ទិវាអន្តរជាតិប្រឆាំងនឹងអំពើពុករលួយ៩ធ្នូ ២០០៨ |
![]() |
![]() |
![]() |
Monday, 24 August 2009 , | |
ទិវាអន្តរជាតិប្រឆាំងអំពើពុករលួយ ថ្ងៃទី០៩ ធ្នូ ឆ្នាំ២០០៨ នៅឆ្នាំនេះមានអង្គការសង្គមស៊ីវិលជាច្រើនបានប្រារព្ធទិវានេះស្របពេលតែមួយនៅចំនួន៦ខេត្ត-ក្រុងធំៗរួមមាន៖ ខេត្តបាត់ដំបង សៀមរាប ស្វាយរៀង ក្រចេះ ក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ។ ដោយឡែកមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម (ម.អ.ស) រួមសហការជាមួយអង្គការផេកកម្ពុជា (Pact-Cambodia) និងអង្គការខ្មែរជិវិតថ្មី (INLC) សមាគមទ្រទ្រង់សុខមាលភាពគ្រួសារជនបទ (KWFA) សមាគមក្តីសង្ឃឹមដើម្បីអភិវឌ្ឍន៍ (HAD) បានរៀបចំប្រារព្ធទិវាអន្តរជាតិប្រឆាំងអំពើពុករលួយ នៅទីលានបាល់ទាត់ ទីរួមខេត្តបាត់ដំបង ក្រោមការឧបត្ថម្ភថវិកាដោយជំនួយពលរដ្ឋអាមេរិក (USAID) តាមរយៈអង្គការផេកកម្ពុជា និងអុកស្វាម អង់គ្លេស (Oxfam GB) និងតាមរយៈមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម។ សមាជិកសមាជិកាដែលបានអញ្ជើញចូលរួមមានជាង៣០០នាក់រួមមាន៖ មន្ត្រីរាជការ ក្រុមប្រឹក្សាឃុំ អាជីវករ គ្រូបង្រៀន សិស្ស និសិ្សត អ្នកសារព័ត៌មាន អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង។ ការប្រារព្ធទិវា ខាងលើ គឺសមស្រប នឹងការខិតខំប្រឹងប្រែងរបស់ប្រទេសនានាលើសកលលោកក៏ដូចជាប្រទេស កម្ពុជាយើង ក្នុងការប្រឆាំងអំពើពុករលួយ និងក្នុងគោលបំណងដើម្បីឲ្យប្រជាពលរដ្ឋ ដឹងថាអំពើពុករលួយបាននឹងកំពុងជះឥទ្ធិពលអាក្រក់មកលើសង្គមជាតិ ព្រមទាំងសំណូមពរដល់រាជរដ្ឋាភិបាលឲ្យអនុម័តច្បាប់ប្រឆាំងអំពើ ពុករលួយឲ្យបានឆាប់រហ័ស។ នៅពេលព្រឹកនោះមានការថ្លែងរបស់វាគ្មិនតំណាងអង្គការសង្គមស៊ីវិល ចំណាប់អារម្មណ៍របស់តំណាងប្រជាពលរដ្ឋ តំណាងយុវជន ព្រមទាំងមានសំណួរចម្លើយរបស់អ្នកចូលរួម ទាក់ទងនឹងអំពើពុករលួយ ហើយក៏មានការបង្ហោះប៉េងប៉ោង ដោយភ្ជាប់នូវពាក្យស្លោកប្រឆាំងនឹងអំពើពុករលួយទៀតផង។ ដោយឡែកនៅពេលរសៀល មានការប្រគុំតន្ត្រីចំរៀងសម័យយុវវ័យ ការសម្តែងរឿងខ្លីៗ ការបង្ហាញតាមរយៈការដើរបង្ហាញម៉ូត ព្រមទាំងសំណួរចម្លើយក្នុងគោលបំណងអប់រំពីបញ្ហាអំពើពុករលួយ។ ជាកិច្ចចាប់ផ្តើមលោក ប៉ែន សូនី ប្រធានអង្គការខ្មែរជិវិតថ្មី ខេត្តបាត់ដំបង បានថ្លែងពីប្រវត្តិនៃទិវា