ជាប់​ឃុំ​ ​ហើយ​គ្មាន​អ្នក​ប្រកប​មុខ​របរ​រកស៊ី​ចិញ្ចឹម​កូន​ ​និង​គ្រួសារ។​

 

លោក​បាន​មាន​ប្រសាសន៍​ថា​ ​«អំពើ​ពុករលួយ​កើត​ឡើង​ដោយ​ប្រជាពលរដ្ឋ​មួយ​ចំនួន​មិនមាន​ចំណេះ​ដឹង​ទាក់​ទង​នឹង​ផ្នែក​ច្បាប់​ឲ្យ​បាន​ទូលំ​ទូលាយ​ដោយសារ​ពួក​គាត់​ពុំ​ទទួល​ការ​រៀន​សូត្រ​ ​និង​ការ​ផ្សព្វ ផ្សាយ​ច្បាប់​មិន​បាន​ដល់់​ពួក​គាត់​ ​ដោយ​ខ្ញុំ​សង្កេត​ឃើញ​ថា​ ​អ្នក​ទទួល​រងគ្រោះ​ភាគ​ច្រើន​គឺ​ជា​ប្រជា ពលរដ្ឋ​នៅ​តាម​ជន​បទ»។​

 

លោក​បន្ត​ថា​​ ​ប្រសិន​បើ​គ្មាន​វិធានការ​ទប់ស្កាត់​អំពើ​ពុករលួយ​ក្នុង​ប្រព័ន្ធ​តុលាការ​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ​ទៅ​ថ្ងៃ​អនាគត ​មន្ត្រី​តុលាការ​នឹង​ប្រើ​អំណាច​តួនាទី​របស់​ខ្លួន​ក្នុង​ការ​ដោះស្រាយ​រឿង​ក្តី​របស់​ខ្លួន​មិន​ប្រកប​ដោយ​យុត្តិធម៌​ហើយ​ប្រជាពលរដ្ឋ​មិនមាន​ជំនឿ​ចិត្ត​លើ​មន្ត្រី​តុលាការ​ក្នុង​ការ​ដោះស្រាយ​រឿង​ក្តី​ឡើយ។​ ​ហើយ​អំពើ​ពុករលួយ​នឹង​បន្ត​រីករាលដាល​កាន់​តែ​ច្រើន​ឡើង​នៅ​ក្នុង​សង្គម​ពី​ជំនាន់​​មួយ​ទៅ​ជំនាន់​មួយ​ទៀត»។​

 

លោក​សុំ​សំណូមពរ​ឲ្យ​រដ្ឋសភា​ ​និង​រាជរដ្ឋាភិបាល​អនុម័ត​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ឲ្យ​បាន​ឆាប់​រហ័ស​ ​និង​ផ្សព្វផ្សាយ​ច្បាប់​នេះ​ឲ្យ​បាន​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ​ ​ដើម្បី​ទប់ស្កាត់​អំពើ​ពុករលួយ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឲ្យ​បាន​ជឿនលឿន​ដូច​ប្រទេស​នានា​លើ​ពិភពលោក៕​

 
អំពើ​ពុក​រលួយ​ប៉ះ​ពាល់​ដល់​ជីវភាព​រស់​នៅ​ឳពុក​ម្តាយ​សិស្ស​ PDF Print E-mail
Wednesday, 09 September 2009 , សរសេរដោយ​ « OFC Editor »   

នៅ​ប្រទេស​កម្ពុជា​ ស្ថានភាព​អំពើ​ពុករលួយ​​ក្នុង​​វិស័យ​អប់រំ​សព្វ​ថ្ងៃ​បាន​ធ្វើ​ឲ្យ​ជីវភាព​រស់​នៅ​របស់​ឳពុក​ម្តាយ​សិស្ស​មួយ​ចំនួន​ជួប​ប្រទះ​ការ​លំបាក​យ៉ាង​ខ្លាំង​ ដោយសារ​ការ​ចំណាយ​ថវិកា​អស់​យ៉ាង​ច្រើន​សម្រាប់​បង់​ឲ្យ​គ្រូ​គ្រប់​មុខ​វិជ្ជា​ក្នុង​ពេល​ប្រឡង​ឆមាស​ ​ប្រឡង​យក​សញ្ញាបត្រ​ នៅ​ពេល​ដែល​កូន​មក​រៀន​មិន​ទៀតទាត់​ ​ហើយ​អវត្តមាន​ច្រើន ​គ្មាន​ឈ្មោះ​ប្រឡង។​ ជាក់​ស្តែង​ករណី​នេះ​បាន​កើត​ឡើង​ក្នុង​គ្រួសារ​មួយ​ដែល​មាន​ជីវភាព​ក្រីក្រ​ រក​ព្រឹក​ខ្វះល្ងាច​ ​រក​ល្ងាច​ខ្វះ​ព្រឹក​ ​ពុំ​មាន​លុយ​គ្រប់ គ្រាន់​សម្រាប់​ឲ្យ​កូន​ទៅ​រៀន​ទៀង​ទាត់​ ពេល​ខ្លះ​ត្រូវ​បង្ខំ​មិន​ឲ្យ​កូន​ទៅ​រៀន​ ​នៅ​ជួយ​ធ្វើ​ការងារ​ផ្ទះ​រកស៊ី​ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​ ធ្វើ​ឲ្យ​កូន​អវត្តមាន​ច្រើន​ ​ពុំ​មាន​សិទ្ធិ​ប្រឡង​យក​សញ្ញាបត្រ​ទុតិយភូមិ​ ហើយ​ត្រូវ​នាយក​សាលា​ឲ្យ​បង់​ប្រាក់​ចំនួន​២០​ម៉ឺន​រៀល​ទើប​មាន​ឈ្មោះ​ទៅ​ប្រឡង។​

