យុវជនឈ្វេងយល់បញ្ហាប្រេង និងឧស្ម័ន |
![]() |
![]() |
![]() |
Wednesday, 09 September 2009 , | |
គោលបំណងសំខាន់នៃការរៀបចំកម្មវិធីនេះ គឺចង់ឱ្យយុវជនយល់ដឹងពីបញ្ហាវិបត្តិសេដ្ឋកិច្ច ដែលមានឥទ្ធិពលមកលើការរុករកប្រេង និងឧស្ម័ននៅប្រទេសកម្ពុជា។ ក្នុងកម្មវិធីនេះមាននិស្សិតជាច្រើន ដែលមកពីសាកលវិទ្យាល័យផ្សេងៗគ្នាចំនួន៣៩៨នាក់ ចូលរួម និងភ្ញៀវអន្តរជាតិមួយចំនួន ក្នុងនោះស្រ្តីមានចំនួន ១២៨នាក់។ លោក ឈិត សំអាត នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum) ឡើងធ្វើសន្ទរកថា ប្រកាសបើកកម្មវិធីដំបូង ដោយលោកបានបញ្ជាក់ពីអារម្មណ៍ និងនិយាយថា ថ្ងៃនេះលោកមានសេចក្តីសប្បាយរីករាយក្រៃលែង ដែលបានចូលរួមក្នុងកម្មវិធីវេទិកាយុវជន ប្រេង និងឧស្ម័ន ស្តីពីឥទ្ធិពលវិបត្តិសេដ្ឋកិច្ចពិភពលោកមកលើការទាញយកប្រេង និងឧស្ម័ននៅប្រទេសកម្ពុជា។ ដូចដែលប្អូនៗបានដឹងហើយថា ប្រទេសកម្ពុជាយើងគឺជាប្រទេសមួយ ដែលសម្បូរទៅដោយសម្បត្តិធម្មជាតិជាច្រើនមានតម្លៃដូចជា មាស រ៉ែត្បូង ប្រេង និងឧស្ម័នជាដើម។ ប្រទេសកម្ពុជាសព្វថ្ងៃនេះ ក៏កំពុងធ្វើការរុករងប្រេង និងឧស្ម័ននេះដែរ។ នៅពេលដែលទទួលបានចំណូលពីប្រេង និងឧស្ម័ននេះ រដ្ឋាភិបាលគួរតែយកប្រាក់ចំណេញទៅប្រើប្រាស់ក្នុងការអភិវឌ្ឍជាតិ និងឈានទៅដល់ការកាត់បន្ថយភាពក្រីក្រ ម្យ៉ាងទៀតលោកសង្ឃឹមថា យុវជននឹងបានយល់ដឹងច្បាស់អំពីឥទ្ធិពល នៃវិបត្តិសេដ្ឋកិច្ចមកលើប្រទេសកម្ពុជាយើង។ ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន បានបកស្រាយលើប្រធានបទ "វិបត្តិហិរញ្ញវត្ថុពិភពលោក និងផលប៉ះពាល់មកលើប្រទេសកម្ពុជា”។ លោកបាននិយាយថា “នៅក្នុងប្រទេសកម្ពុជា សេដ្ឋកិច្ចពឹងផ្អែកលើវិស័យសំខាន់បួន គឺវិស័យកសិកម្ម កាត់ដេរ សំណង់ និងទេសចរណ៍។ ចំពោះប្រទេសកម្ពុជាផលប៉ះពាល់ដោយប្រយោលគឺវិបត្តិហិរញ្ញវត្ថុ ក៏ប៉ុន្តែសេដ្ឋកិច្ចប្រទេសកម្ពុជានៅរឹងមាំនៅឡើយ ដោយវិបត្តិសេដ្ឋកិច្ចមិនបានប៉ះពាល់ដល់ប្រព័ន្ធធនាគារកម្ពុជាឡើយ តែវិស័យមួយចំនួនកំពុងរងគ្រោះដូចជាការផលិតសម្លៀកបំពាក់ វិស័យទេសចរណ៍ និងវិស័យសំណង់”។ ទោះបីជាការបកស្រាយរបស់វាគ្មិនបង្ហាញភាគច្រើនទាក់ទងនឹងវិបត្តិសេដ្ឋកិច្ចពិភពលោក តែក្រុមនិស្សិតមានការចាប់អារម្មណ៍ច្រើនទៅលើបញ្ហានៃការរុករកប្រេង។ សំនួរភាគច្រើនរបស់និស្សិតគឺលើកឡើងទាក់ទងនឹងការរុករកប្រេង និងឧស្ម័ន និងការគ្រប់គ្រងចំណូល ដែលនឹងបានមកឱ្យមានតម្លាភាព។ លោក សករាជ និស្សិតសាកលវិទ្យាល័យកម្ពុជា បាននិយាយថា កម្មវិធីនេះមានសារប្រយោជន៍ណាស់សម្រាប់គាត់ និងនិស្សិតទាំងអស់ដែលចូលរួម។ “ខ្ញុំយល់ដឹងច្រើនពីមូលហេតុនៃការធ្វើឱ្យមានវិបត្តិសេដ្ឋកិច្ច និងផលប៉ះពាល់របស់វា មកលើបញ្ហាប្រេង និងឧស្ម័ននៅក្នុងប្រទេសកម្ពុជា"។ កញ្ញា សុភាវណ្ណ និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានឱ្យដឹងថា កញ្ញាមានការចាប់អារម្មណ៍ចំពោះកម្មវិធីនេះ ព្រោះបានធ្វើឱ្យកញ្ញាយល់ពីមូលហេតុ ដែលធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ និងមូលហេតុនៃបញ្ហាប្រេង និងដីឡើងថ្លៃ។ កញ្ញាសង្ឃឹមថា កញ្ញានឹងយកបទពិសោធន៍ ដែលកញ្ញាទទួលបាននៅថ្ងៃនេះយកទៅចែករំលែក និងផ្សព្វផ្សាយបន្តទៀត។ លោក ប៊ុន សម្បត្តិ មន្រ្តីកម្មវិធីពង្រឹងសិទ្ធិអំណាចយុវជនរបស់អង្គការបានធ្វើការសរុបខ្លឹមសារក្នុងកម្មវិធីទាំងមូលថា “បញ្ហាវិបត្តិសេដ្ឋកិច្ចពិភពលោក គឺជាបញ្ហាមួយដែលយើងទាំងអស់គ្នាត្រូវតែយល់ដឹង"។ លោកបានចោទជាសំណួរថា ហេតុអ្វីបានជាយើង ត្រូវយល់ដឹងពីបញ្ហាសេដ្ឋកិច្ចពិភពលោក? “ក្នុងនាមជាយុវជនខ្មែរ និងជាអ្នកបញ្ញាវ័ន្តខ្មែរយើងត្រូវយល់ដឹងពីរឿងនេះ។ បញ្ហាទាំងនេះហើយ ដែលយើងត្រូវដឹង ដើម្បីជជែកគ្នាជាមួយបងប្អូន និងមិត្តភក្តិ រឺក្នុងក្រុមណាមួយ។ យើងត្រូវដឹងថា យើងជាមនុស្សម្នាក់ ដែលពោរពេញទៅដោយព័ត៌មានថ្មី ហើយយើងចាប់ផ្តើមដឹងពីប្រវត្តិនៃការរុករកប្រេងនេះគឺមានចាប់តាំងពីឆ្នាំណាមក ហើយយើងត្រូវឈ្វេងយល់បន្ថែមទៀតពីរឿងប្រេង និងឧស្ម័ននៅក្នុងប្រទេសកម្ពុជាយើង"។ ដកស្រង់ចេញពីៈ |
< Prev | Next > |
---|