អន្តរជាតិប្រឆាំងនឹងអំពើពុករលួយ ដោយលើកឡើងថា មានប្រទេសជាច្រើនបានប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ។ រហូតមកទល់នឹងឆ្នាំ២០០៨នេះ មានប្រទេសចំនួន១២៥បានធ្វើសច្ចាប័នលើអនុសញ្ញានេះហើយ។ ក្នុងនោះ ប្រទេសកម្ពុជាបានចុះហត្ថលេខាផ្តល់សច្ចាប័នលើអនុសញ្ញាប្រឆាំងអំពើ ពុករលួយនេះនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០០៧ ផងដែរ។ ក្រុមអង្គការសង្គមស៊ីវិលយល់ឃើញថា អំពើពុករលួយមិនមានរចនាសម្ព័ន្ធចាត់តាំងជាអង្គភាព ឬជាស្ថាប័នណាមួយទេ។ ដូចនេះអង្គការសង្គមស៊ីវិលក៏មិនបានបន្ទោស ឬចោទប្រកាន់ទៅលើអង្គភាព ឬស្ថាប័នណាមួយថា បានប្រព្រឹត្ត អំពើពុករលួយនោះដែរ តែយើងសូមស្នើ និងលើកទឹកចិត្តឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋទូទៅ ដើម្បីធ្វើការប្រឆាំងទៅលើបុគ្គល ឬក្រុមដែលប្រព្រឹត្តអំពើពុករលួយ។ លោកប្រធានអង្គការខ្មែរជីវិតថ្មី បានបន្តទៀតថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសរួចមកហើយពីការធ្វើ សង្គ្រាមជាមួយនឹងអំពើពុករលួយ ដោយថ្មីៗនេះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលប្រឆាំងនឹងអំពើ ពុករលួយ ក្នុងនោះមានយុទ្ធសាស្ត្រចតុកោណដោយយកអភិបាលកិច្ចល្អជាស្នូល ការធ្វើគោលនយោបាយវិមជ្ឈការក៏ដូចជាការបង្កើតឲ្យមានអង្គភាព ប្រឆាំងអំពើពុករលួយ ដែលស្ថិតនៅក្រោមទីស្តីការគណៈរដ្ឋមន្ត្រីជាដើម។ ជាក់ស្តែងនាពេលថ្មីៗកន្លងមកនេះ ក្នុងឱកាសដែលប្រមុខរដ្ឋាភិបាលកម្ពុជាបានជួបជាមួយម្ចាស់ជំនួយកាល ពីថ្ងៃទី០៤-០៥ ខែធ្នូឆ្នាំ២០០៨ រាជរដ្ឋាភិបាលបានសន្យាថា ចាំបាច់ត្រូវធ្វើកំណែទម្រង់ គឺ៩៩ភាគរយរស់ និងបើមិនកែទម្រង់នោះ៩៩ភាគរយត្រូវស្លាប់។ ត្រង់ចំណុចខាងលើនេះដែរ ក្នុងនាមអង្គការសង្គមស៊ីវិល យើងសូមធ្វើការគាំទ្រទាំងស្រុងចំពោះប្រសាសន៍ដ៏មានអត្ថន័យ និងការសន្យារបស់ប្រមុខរាជរដ្ឋាភិបាលលើការកែទម្រង់ និងការអនុម័តច្បាប់ប្រឆាំងអំពើពុករលួយដែលស្របតាមស្តង់ដារអន្តរជាតិ។ ដោយឡែកសង្គមស៊ីវិល និងប្រជាពលរដ្ឋទូទៅ ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងក្របខ័ណ្ឌរួមទប់ស្កាត់ និងកាត់បន្ថយអំពើពុករលួយដោយប្រកាន់ខ្ជាប់នូវវប្បធម៌មិនសូកប៉ាន់ និងមិនបង់លុយឲ្យបុគ្គល ឬសមត្ថកិច្ច ដោយគ្មានហេតុផលស្របច្បាប់ណាមួយ ហើយប្រជាពលរដ្ឋទូទៅត្រូវតែហ៊ាននិយាយដោយចំហចំពោះអំពើពុករលួយនេះ ផងដែរ។ លោកស្រី ឯម សុផល តំណាងប្រជាពលរដ្ឋខេត្តបាត់ដំបងមានចំណាប់អារម្មណ៍ថា បញ្ហាអំពើពុករលួយមិនមែនជារឿងថ្មីទេនៅកម្ពុជា ព្រោះប្រជាពលរដ្ឋទូទៅបានជួបប្រទះ និងឆ្លង់កាត់ពីផលវិបាកនៃអំពើពុករលួយនេះ។ អំពើពុករលួយនៅកម្ពុជា គឺមានស្ទើរតែគ្រប់កន្លែង និងអាចចាត់ទុកថា កន្លែងណាមានអំពើពុករលួយ គឺមានអំពើអយុត្តិធម៌ និងភាពក្រីក្រ។ យើងសង្កេតឃើញថា បុគ្គលបំរើការងារតាមស្ថាប័នរដ្ឋមួយចំនួនបានប្រើប្រាស់តួនាទីរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយ ដូចជាការទារប្រាក់ចុះបញ្ជី ការផាកពិន័យ និងសេវាកម្មផ្សេងៗទៀត លើសពីការកំណត់។ លោកស្រីក៏បានសម្តែងនូវក្តីព្រួយបារម្ភផងដែរថា កត្តាទាងអស់នេះហើយដែលធ្វើឲ្យប្រជាពលរដ្ឋអស់ជំនឿន ហើយចាត់ទុកថា អំពើពុករលួយ គឺជាបញ្ហាចាក់ឬស ចាក់គល់ ដែលមិនងាយ នឹងកាត់ផ្តាច់បាន។ ដូច្នេះក្នុងនាមប្រជាពលរដ្ឋ ពួកគាត់សូមសំណូមពរឲ្យរាជរដ្ឋាភិបាល ធ្វើយ៉ាងណាឲ្យច្បាប់ប្រឆាំងនឹងអំពើពុករលួយ ត្រូវបានអនុម័តឲ្យបានឆាប់ដើម្បីយកមកបំរើផលប្រយោជន៍ដល់សង្គមជាតិ។ កញ្ញា គឹម សុភ័ក្រ តំណាងយុវជនខេត្តបាត់ដំបង បានលើកឡើងពីក្តីសង្ឃឹមរបស់យុវជនមកលើរាជរដ្ឋាភិបាលដែលបានសន្យា ថា នឹងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយព្រោះយើងចង់ឲ្យសម្តីនេះក្លាយ ជាការពិត ស្រាបតាមឆន្ទៈពិតដែលយើងទាំងអស់គ្នាចង់បាន និងស្របពេលនោះដែរយើងយល់ថា យុវជនត្រូវតែចូលរួមយ៉ាងសកម្មជាមួយរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលក្នុងក្របខណ្ឌដើម្បីប្រយុទ្ធប្រឆាំងនឹង អំពើពុករលួយផងដែរ។ ក្នុងនាមយុវជនខេត្តបាត់ដំបងក៏ដូចជាយុវជននៅទូទាំងប្រទេស សូមឲ្យរាជរដ្ឋាភិបាលបន្តនូវការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដើម្បីបានជាប្រយោជន៍ដល់សង្គម និងយុវជន។ សូមឲ្យច្បាប់ប្រឆាំងអំពើពុករលួយបានអនុម័តឆាប់បានអនុម័តឆាប់ សំដៅកាត់បន្ថយឲ្យបាននូវអំពើពុករលួយយ៉ាងពិតប្រាកដនៅកម្ពុជា។ ថ្លែងក្នុងចំណាប់អារម្មណ៍របស់តំណាងអង្គការ សង្គមស៊ីវិលលោក អ៊ឹម សុភា ជានាយករងនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមបានធ្វើការទាញអារម្មណ៍អ្នក ចូលរួមយល់ពីស្ថានភាពទូទៅទាក់ទងនឹងអំពើពុករលួយថា ដោយសារតែច្បាប់ប្រឆាំងអំពើពុករលួយនៅមិនទាន់បានអនុម័តនៅឡើយ និងទោះជាយើងបានដឹងថា មានអំពើពុករលួយកើតឡើង ដូចជាតាមរយៈបណ្តឹង ការផ្តល់ព័ត៌មាន និងការស៊ើបអង្កេត មានគោលដៅច្បាស់លាស់ពិតប្រាកដក៏ដោយ ក៏ពេលនោះគេមិនអាចដាក់បន្ទុក ឬចោទប្រកាន់ជនល្មើសនោះបានឡើយ។ ដោយហេតុនេះហើយទើបអង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធទាំងឡាយចង់ឲ្យច្បាប់ប្រឆាំងអំពើពុករលួយ ឆាប់បានអនុម័តដើម្បីយកមកអនុវត្ត។ តែបើយើងមានច្បាប់ប្រើហើយនោះ គឺជាឱកាសមួយធ្វើឲ្យអ្នកដែលប្រព្រឹត្តអំពើមិនគប្បីនោះ មិនអាចប្រព្រឹត្តតទៅទៀតបានទេ ដោយសារយើងមានច្បាប់ជាសម្អាងសម្រាប់ធ្វើការវិនិច្ឆ័យទោសទណ្ឌទៅ លើអ្នកដែលប្រព្រឹត្តនោះ។ ឯផលប៉ះពាល់ដែលយើងចេះតែបារម្ភនោះ ប្រសិនបើច្បាប់ប្រឆាំងអំពើពុករលួយនៅតែអូសបន្លាយតទៅទៀត គឺវាអាចនាំឲ្យបាត់បង់ចំណូលថវិកាជាតិពីប្រភពផ្សេងៗដោយចៀសមិន ផុត។ សម្រាប់ចំណុចនេះយើងមិនចោទរដ្ឋាភិបាលថា ជាអ្នកធ្វើខុសទេ គឺបុគ្គលខិលខូចមួយចំនួននោះទេ ដែលជាអ្នកឆ្លៀតឱកាសប្រព្រឹត្តអំពើពុករលួយដោយមិនបានគិត ពិការអភិវឌ្ឍន៍ប្រទេសជាតិឡើយ។ ដូច្នេះការដែលយើងមានច្បាប់អនុវត្តប្រកបដោយប្រសិទ្ធភាពពិតប្រាកដ មែននោះ គឺជាការរួមចំណែកជួយយើងមួយផ្នែកក្នុងការពង្រឹងស្ថានភាពសេដ្ឋកិច្ច ឲ្យមានការរីកចម្រើនលូតលាស់បន្ថែមទៀតផងដែរ។ ចំណុចមួយទៀតដែលអង្គការសង្គមស៊ីវិល និងមជ្ឈដ្ឋានមួយចំនួនមានការព្រួយបារម្ភនោះ គឺបញ្ហាទាក់ទងនឹងច្បាប់ ដែលកន្លងមករាជរដ្ឋាភិបាលតែងតែមានប្រសាសន៍ថា ចង់ឲ្យច្បាប់នេះស្របតាមនិយាមអន្តរជាតិ ដូចបណ្តាប្រទេសនានា ដែលបានអនុវត្តរួចមកហើយ។ តែមួយទៀតសោត គឺយើងចង់ឃើញការបង្កើតគណៈកម្មការមួយឯករាជ្យដែលមិនចំណុះឲ្យគណបក្សនយោបាយណាមួយឡើយ ឬក៏គណៈ កម្មការនោះពុំទទួលនូវការគាបសង្កត់ខាងផ្នែក នយោបាយ ហើយគណៈកម្មការនោះត្រូវមានថវិកាខ្លួនឯងផ្ទាល់ ដើម្បីរៀបចំស្ថាប័ននេះដោយមិនពឹងផ្អែកសា្ថប័នរដ្ឋ។ ដោយឡែកក្នុងនាមអង្គការ សង្គមស៊ីវិលសូមអំពាវនាវឲ្យមានការដាក់បញ្ចូលក្នុងច្បាប់ស្តីពី ការប្រកាសទ្រព្យសម្បត្តិរបស់បុគ្គលសាធារណៈក្នុងជួររដ្ឋាភិបាលនៅ ពេលដែលច្បាប់ប្រឆាំងអំពើពុករលួយត្រូវបានអនុម័ត។ ជាទូទៅយើងសន្និដ្ឋានថា កិច្ចការមិនអាចធ្វើបានត្រឹមតែស្ថាប័នឯករាជ្យមួយប៉ុណ្ណោះទេ គឺដាច់ខាតត្រូវមានការរួមសហការពីសំណាក់អាជ្ញាធរពាក់ព័ន្ធ ប្រជាពលរដ្ឋ តំណាងសង្គមស៊ីវិល