 

អាជីវករ​ម្នាក់​ដែល​មាន​ផ្ទះ​នៅ​ជិត​ផ្ទះ​គ្រួសារ​ក្រីក្រ​នោះ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ ​ការ​សិក្សា​នៅ​តាម​សាលា​រដ្ឋ​មួយ​ចំនួន​សព្វ​ថ្ងៃ​មាន​ការ​លំបាក​ណាស់​ ​គ្រូ​បាន​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​ទារ​លុយ​ពី​សិស្ស​យក​មក​ផ្គត់ផ្គង់​ជីវភាព​របស់​ខ្លួន​ ដោយ​ពុំ​មាន​គិត​ពី​ផល​ប៉ះពាល់​មក​លើ​ជីវភាព​ឪពុក​ម្តាយ​ឬ​អាណាព្យាបាល​សិស្ស​​នោះ​ទេ។​ ​ទង្វើ​បែប​នេះ​វា​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​គ្រួសារ​ ​និង​សង្គម​ ​ជា​ពិសេស​​បាន​ផ្តល់​នូវ​ទម្លាប់​មិន​ល្អ​ដល់​សិស្ស​ដែលជា​ទំពាំង​ស្នង​ឬស្សី​ ​បង្កើត​ឲ្យ​មាន​គំនិតពុករលួយ​ ​កេង​ប្រវ័ញ្ច​យក​ផល​ប្រយោជន៍​ ​ផ្ទាល់​ខ្លួន​នៅ​ពេល​ដែល​ពួក​គេ​បាន​ចេញ​ទៅ​ធ្វើ​ការងារ​នៅ​ក្នុង​ក្រសួង​ ​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​ដូចជា​ ​គ្រូ​បង្រៀន​ ​ពេទ្យ​ ​នគរបាល​ ​និង​មន្ត្រី​រាជការ​តាម​ស្ថាប័ន​នានា។​

 

លោក​បាន​បន្ត​ថា​ ​ឳពុក​ម្តាយ​មួយ​ចំនួន​បាន​បង្ខំ​ឲ្យ​កូន​ឈប់​រៀន​ដោយសារ​ជីវភាព​គ្រួសារ​ខ្វះខាត​គ្រូ​ទារ​លុយ​គ្រប់​បែប​យ៉ាង​ ​ហើយ​សុខ​ចិត្ត​បញ្ជូន​កូន​ឲ្យ​ទៅ​ធ្វើ​កម្មករ​រោង​ចក្រ​វិញ ​ដើម្បី​រក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​ ​កត្តា​ទាំង​នេះ​បណ្តាល​ឲ្យ​មាន​ការ​បោះបង់​ចោល​ការ​សិក្សា​ជា​ច្រើន​នៅ​ថ្នាក់​អនុ​វិទ្យាល័យ។​​ លោក​បាន​មាន​ប្រសាសន៍​ថា​ ​«បើ​ពុំ​មាន​វិធានការ​ទប់ស្កាត់​ឲ្យ​ទាន់​ពេល​វេលា​ទេ​អនាគត​​អំពើ​ពុក​រលួយ​មាន​នៅ​ប្រទេស​កម្ពុជា​នឹង​កាន់​តែ​រីកដុះដាល​ឡើង​ដោយ​សិស្ស​ម្នាក់​ៗ​គិត​ថា​ កាល​អញ​នៅ​រៀន​សូត្រ​គ្រូ​យកលុយ​​ ​គ្រូ​ទារ​លុយ​ ​គ្រូ​សូក​លុយ។​ ​

 

លោក​សំណូមពរ​ដល់​ក្រសួង​អប់រំ​ យុវជន​ ​និង​កីឡា​មេត្តា​ចាត់​វិធានការ​ចុះ​តាម​ដាន​​ឲ្យ​បាន​គ្រប់​សាលា​ ​វិទ្យា​ល័យ​ទាំង​អស់​ដើម្បី​កាត់​បន្ថយ​នូវ​អំពើ​ពុករលួយ​កុំ​ឲ្យ​លោក​គ្រូ​ ​អ្នក​គ្រូ​ចេះ​តែ​រិះរក​គ្រប់​វិធី​ដើម្បី​ទារ​លុយ​ពី​សិស្ស​​បន្ត​ទៀត​ ​ដើម្បី​ចូលរួម​កាត់​បន្ថយ​ជីវភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ ​ចៀសវាង​ការ​ជំពាក់​បំណុល​ពី​ធនាគារ៕​

