ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

ចលនា​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ PDF Print E-mail
Wednesday, 24 June 2009 , សរសេរដោយ​ « មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម »   

អំពើ​ពុករលួយ​ ​ជា​បាតុភូត​មួយ​ ​ដែល​កើត​មាន​នៅគ្រប់​ទិសទី​​នៅ​លើ​លោក​​យើង​នេះ​ ​មិន​ថា​ ​ប្រទេស​អ្នក​មាន​ ​ឬ​ប្រទេស​អ្នក​ក្រ​​ទេ។​ ​ដើម្បី​ព្យាបាល​អំពើ​ពុករលួយ​នេះ​ទាមទារ​ឱ្យ​យើង​ទាំង​អស់​គ្នា​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ។​ ​ជា​ពិសេស​​​ប្រជា​ពលរដ្ឋ​​ម្នាក់ៗ​ត្រូវ​ខិតខំ​យ៉ាង​​​ស្វិត​ស្វាញ​ធ្វើ​យ៉ាង​ណា​​ ​​ដើម្បី​បំផុស​បំផុល​ ​និង​ជំរុញ​ឱ្យ​ចលនា​ប្រយុទ្ធ​ប្រឆាំង​​នឹង​អំពើ​ពុករលួយ​នេះ​មាន​សកម្មភាព​​​ជា​ចលករ​ដ៏​ខ្លាំងក្លា​មួយ​​ក្នុង​ការ​សម្អាត​​សង្គម​យើង​ឱ្យ​ស្អាត​ស្អំ​ ​មាន​តម្លាភាព​ ​និង​​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មនុស្ស​ជាតិ​ដូច​គ្នា។​ ​ប្រយុទ្ធ​ប្រឆាំង​​នឹង​អំពើ​ពុករលួយ​ ​​​គឺ​មាន​ន័យ​ថា​ ​លោក-​អ្នក​​ ​កំពុង​ជួយ​ប្រជា​ពលរដ្ឋ​ ​លោក-​អ្នក​ ​ឱ្យ​រស់​នៅ​ក្នុង​ពិភពលោក​​មួយ​ដែល​មាន​សមភាព​ ​និង​យុត្តិធម៌​ ​ហើយ​ប្រជាជន​ត្រូវ​តែ​បាន​ទទួល​រង្វាន់​សរសើរ​ទៅ​លើ​គុណ​​សម្បត្តិ​ ​និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ ​ជា​ជាង​ឱ្យ​រង្វាន់​ទៅ​នរណា​​ដោយ​សារ​តែ​គេ​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត។​

នា​ខែ​វិច្ឆិកា​ ​២០០៥​ ​អង្គការ​តម្លាភាព​អន្តរជាតិ​ (Transparency International-TI) ​ដែល​មាន​ទីស្នាក់ការ​ធំ​នៅ​ទីក្រុង​ ​ប៊ែឡាំង​ ​​ប្រទេស​អាល្លឺម៉ង់​​ ​​​បាន​រៀបចំ​ធ្វើ​សន្និសីទ​អន្តរជាតិ​ ​​និង​ការ​ប្រជុំ​ប្រចាំ​ឆ្នាំ​ ​នៃ​សមាជិក​ទាំង​អស់​​​​នៃ​​អង្គការ​តម្លាភាព​​អន្តរជាតិ។​​ ​​សមាជិក​ ​ដែល​បាន​ចូលរួម​មាន​ចំនួន​​២៧៧​នាក់​ ​អញ្ជើញ​មក​ពី​​៩០​ប្រទេស។​ ​​កិច្ច​ប្រជុំ​នេះ​បាន​លើក​យក​បញ្ហា​​ជា​ច្រើន​មក​ជជែក​ដេញ​ដោល​ ​ដើម្បី​រក​ដំណោះ​ស្រាយ​ឱ្យ​ប្រទេស​នីមួយៗ​កាត់​​បន្ថយ​នូវ​អំពើ​ពុករលួយ​​តាម​គ្រប់​រូបភាព។​

នា​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០០៥​ ​នេះ​ដែរ​ ​ប្រទេស​វៀតណាម​ ​ក៏​បាន​អនុម័ត​ច្បាប់​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ ​ដែល​​តម្រូវ​ឱ្យ​ក្រុម​មន្រ្តី​​ ​​​និង​សាច់​ញាតិ​របស់​គេ​ត្រូវ​ប្រកាស​ទ្រព្យ​សម្បត្តិ​ជា​រៀង​រាល់​ឆ្នាំ។​ ​ប្រទេស​វៀតណាម​ ​បាន​ធ្វើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​​ ​ដែល​ជា​អាទិភាព​មួយ​ក្នុង​ចំណោម​អាទិភាព​សាធារណៈ​កំពូលៗ។​

ចំណែក​ឯ​ប្រទេស​ចិន​វិញ​ ​ក៏​មាន​ការ​កាត់​ទោស​រហូត​ដល់​ប្រហារ​ជីវិត​ចំពោះ​ជន​ណា​ ​​ដែល​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​​ ​ដើម្បី​បង្ហាញ​ឱ្យ​សាធារណ​ជន​បាន​ដឹង​ផង​​ដែរ។​​ ​នេះ​គឺ​ជា​ឆន្ទៈ​នៃ​មេ​ដឹកនាំ​ ​ដែល​ត្រូវ​តែ​ក្លាហាន​ដោះស្រាយ​បញ្ហា​ពុករលួយ​ចំពោះ​មុខ​ ​​ចំពោះ​ជន​ណា​ ​ដែល​បាន​ប្រព្រឹត្ត​ខុស​ ​ហើយ​យក​មក​កាត់​ទោស​តាម​ច្បាប់​ ​ដើម្បី​ជា​គំរូ​ដល់​អ្នក​ផ្សេងៗ​ទៀត​កុំ​ឱ្យ​យក​តម្រាប់​តាម។​

​នា​ខែ​វិច្ឆិកា​ ​​២០០៥​ ​ដដែល​នេះ​ ​លោក​ ​រ៉េឌីឌុក​ ​ឃុនីង​ហាម​ ​(Rady Duke Cunningham) ​ដែល​ជា​សមាជិក​សភា​សហរដ្ឋ​អាមេរិក​ចំនួន​ប្រាំបី​អាណត្តិ​មក​ហើយ​នោះ​ ​បាន​លាលែង​ពី​តំណែង​​ ​បន្ទាប់​ពី​ទទួល​សារភាព​ថា​ ​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ ​ដោយ​ទទួល​យក​សំណូក​ចំនួន​ពីរ​លាន​បួន​សែន​ ​(២.៤០០.​០០០)​ ​ដុល្លារ​អាមេរិក។​​ លោក​បាន​រៀបរាប់​​ទាំង​ទឹក​ភ្នែក​យ៉ាង​សោក​ស្តាយ​ចេញ​ពី​សម្បជញ្ញៈ​លោក​ថា​ ​លោក​បាន​ធ្វើ​ឱ្យ​បាត់បង់​នូវ​កិត្តិយស​ផ្ទាល់​ខ្លួន​ ​កិត្តិយស​គ្រួសារ​​ ​បន្សល់​ទុក​នូវ​ភាព​អាស្រូវ​ ​និង​អាមាស​ដល់​កូន​ចៅ​​ ​ហើយ​លោក​បាន​សុខ​ចិត្ត​ឱ្យ​​រដ្ឋាភិបាល​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​​ ​​ដែល​លោក​មាន​ទាំង​ប៉ុន្មាន​ទៀត​ផង។​

កម្ពុជា​ ​ដែល​ជា​ប្រទេស​មួយ​ ​ដែល​មាន​អំពើ​ពុករលួយ​ចាក់​រឹស​គល់​យ៉ាង​មាំ​នេះ​ ​​រាជ​រដ្ឋាភិបាល​បាន​លើក​ជា​យុទ្ធសាស្រ្ត​ចតុកោណ​សម្រាប់​អាណត្តិ​ទី​៣​នេះ​ ​ក្នុង​នោះ​មាន​​ការ​ប្រយុទ្ធ​ប្រឆាំង​​នឹង​អំពើ​ពុករលួយ​មួយ​ជា​អាទិភាព​​ចម្បង។​ ​ដើម្បី​អនុវត្ត​យុទ្ធសាស្រ្ត​ចតុកោណ​ឱ្យ​បាន​ជោគជ័យ​ ​និង​មាន​ប្រសិទ្ធភាពៈ​

រដ្ឋាភិបាល​ត្រូវ​ចេញ​ច្បាប់​ប្រឆាំង​នឹង​​អំពើ​ពុករលួយ​ឱ្យ​បាន​ឆាប់​ ​​និង​ត្រូវ​មាន​ថវិកា​គ្រប់គ្រាន់​​ ​ដើម្បី​បង្កើត​នូវ​ស្ថាប័ន​​ ​​និង​យន្តការ​ផ្សេងៗ​ដែល​ចាំបាច់​ក្នុង​ការ​អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព​

    • រដ្ឋាភិបាល​ត្រូវ​ចេញ​ច្បាប់​ប្រឆាំង​នឹង​​អំពើ​ពុករលួយ​ឱ្យ​បាន​ឆាប់​ ​​និង​ត្រូវ​មាន​ថវិកា​គ្រប់គ្រាន់​​ ​ដើម្បី​បង្កើត​នូវ​ស្ថាប័ន​​ ​​និង​យន្តការ​ផ្សេងៗ​ដែល​ចាំបាច់​ក្នុង​ការ​អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព​
    • នៅ​ពេល​អន្តរកាល​ ​ដែល​ច្បាប់​ប្រឆាំង​នឹង​អំពើ​ពុករលួយ​​នេះ​មិន​ទាន់​ចេញ​ ​រដ្ឋាភិបាល​ក៏​ត្រូវ​ខិត​ខំ​ជំរុញ​ការ​កែ​ប្រែ​ប្រព័ន្ធ​តុលាការ​ឱ្យ​ក្លាយ​ជា​ស្ថាប័ន​ឯករាជ្យ​ ​​និង​មាន​សមត្ថភាព​ ​ក្នុង​ការ​កាត់​បន្ថយ​អំពើ​ពុករលួយ​គ្រប់​ប្រភេទ​ ​​ដើម្បី​ជា​ទី​ទុក​ចិត្ត​នៃ​​ប្រជា​ពលរដ្ឋ​ទាំង​អស់​
    • រដ្ឋាភិបាល​នឹង​ត្រូវ​ពង្រឹង​ប្រព័ន្ធ​តុលាការ​ ​កែ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ ​កែ​ប្រែ​ផ្នែក​រដ្ឋបាល​សាធារណៈ​​ឱ្យ​​​​បាន​រឹងមាំ​ ​ដើម្បី​ឱ្យ​ស្ថាប័ន​ទាំង​នោះ​ក្លាយ​ទៅ​ជា​ស្ថាប័ន​ប្រកប​ដោយ​តម្លាភាព​ ​និង​ការ​ទទួល​ខុស​ត្រូវ​​ខ្ពស់​​ ​ក្នុង​ការ​ផ្តល់​សេវា​ជូន​ប្រជា​ពលរដ្ឋ​
    • ​នៅ​រាល់​ការ​ដេញ​ថ្លៃ​សាង​សង់​ ​និង/​ឬ​​​ ​សេវា​ផ្សេងៗ​ដោយ​ក្រសួង/​ស្ថាប័ន​ ​ត្រូវ​រៀបចំ​ដេញ​ថ្លៃ​ដោយ​ចំហ​ ​និង​ជា​សាធារណៈ​ឱ្យ​មន្រ្តី​រាជការ​ទាំង​ពួង​​គ្នា​ដឹង​ឮ។​ ​ការ​ធ្វើ​ឱ្យ​មាន​តម្លាភាព​​ដូច្នេះ​​ ​អាច​កាត់​បន្ថយ​​នូវ​រាល់​ទង្វើ​អសកម្ម​ពុករលួយ​ផ្សេងៗ​បាន​យ៉ាង​ច្រើន​​ជា​អតិបរមា​
    • ​​អ្នក​ដឹកនាំ​គ្រប់​ជាន់​​ថ្នាក់​ ​ត្រូវ​ខិត​ខំ​កសាង​សុចរិត​​ភាព​​នៅ​ក្នុង​ស្ថាប័ន​រៀងៗ​ខ្លួន។​ ​លើក​​ទឹក​ចិត្ត​ឱ្យ​មាន​ការ​ប្រជុំ​ពិភាក្សា​ជាប់​ជា​ប្រចាំ​នូវ​រាល់​ចំណុច​ខ្សោយ​នៃ​​ស្ថាប័ន​ ​​និង​រក​មធ្យោបាយ​ពង្រឹង​អភិបាល​កិច្ច​ល្អ​