និងអាចរហូតដល់ថ្នាក់អន្តរជាតិផងដែរ ដើម្បីធ្វើការរួមគ្នាព្រោះយើងមិនអាចធ្វើការងារនេះតែម្នាក់ឯង បានឡើយ។ ក្នុងឱកាសនោះអ្នកចូលរួមបានលើកជាសំនួរមួយចំនួន ស្តីពីសំនួរទាក់ទងនឹងអំពើពុករលួយ និងការស៊ីសំណូកផ្សេងៗដូចជាការផាកពិន័យរបស់ប៉ូលិសចរាចរជាដើម។ ឆ្លើយនឹងសំណួររបស់អ្នកចូលរូម វាគ្មិនបានលើកឡើងថា បណ្តឹងគឺមានការទាក់ទងនឹងច្បាប់ក្នុងករណីមានអំពើពុករលួយកើតឡើង ហើយតើត្រូវប្តឹងអ្នកណា? យើងបានដឹងហើយថា មិនទាន់មានច្បាប់ប្រឆាំងអំពើពុករលួយទេ ប៉ុន្តែយើងអាចប្តឹងបានព្រោះយើងមានច្បាប់រដ្ឋប្បវេណីនិងច្បាប់ ក្រមព្រហ្មទណ្ឌអ៊ុនតាក់ និងប្រសិនបើយើងឃើញថា ការប្រព្រឹត្តនោះមានចរិកគាបសង្កត់យកលុយ ឬតាមមធ្យោបាយណាមួយពិបុគ្គលិកផ្តល់សេវាកម្មសាធារណៈ ដូចជាគ្រូបង្រៀន បុគ្គលិកពេទុ្យ ប៉ូលិសចរាចរណ៍ ឬមន្ត្រីផ្តល់សេវាកម្មតាមស្ថាប័នដទៃទៀតពិតមែននោះ យើងអាចដាក់ពាក្យបណ្តឹង ទៅប្រធានអង្គភាពរបស់ពួកគាត់ហើយនៅពេលណាច្បាប់ប្រឆាំងអំពើ ពុករលួយបានអនុម័ត នោះយើងនឹងមានយន្តការបន្ថែមទៀតទៅដល់ភ្នាក់ងារមានសមត្ថកិច្ចដែល ទទួលពាក្យបណ្តឹងនោះ ប៉ុន្តែយើងក៏មិននៅទាន់ដឹងច្បាស់ពីការកំណត់និយមន័យនៃច្បាប់ នោះនៅឡើយដែរ។ ចំពោះការប្តឹងហើយ តើបានផលអ្វីខ្លះនោះ យើងបានដឹងច្បាស់ហើយថា ច្បាប់ប្រឆាំងអំពើពុករលួយមិនទាន់ចេញជារូបរាងទេ ហើយយើងចង់បានច្បាប់នោះមកការពារអ្នកប្តឹងផង ព្រោះគេអាចគុំគួនសងសឹក ឬអាចធ្វើអ្វីមួយចំពោះគាត់ទៅថ្ងៃក្រោយ អញ្ចឹងហើយបានជាយើងទាមទារឲ្យមានច្បាប់មួយអាចការពារសាក្សី និងឲ្យមានសុវត្ថិភាពដល់អ្នកប្តឹង។ ដោយឡែកការផាកពិន័យរបស់ប៉ូលិសចរាចរនៅតាមដងផ្លូវសាធារណៈប្រសិន បើការផាកពិន័យនោះស្របតាមការកំណត់ និងមានវិក្កយបត្រត្រឹមត្រូវ គឺមិនត្រូវបានចាត់ទុកថា ជាអំពើពុករលួយទេ តែបើការផាកពិន័យលើសការកំណត់ និងគ្មានវិក្កយបត្រនោះ គឺចាត់ថា ជាអំពើពុករលួយហើយ។ នាពេលរសៀលថ្ងៃនោះដដែល មានការប្រគុំតន្ត្រី ឈុតសម្តែងរឿងកំប្លែងខ្លីៗ ការដើបង្ហាញសារប្រឆាំងអំពើពុករលួយ សំណួរ ចម្លើយ ល្បងប្រាជ្ញា ដែលសុទ្ធសឹងរៀបចំឡើងដើម្បីបង្កើនការយល់ដឹង ការអប់រំពីបញ្ហាពុករលួយទាំងអស់ និងថែម ទាំងមានការផ្តល់ជារង្វាន់លើកទឹកចិត្តដល់អ្នកទស្សនាដែលមាន សេចក្តីក្លាហានឡើងឆ្លើយសំណួរបានត្រឹមត្រូវទៀតផង។ ដកស្រង់ចេញពីៈ |
< Prev | Next > |
---|