 
ចំណាយ​ជិត​៤​លាន​រៀល​ដើម្បី​ដោះ​លែង​កូន​បី​នាក់ PDF Print E-mail
Wednesday, 09 September 2009 , សរសេរដោយ​ « OFC Editor »   

ស្រ្តី​ចំណាស់​អាយុ​៥៤​ឆ្នាំ​ម្នាក់​ ​បាន​ចំណាយ​ប្រាក់​អស់​ចំនួន​ ២.៥០០.០០០​រៀល​​ ដើម្បី​ឲ្យ​សមត្ថកិច្ច​ដោះលែង​កូន​ប្រុស​បី​នាក់​ពី​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​អធិការដ្ឋាន​ស្នងការ​នគរបាល​ ស្រុក​កាល​ពី​ខែ​មិថុនា​ ​ឆ្នាំ​២០០៩​ថ្មីៗ​ នេះ​ដោយ​ពីរ​នាក់​ជាប់​ចោទ​ពី​បទ​សម្លាប់​មនុស្ស​ដោយ​ចេតនា​មិន​បាន​សម្រេច​ ​និង​ម្នាក់​ទៀត​ជាប់​ចោទ​ពី​បទ​បង្ក​ការ​រារាំង​ ​និង​ជេរ​ប្រមាណ​សមត្ថកិច្ច​ក្នុង​ពេល​បំពេញ​ការងារ។​

 

ស្រ្តី​វ័យ​ចំណាស់​អាយុ​៥៤​ឆ្នាំ​ ឈ្មោះ​ ​អេង​ ​ថូន​ ​បាន​មាន​ប្រសាសន៍​ថា​ ​មន្ត្រី​ប៉ុស្តិ៍​ប៉ូលិស​រដ្ឋបាល​ឃុំ​បាន​មក​ចាប់​កូន​ប្រុស​របស់​ខ្ញុំ​ទាំង​ពីរ​នាក់​ពេល​យប់​អាធ្រាត្រ​ ដោយ​ចោទ​កូន​ខ្ញុំ​ជា​ឃាតករ​សម្លាប់​មនុស្ស​ដោយ​ចេតនា​មិន​បាន​សម្រេច​ដាក់​ខ្នោះ​ដៃ​ទាំង​សង​ខាង​អូស​ដាក់​ម៉ូតូ​បញ្ជូន​ទៅ​ស្នងការ​នគរបាល​ស្រុក​ដើម្បី​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​រយៈពេល​៤៨​ម៉ោង​ ​បើ​គ្មាន​លុយ​ទៅ​ដោះស្រាយ​ទេ​នឹង​ធ្វើ​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ខេត្ត​ដើម្បី​ផ្តន្ទាទោស។​

 

អ្នក​ស្រី​បន្ត​ថា​ ​នៅ​ពេល​ដែល​ប៉ូលិស​មក​ចាប់​ខ្លួន​កូន​របស់​ខ្ញុំ​ដែល​បាន​ផឹក​ស៊ី​មាន​ទំនាស់​គ្នា​ជា​មួយ​បង​ប្អូន​ជីដូនមួយ​រហូត​ដល់​ការ​ប្រើ​ពូថៅ​កាប់​ជន​រងគ្រោះ​ចំនួន​៥​ពូថៅ​នោះ​ ​ខ្ញុំ​និង​​កូន​ប្រុស​ច្បង​ម្នាក់​ទៀត​បាន​និយាយ​ឃាត់​ថា​ ​កុំ​ឲ្យ​ចាប់​វា​យក​ទៅ​ណា​ខ្ញុំ​សូម​ធានា​ ​បើ​កូន-​ប្អូន​ខ្ញុំ​រត់​ ​ខ្ញុំ​ជា​អ្នក​ជាប់​គុក​ជំនួស​ទុក​ព្រឹក​ស្អែក​ចាំ​ដោះស្រាយ​គ្នា​នៅ​កន្លែង​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ឃុំ។​ ​មន្ត្រី​ប៉ូលិស​នៅ​តែ​មិន​ស្តាប់​ហើយ​កូន​ប្រុស​ច្បង​ដែល​មាន​ជម្ងឺ​ពិការ​ខ្នង​បាន​ទាញ​យក​ដំបង​ដើរ​មក​រក​ប៉ូលិស​ ​ហើយ​បាន​និយាយ​ថា​​កុំ​ចាប់​​វា​ទាំង​យប់​អាធ្រាត្រ ​អយុត្តិធម៌​ណាស់​ ​ធ្វើ​បែប​នេះ​ប្រៀប​បី​ដូចជា​ចោរ​ប្លន់។​ ​សមត្ថកិច្ច​ក៏​ដាក់​ខ្នោះ​ដៃ​កូន​ប្រុស​ច្បង​របស់​ខ្ញុំ​ម្នាក់​ទៀត​យក​ទៅ​ដែរ​ដោយ​ចោទ​ថា​ ​បាន​មើល​ងាយ​សមត្ថកិច្ច​ ​និង​បង្កការ​រារាំង​ដល់​ប៉ូលិស​ពេល​បំពេញ​ការងារ។​

 