    • នៅ​ពេល​មាន​ពាក្យ​បណ្តឹង​ពី​អំពើ​ពុករលួយ​នៅ​ក្នុង​ស្ថាប័ន​ ​ក្រសួង​ ​មន្ទីរ​ ​អ្នក​ដឹកនាំ​នៅ​​កន្លែង​នោះ​​ត្រូវ​ខ្មី​ឃ្មាត​ដោះស្រាយ​បញ្ហា​អសកម្ម​ទាំង​នោះ​
    • ​អ្នក​ដឹកនាំ​គ្រប់​ជាន់​​ថ្នាក់​​ ​​ត្រូវ​លើក​ទឹក​ចិត្ត​ដល់​បុគ្គលិក​​ណា​ ​ដែល​លើក​យក​​បញ្ហា​ពុករលួយ​មក​លាត​ត្រដាង​ ​និង​ត្រូវ​ចៀសវាង​កុំ​បំភិត​បំភ័យ​​ ​គំរាម​កំហែង​មន្រ្តី​រាជការ​​នៅ​ក្រោម​ឱវាទ​ឡើយ​ ​ពី​ព្រោះ​ថា​ ​យើង​មិន​អាច​ដោះស្រាយ​​បញ្ហា​ពុករលួយ​នៅ​​ក្នុង​ស្ថាប័ន​បាន​ទេ​ ​​បើ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ភ័យ​ខ្លាច​​ដល់​សុវត្ថិភាព​ផ្ទាល់​ខ្លួន​យ៉ាង​នេះ​
    • ស្ថាប័ន​គ្រប់​លំដាប់​ថ្នាក់​ ​ត្រូវ​ចៀស​វាង​ឱ្យ​ខាង​​​តែ​បាន​​នូវ​ការ​និយម​បក្ស​ពួក​ ​ញាតិ​មិត្ត​ ​ក្រុម​​គ្រួសារ​​ ​ដើម្បី​ចៀសវាង​ទំនាស់​ផល​ប្រយោជន៍។​ ​ទំនាស់​ផល​ប្រយោជន៍​នេះ​ហើយ​ ​ដែល​ជា​ដើម​ចម​នៃ​ការ​​ខ្វះ​តម្លាភាព​ ​និង​អំពើ​ពុករលួយ​ ​និង​
    • ប្រជា​ពលរដ្ឋ​ទាំង​អស់​ត្រូវ​ក្លាហាន​​ ​និង​ចូលរួម​​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ ​ព្រោះ​បើ​មាន​ការ​ចូលរួម​ពី​ស្រទាប់​ប្រជា​ពលរដ្ឋ​ ​នោះ​អំពើ​ពុករលួយ​នឹង​កាត់​​បន្ថយ​​​បាន​ជា​​​មិន​ខាន។​ ​​​ការ​ភ្ញាក់​រលឹក​របស់​ប្រជា​ពលរដ្ឋ​មាន​សារៈ​សំខាន់​ណាស់​ ​ក្នុង​ស្ថានភាព​នៃ​ប្រទេស​យើង​បច្ចុប្បន្ន​នេះ៕​


​ដក​ស្រង់​ចេញ​ពីៈ​

-ព្រឹត្តិបត្រ​​ស្រាវជ្រាវ​​ ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម​ ​​ឆ្នាំ​ទី​១២​ ​លេខ​១២៦​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០០៥។​

 
< Prev   Next >

Download Khmer Unicode

អ្នកអានថ្ងៃនេះ​ : 0
សរុប​អ្នកអាន : 0
អានទំព័រ : 4669711
ទិន្នន័យចាប់ពីថ្ងៃ​ : 2013-04-30
Totals Top 5
0 អ្នកទស្សនាមកពី​ : 304 ប្រទេស