អ្នក​ស្រី​និយាយ​ថា​ ដោយ​ឃើញ​កូន​ប្រុស​ទាំង​បី​នាក់​ត្រូវ​ប៉ូលិស​ឃុំ​ខ្លួន​នៅ​ប៉ុស្តិ៍​រដ្ឋបាល​រយៈ​២៤​ម៉ោង​ ​ហើយ​បញ្ជូន​ទៅ​ស្នងការ​នគរបាល​ស្រុក​ ​ខ្ញុំ​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង​ ​ភ័យ​ផង​ ​យំ​ផង​ ​ក៏​បាន​ខិតខំ​រក​ចង​ការ​លុយ​អ្នក​ភូមិ​ចំនួន​៦៥​ម៉ឺន​រៀល​ដែល​ក្នុង​មួយ​ម៉ឺន​រៀល​ការ​២០០០​រៀល​យក​ទៅ​រំដោះ​កូន​នៅ ស្នងការ​នគរបាល​ស្រុក។​ ​នៅ​ពេល​ទៅ​ដល់​ត្រូវ​ប៉ូលិស​និយាយ​ថា​ ​«កូន​ប្រុស​ច្បង​យក​៥០០.០០០​រៀល​ ​ហើយ​អា​២​នាក់​ទៀត​គេ​យក​៧​លាន​រៀល​ ​បើ​គ្មាន​លុយ​ទេ​រយៈពេល​៤៨​ ម៉ោង​ខ្ញុំ​​នឹង​បញ្ជូន​វា​ទៅ​តុលាការ​ខេត្ត​ដើម្បី​កាត់​ទោស​ ​ផ្តន្ទាទោស»។​ ​គ្រាន់​តែ​លឺ​សូរ​សម្តី​នេះ​ភ្លាម​ខ្ញុំ​ស្ទើ​រ​តែ​បាត់បង់​ស្មារតី​ក្នុង​ខ្លួន​ ​នឹក​ថា​ ​ខ្លួន​មេម៉ាយ​ផង​ ​គ្មាន​លុយ​ផង​ ក្រីក្រ​ផង​ ​កូន​ជាប់​គុក​ផង​ ​តើ​បាន​លុយ​មកពី​ណា​ដោះ​កូន​ពេល​នេះ​ពិត​ជា​ស្លាប់​ហើយ​ខ្ញុំ។​

 

អ្នក​ស្រី​និយាយ​ទាំង​អួល​ដើម​ក​ថា​ ​«ពិត​ជា​ពុករលួយ​មែន​ ​អយុត្តិធម៌​ណាស់​ខ្ញុំ​បាន​ឲ្យ​កូន​ប្រសារ​រក​លុយ​ពី​ដន្លង​នៅ​ភ្នំពេញ​បាន​៣​លាន​រៀល​រួច​ហើយ​ខំ​និយាយ​អង្វរ​សមត្ថកិច្ច​ទាំង​ទឹក​ភ្នែក​​ទើប​គេ​យល់​ព្រម​ទាំង​៣​នាក់​សរុប​៣.៥០០.០០០​រៀល»។​

 

អ្នក​ស្រី​បាន​បន្ត​ថា​ ​«សម្រាប់​អ្នក​ក្រីក្រ​នៅ​ស្រុក​ស្រែ​ជនបទ​ខិតខំ​រកស៊ី​ចិញ្ចឹម​ជីវិត​ផង​ចិញ្ចឹម​កូន​ផង​ទឹក​ប្រាក់​នេះ​វា​ច្រើន​​ណាស់​សម្រាប់​អ្នក​ក្រ​ ​ដូចជា​​ខ្ញុំ​ខំ​រក​ស៊ី​១០-​២០​ឆ្នាំ​មិន​បាន​សល់​ប៉ុណ្ណឹង​ទេ​ ​តែ​បើ​មិន​រក​ដោះ​កូន​វា​ជាប់​គុក​ច្បាស់​ជា​ពិបាក​ណាស់។​ ​អំពើ​ពុករលួយ​ «ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់​តែ​ក្រទៅៗ​ ​រក​ស៊ី​គ្មាន​កំណើត​មាន​រឿងរ៉ាវ​បន្តិច​បន្តួច​ប៉ូលិស​ស៊ី​តាំង​ពី​កាត​ទូរស័ព្ទ​ ​ថ្លៃ​សាំង​​ ​ម្ហូប​អាហារ​បាយ​ទឹក​គ្រប់​បែប​យ៉ាង​គាប​សង្កត់​គ្នា​គ្រប់​ច្រកល្ហក​ ​បង់​ឲ្យ​ព្រះរាជអាជ្ញា​បន្ថែម​១០​ម៉ឺន​ទៀត​សរុប​ទំរាំ​រួច​ខ្លួន​អស់​ទឹក​ប្រាក់​៤​លាន​រៀល​ ​ហ៊ឺ...!!!​ស្លាប់​ទៅ​វា​ស្រួល​ជាង»។​

 

ខ្ញុំ​សូម​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​ ​អង្គការ​សមាគម​មេត្តា​អាណិត​ដល់​អ្នក​ក្រីក្រ​ផង​ បើ​មាន​រឿង​កុំ​យក​លុយ​គ្នា​ច្រើន​ពេក​ ​លំបាក​ណាស់!​ ​ជួយ​អប់រំ​ណែនាំ!​កុំ​យក​គ្នា​ដាក់​គុក​នាំ​ឲ្យ​គ្នា​វេទនា​ ​នាំ​ឲ្យ​ប្រពន្ធ​កូន​វេទនា​ គ្មាន​ទីពឹង​ ​គ្មាន​អ្នក​​ចិញ្ចឹម​​ ​លំបាក​ណាស់!​ ​ក្រ​ណាស់!​ ​កុំ​ប្រើ​អំណាច​គៀប​សង្កត់​អ្នក​​ក្រីក្រ​ខ្លាំង​ពេក!​ជួយ​ខ្ញុំ​ផង៕​

 
ការអនុវត្តច្បាប់ចរាចរណ៍ថ្មី PDF Print E-mail
Wednesday, 09 September 2009 , សរសេរដោយ​ « OFC Editor »   

បច្ចុប្បន្ន​មន្ត្រី​នគរបាល​ចរាចរ​កំពុង​តែ​ពេញ​ចិត្ត​ក្នុង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​ដែល​បាន​ផ្តល់​ឱកាស​ឲ្យ​ពួក​គេ​ធ្វើ​ការ​ផាក​ពិន័យ​ ​អ្នក​បើកបរ​យានយន្ត​ ​ម៉ូតូ​ដោយ​មិន​ដាក់​កញ្ចក់​ មិន​ពាក់​មួក​សុវត្ថិភាព​ ​ឬ​ម៉ូតូ​គ្មាន​ស្លាក​លេខ​ក្នុង​តម្លៃ​មួយ​លើស​ពី​ច្បាប់​ដែល​បាន​កំណត់។​

 

លោក​ ​ឆែម​ ​ពេ​ ​ជា​ប្រជាពលរដ្ឋ​ម្នាក់​រស់​នៅ​ខេត្ត​សៀមរាប​ ​បាន​ឲ្យ​ដឹង​ថា​ ​«យោង​តាម​មាត្រា​៨៨​នៃ​ច្បាប់​ចរាចរណ៍​ថ្មី​ដែល​អនុម័ត​នៅ​ឆ្នាំ​២០០៧​ ​តម្រូវ​ឲ្យ​ប៉ូលិស​ចរាចរណ៍​ធ្វើ​ការ​ផាក​ពិន័យ​អ្នក​បើកបរ​ម៉ូតូ​យានយន្ត​ដោយ​មិន​ពាក់​ខ្សែ​ក្រវ៉ាត់​ ​ឬ​មួក​សុវត្ថិភាព​ត្រឹម​តែ​៣០០០​រៀល​ ​សម្រាប់​ម៉ូតូ​ ​ប៉ុន្តែ​ការ​អនុវត្ត​ជាក់​ស្តែង​មន្ត្រី​ប៉ូលិស​ចរាចរណ៍​បាន​ផាក​ពិន័យ​ម្តង​នូវ​ចំនួន​ទឹក​ប្រាក់​៥០០០-​១០០០០​រៀល​ដោយ​គ្មាន​ចេញ​លិខិត​ស្នាម​អ្វី​បញ្ជាក់​សោះ»។​

 

លោក​បាន​ឲ្យ​ដឹង​ថា​៖​​«​ នៅ​ពេល​ឈប់​សំរាក​ពី​ការងារ ​ខ្ញុំ​បាន​ជិះ​ម៉ូតូ​ជា​មួយ​ពួកម៉ាក​ទៅ​លេង​ស្រុក​កំណើត​លុះ​ពេល​ត្រឡប់​មក​វិញ​​​ភ្លេច​ពាក់​មួក​សុវត្ថិភាព​ពេល​ដល់​​ពាក់​កណ្តាល​ផ្លូវ​ត្រូវ​ប៉ូលិស​ចរាចរ​ពួន​ស្ទាក់​ឃាត់​ម៉ូតូ​របស់​ខ្ញុំ​និង​​បាន​ធ្វើ​ការ​ផាក​ពិន័យ​ចំនួន​៥០០០​រៀល​។ ​ខ្ញុំ​ទាមទារ​រក​លិខិត​បញ្ជាក់​ការ​ផាក​ពិន័យ​បែរជា​ប៉ូលិស​ទាមទារ​លុយ​ពី​ខ្ញុំ​១០០០០​រៀល​វិញ​ ​ខ្ញុំ​ប្រកែក​មិន​ឈ្នះ​ក៏​យល់​ព្រម​ឲ្យ​១០០០០​រៀល​ទៅ»។​

 

លោក​បាន​និយាយ​ថា​ មន្ត្រី​នគរបាល​មួយ​ចំនូន​បាន​យក​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ថ្មី​នេះ​ទៅ​រកស៊ី​គាប​សង្កត់​កេង​ប្រវ័ញ្ច​លុយ​កាក់​ពី​ប្រជាពលរដ្ឋ​ស្លូត​ត្រង់​នៅ​តាម​ទី​ជនបទ​ដាច់​ស្រយាល​ ​មិន​សូវ​បាន​សិក្សា​ស្វែង​យល់​ពី​ច្បាប់​ចរាចរ​ឲ្យ​បាន​ច្បាស់​លាស់​មាន​ការ​ខុស​ឆ្គង​ម្តង​ម្កាល​បង្ខំ​ឲ្យ​អ្នក​បង់​លុយ​ដើម្បី​យក​ដាក់​ហោប៉ៅ​ធ្វើ​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន​ដោយ​គំរាម​ថា​ ​«ខុស​ច្បាប់​ ​ចំណែក​ឯខ្លួន​ឯង​ដែល​ជា​មន្ត្រី​អនុវត្ត​ច្បាប់​បែរ​ជា​បើក​បរ​មិន​ពាក់​មួក​សុវត្ថិភាព​ ​ម៉ូតូ​គ្មាន​កញ្ចក់​ ​បែរ​ជា​មើល​មិន​ឃើញ​ទៅ​វិញ។​

 

លោក​បាន​ប​ន្ត​ថា​ ​«ការ​ធ្វើ​បែប​នេះ​ប្រជាពលរដ្ឋ​អ្នក​​បើកបរ​យានយន្ត​ ​ម៉ូតូ​ឌុប​មួយ​ចំនួន​បាន​និយាយ​រិះ គន់​សមត្ថកិច្ច​ដែល​ជា​អ្នក​អនុវត្ត​ច្បាប់​តែ​មិន​គោរព​ច្បាប់​​ ហើយ​ប្រើ​អំណាច​តួនាទី​កេង​ប្រវ័ញ្ច​លុយ​កាក់​ពី​អ្នក​ស្លូត​ត្រង់​ដោយ​គ្មាន​ក្តី​អនុគ្រោះ​ ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​មក​ពី​ជនបទ​ដាច់​ស្រយាល​ហើយ​ពុំ​បាន​ស្វែង​យល់​ពី​ច្បាប់​ចរាចរណ៍​ថ្មី​ អំពី​ការ​ផាក​ពិន័យ​ឲ្យ​បាន​ច្បាស់លាស់។​

 

លោក​ ​ឆែម​ ​ពេ​ ​បាន​បន្ត​ថា​ ​«ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ខិតខំ​រកស៊ី​រត់​ម៉ូតូ​ឌុប​រក​ប្រាក់​ចំណូល​ក្នុង​មួយ​ថ្ងៃ​បាន​ត្រឹម​តែ​៥០០០​រៀល​ទៅ​១០០០០​រៀល​ ​ពេល​ខ្លះ​ត្រូវ​ប៉ូលិស​ផាក​ពិន័យ​អស់​រលីង​គ្មាន​ប្រាក់​ទិញ​ម្ហូប​អាហារ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ ​បាត់បង់​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​ធ្វើ​ឲ្យ​ជីវភាព​កាន់​តែ​លំបាក​ថែម​មួយ​កម្រិត​ទៀត​»។​ ​ចំណែក​ប៉ូលិស​ចរាចរ​វិញ​​ ​មួយ​ថ្ងៃៗ​បាន​ប្រើ​គ្រប់​វិធី​សាស្ត្រ​ ​និង​មធ្យោបាយ​ដើម្បី​ពួន​ស្ទាក់​ចាប់​ម៉ូតូ​ពួក​គាត់​ ​ជម្រិត​យក​ប្រាក់​ដាក់​ហោប៉ៅ​របស់​ខ្លួន​លើស​ពី​តម្លៃ​ដែល​ច្បាប់​បាន​កំណត់​ថែម​ទៀត»។​

 

លោក​បាន​មាន​ប្រសាសន៍​ថា​ ​«ដើម្បី​លុប​បំបាត់​អំពើ​ពុករលួយ​ ​និងកុំ​ឲ្យ​​ប៉ូលិស​ចរាចរ​ផាក​ពិន័យ​លើស​ពី​ច្បាប់​កំណត់​សូម​ឲ្យ​អ្នក​បើក​បរ​ម៉ូតូ​ ​យានយន្ត​ទាំង​អស់​ពាក់​មួក​សុវត្ថិភាព​ឲ្យ​បាន​គ្រប់​ៗ គ្នាព្រម​ទាំង​ដាក់​កញ្ចក់​ ​ឬ​ផ្លាក​លេខ​ម៉ូតូ​​។​ ​លើស​ពីនេះ​សុំ​ឲ្យ​មន្ត្រី​ប៉ូលិស​ចរាចរ​ធ្វើ​ការ​ផាក​ពិន័យ​ជន​ប្រព្រឹត្ត​ទៅ​តាម​ច្បាប់​កំណត់​ដើម្បី​ចូលរួម​លើក​កម្ពស់​ ​ការ​គោរព​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ ​និង​រក្សា​បាន​នូវ​ភាព​ថ្លៃ​ថ្នូរ»។​

 

ខ្ញុំ​សូម​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​​កម្ពុជា​មេត្តា​ជួយ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​​ដល់​មន្ត្រី​ប៉ូលិស​ចរាចរ​នៅ​មូលដ្ឋាន​និង​តាមដាន​ត្រួត​ពិនិត្យ​ចំពោះ​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ ​កុំ​ឲ្យ​មាន​មន្ត្រី​ខិលខូច​មួយ​ចំនួន​ឆ្លៀត​ឱកាស​យក​ច្បាប់​ទៅ​រក​ស៊ី​ ​ប្រព្រឹត្ត​អំពើ​ពុករកលួយ​ ​កេង​ប្រវ័ញ្ច​លុយ​កាក់​ពី​ប្រជាពលរដ្ឋ​ ​ធ្វើ​ជា​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​បង្ក​ឲ្យ​មាន​ការ​រាំង​ស្ទះ​ដល់​ដំណើរការ​អភិវឌ្ឍន៍​ ​និង​ប៉ះពាល់​ដល់​កិត្តិយស​​ប្រទេស​ជាតិ៕​

 
មន្ត្រី​នគរ​បាល​មួយ​ចំនួន​ត្រូវ​បាត់​បង់​ប្រាក់​ខែ​ដោយ​សារ​មេ​កាត់​យក​ PDF Print E-mail
Wednesday, 09 September 2009 , សរសេរដោយ​ « OFC Editor »   

មន្ត្រី​នគរបាល​មួយ​ចំនួន​ដែល​កំពុង​បម្រើ​ការងារ​នៅ​តាម​អង្គភាព​នានា​ក្នុង​ខេត្ត​ក្រុង​មួយ​ចំនួន​ត្រូវ​​គេ​កាត់​យក​ប្រាក់​ខែ​ម្នាក់ៗ​ ចំនួន​២៨០០០ ទៅ ៣០០០០​រៀល​ជា​រៀងរាល់​​ខែ​ដោយ​គ្មាន​មូលហេតុ​ជាក់លាក់​ហើយ មាន​មន្ត្រី​នគរបាល​ខ្លះ​ត្រូវ​មេ​កាត់​ប្រាក់​ខែ​យក​ដាច់​មួយ​ខែ​ដោយសារ​តែ​អវត្តមាន​មិន​មក​ធ្វើ​ការងារ​ជា​ប្រចាំ​ថ្ងៃ​នៅ​តាម​ប៉ុស្តិ៍​រដ្ឋបាល​ដែល​​មេ​បាន​ចាត់​តាំង​ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នោះ។​ ​នេះ​ជា​ការ​លើក​ឡើង​របស់​មន្ត្រី​នគរបាល​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​  ហើយ​បាន​ទទួល​រងគ្រោះ​ដោយសារ​លោក​អធិការ​​នគរបាល​​ស្រុក​​កាត់​យក​ប្រាក់​ខែ​របស់​ខ្លួន​ចំនួន ​២៤០.០០០​រៀល​យក​ដាច់​មួយ​ខែ​តែ​ម្តង​ដើម្បី​ទុក​ជា​ការ​ព្រមាន​កុំ​ឲ្យ​លោក​អវត្តមាន​​ញឹកញាប់​ពេក។​​​

មន្ត្រី​ដដែល​បាន​បន្ត​ថា​៖​”​ ខ្ញុំ​ធ្វើ​ជា​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ជាង​២០​ឆ្នាំ​ហើយ​ ​មិន​ដែល​បាន​ឡើង​ស័ក្តិ​នឹង​គេ​ទេ​ ​ដោយសារ​ប្រាក់​ខែ​តិចពេក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​មិន​គ្រប់គ្រាន់​ ​​​គ្មាន​លុយ​ដើម្បី​ផ្គាប់ផ្គុន​មេ​ ​ដើម្បី​ឡើង​ដំណែង​ ​និង​ស័ក្តិ ”​ ។​

លោក​បាន​និយាយ​ថា​៖​”​ ដើម្បី​ឡើង​ដំណែង​ជា​នាយប៉ុស្តិ៍​រដ្ឋបាល​​ ​ឬ​អនុប្រធាន​ប៉ុស្តិ៍​ត្រូវ​យក​ចំនួន​៥០០-​៦០០​ដុល្លារ​ដើម្បី​សូក​មេ​ ​ហើយ​ពេល​មក​ធ្វើ​ការ​នៅ​មូលដ្ឋាន​ត្រូវ​ខំ​រក​លុយ​បន្ថែម​ទៀត​ ​បើ​រក​លុយ​មិនបាន​ត្រូវ​គេ​ដក​ចេញ​ ​មិន​ដឹង​មេ​ប្តូរ​ចេញ​ ​ឬ​ផ្លាស់​ប្តូរ​អោយ​​ទៅ​កាន់​ប៉ុស្តិ៍​ផ្សេង​ ​ដែល​មិន​សូវ​សំបូរ​ខ្លាញ់” ។​

លោក​បាន​បញ្ជាក់​ថា​៖​​" មិនមែន​មាន​តែ​ខ្ញុំ​ម្នាក់​ទេ​ ​ដែល​ត្រូវ​លោក​អធិការ​កាត់​ប្រាក់​ខែ​យក​ផ្តាច់​នោះ​ ​គឺ​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​ទៀត​ ​និង​កង​កម្លាំង​នគរបាល​ទាំង​អស់​សុទ្ធ​តែ​ត្រូវ​គេ​កាត់​ប្រាក់ខែ​ម្នាក់ៗ​ ចំនួន​ ២៨.០០០​រៀល​ទៅ​ ៣០.០០០​រៀល​ ​ជា​រៀង​រាល់​ខែ​ដោយ​យក​លេស​ផ្សេងៗ​ ដូចជា​ ​ឧបត្ថម្ភ​កងទ័ព​ដែល​ការពារ​នៅ​ខេត្ត​ព្រះវិហារ​ ​ឧបត្ថម្ភ​ខ្មោច​ងាប់​ ​រត់​ឯកសារ​ ​និង​កាត់​ជួន​មេ​ជា​ដើម​ ” ។​

លោក​បាន​ឲ្យ​ដឹង​ថា​​៖​” មាន​មន្ត្រី​នគរបាល​ចំនួន​១០​នាក់​នៅ​ក្នុង​អង្គភាព​ដែល​មាន​តែ​ឈ្មោះ​បើក​ប្រាក់​បៀវត្ស​មេ​ស៊ីដាច់​រាល់​ខែ​ ​ហើយ​គ្មាន​នរណា​ហ៊ាន​និយាយ​ ​ប្តឹង​ ​ឬ​តវ៉ា​ឡើយ​ ដោយ​ខ្លាច​គេ​មាន​ខ្សែ​អ្នក​ធំ​ ​មាន​ខ្នង​ក្រាស់ៗ​ ​មាន​អំណាច​ធំជាង​ ​និង​ខ្លាច​មេ​ដក​ហូត​សក្តិ​ ​ផ្លាស់​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​កន្លែង​ប៉ុស្តិ៍​ឆ្ងាយ​ពី​ផ្ទះ​ ”។​

លោក​មាន​​ប្រសាសន៍​ថា៖​”​ វា​អយុត្តិធម៌​សម្រាប់​ខ្ញុំ​ ​និង​មិត្ត​ភក្តិ​កង​កម្លាំង​នគរបាល​ជា​មួយ​គ្នា​ដែល​ខំ​ធ្វើ​ការ​​មួយ​ខែៗ ​មិន​បាន​ទទួល​ប្រាក់​ខែ​ ​ប្រពន្ធ​នៅ​ផ្ទះ​គ្មាន​លុយ​ទិញ​ម្ហូប​អាហារ​ប្រចាំ​ថ្ងៃ​ កូន​គ្មាន​លុយ​ទៅ​រៀន​ ​គ្មាន​ពេល​វេលា​គ្រប់គ្រាន់​នៅ​ជួយ​ធ្វើ​ការងារ​ផ្ទះ​ ​ដល់​ខែ​ប្រពន្ធ​សួរក​លុយ​ ​គ្មាន​លុយ​ឲ្យ​ប្រពន្ធ​ ជួន​កាល​មាន​ទំនាស់​ពាក្យ​សម្តី​គ្នា​ឡើង​តែ​មិន​ដឹង​ធ្វើ​ដូចម្តេច?​ ​ម្នាក់ៗ​សុខចិត្ត​ទ្រាំ​លាក់​ទុក​ក្នុង​ចិត្ត​មិន​និយាយ​ ”​។​

ខ្ញុំ​សូម​សំណូមពរ​ដល់​លោក​ធំៗ ​ដែល​មួយ​ថ្ងៃៗ ​រក​លុយ​បាន​រាប់​លាន​រៀល​មេត្តា​អនុគ្រោះ​ដល់​អ្នក​តូចតាច​ ​កុំ​កាត់​ប្រាក់​ខែ​គ្នា​រាល់​តែ​ខែ​ ​ទុក​ឲ្យ​ប្រពន្ធ​កូន​នៅ​ផ្ទះ​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​ខ្លះ​ផង​ ​ហើយ​ក្រសួង​​គួរ​ចេញ​គោលការណ៍​ឲ្យ​បាន​ច្បាស់លាស់​មុន​នឹង​កាត់​ថា​យក​ទៅ​​អ្វី​ខ្លះ?​ មាន​លិខិត​ណែនាំ​ឲ្យ​បាន​ត្រឹមត្រូវ។​ ​បើ​មិន​ទប់ស្កាត់​ទេ​ ​ទៅ​ថ្ងៃ​ខាង​មុខ​មន្ត្រី​នគរបាល​គ្មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើ​ការងារ​ ​បម្រើ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ទៀត​ទេ​ ​ហើយ​អ្នក​ដែល​កាន់​បញ្ជី​បើក​ ​អង្គុយ​រិះរក​វិធី​ដើម្បី​កាត់​លុយ​រាល់​ខែ​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ ​ឬ​បក្ខ​ពួក​របស់​ខ្លួន៕​

 
<< ទំព័រ​ដំបូង​ < ទំព័រ​មុន 1 2 ទំព័រ​បន្ទាប់ > ទំព័រ​ចុង​ក្រោយ​ >>

លទ្ធផល​ 1 - 9 នៃ 15

ព័ត៌មានថ្ងៃនេះ

Download Khmer Unicode

អ្នកអានថ្ងៃនេះ​ : 0
សរុប​អ្នកអាន : 0
អានទំព័រ : 2029212
ទិន្នន័យចាប់ពីថ្ងៃ​ :
Totals Top 5
0 អ្នកទស្សនាមកពី​ : 183 ប្រទេស