ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

កម្មវិធី​មតិ​ប្រជា​​ពលរដ្ឋ​ស្តីពី​អភិបាល​កិច្ច​​មូលដ្ឋាន​លើក​​ស្ទួយ​ប្រសិទ្ធភាព​នៃ​ការ​ផ្តល់​សេវា... PDF Print E-mail
Friday, 02 October 2009 , សរសេរដោយ​ « គម្រោងគាំទ្រក្រុមប្រឹក្សាឃុំសង្កាត់ »   

កម្មវិធី​មតិ​ប្រជា​​ពលរដ្ឋ​ស្តីពី​អភិបាល​កិច្ច​​មូលដ្ឋាន​លើក​​ស្ទួយ​ប្រសិទ្ធភាព​នៃ​ការ​ផ្តល់​សេវា​​នៅ​ថ្នាក់​មូលដ្ឋានៈ​

សិក្ខាកាម​ជាង​ ​៣០​នាក់​មក​ពី​ស្ថាប័ន​រាជ​រដ្ឋាភិបាល​​ ​និង​អង្គការ​​មិន​មែន​​រដ្ឋាភិបាល​​​ ​បាន​ចូលរួម​សិក្ខា​សាលា​ផ្សព្វផ្សាយ​​​ថ្នាក់​ជាតិ​ស្តីពី​​កម្មវិធី​មតិ​ប្រជា​ពលរដ្ឋ​​ ​ស្តីពី​អភិបាល​កិច្ច​មូលដ្ឋាន​ CRR ​​នៅ​រាជ​ធានី​ភ្នំពេញ។​ ​​សិក្ខា​សាលា​ ​ដែល​​រៀបចំ​រយៈ​ពេញ​មួយ​ថ្ងៃ​ ​​​គឺ​នៅ​​ថ្ងៃ​ទី​២៩​ ​ខែ​មេសា​ ​ឆ្នាំ​២០០៩​ ​​នេះ​មាន​គោល​បំណង​ពិភាក្សា​ពី​ដំណើរ​ការ​ ​និង​ប្រសិទ្ធភាព​​នៃ​​ការ​អនុវត្ត​កម្មវិធី​មតិ​ប្រជា​ពលរដ្ឋ​ស្តីពី​​អភិបាល​កិច្ច​មូលដ្ឋាន​​ ​ដែល​ត្រូវ​បាន​​អនុវត្ត​ក្នុង​​ឆ្នាំ​ ​២០០៨។​

កម្មវិធី​មតិ​ប្រជា​ពលរដ្ឋ​​ស្តីពី​អភិបាល​កិច្ច​ មូលដ្ឋាន​ ​​ត្រូវ​បាន​គំនិត​ផ្តួច​ផ្តើម​​ដោយ​គម្រោង​គាំទ្រ​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​ ​CCSP ​​ជា​យុទ្ធសាស្រ្ត​បង្កើន​ឥទ្ធិពល​ប្រជា​ពលរដ្ឋ​ ​​លើក​កម្ពស់​​​​ការ​ឆ្លើយ​តប​​នៃ​​ភ្នាក់ងារ​ផ្តល់​សេវា​ ​​និង​ធានា​ឱ្យ​រដ្ឋាភិបាល​​កាន់​តែ​មាន​គណនេយ្យភាព​​ចំពោះ​ប្រជា​ពលរដ្ឋ​​ ​ដោយ​ចាប់​ផ្តើម​ពី​រដ្ឋបាល​ឃុំ​ ​សង្កាត់។​ ​​យន្តការ​នេះ​អាច​ឱ្យ​យើង​​យល់​ដឹង​​ពី​តម្រូវការ​​ ​​​និង​កង្វល់​នានា​នៅ​មូលដ្ឋាន​ ​​ធ្វើ​ការ​ឆ្លុះ​បញ្ចាំង​​ ​និង​ត្រួត​ពិនិត្យ​​ចំនុច​ដែល​ត្រូវ​កែ​លំអរ​ ​លើក​ទឹក​ចិត្ត​ឱ្យ​មាន​​ការ​ចូលរួម​ពី​ប្រជា​ពលរដ្ឋ​ ​​លើក​កម្ពស់​ការ​​ពិភាក្សា​​ស៊ី​ជម្រៅ​​នៅ​ថ្នាក់​មូលដ្ឋាន​​ ​និង​ជា​ប្រភព​គួរ​ឱ្យ​ទុក​ចិត្ត​​ក្នុង​ការ​អប់រំ​ ​​និង​កៀងគរ​សាធារណជន​​ ​និង​ប្រជាជន​ទូទៅ​​ក្នុង​ការ​សម្រប​សម្រួល​សម្លេង​​ប្រជា​ពលរដ្ឋ​ ​​ក្នុង​​ការ​ទាមទារ​ឱ្យ​មាន​ការ​ផ្តល់​សេវា​សាធារណ​ជា​មូលដ្ឋាន​​​កាន់​​​​ តែ​មាន​ភាព​ប្រសើរ​ឡើង។

ក្នុង​បុព្វហេតុ​នេះ​ ​គម្រោង​គាំទ្រ​ក្រុម​ប្រឹក្សា​ឃុំ​ ​​សង្កាត់​ ​​​បាន​បង្កើត​បណ្តាញ​អង្គការ​​មិន​មែន​រដ្ឋាភិបាល​​លើក​កម្ពស់​វិមជ្ឈការ​​ ​និង​វិសហ​មជ្ឈការ​​នៅ​ក្នុង​ខេត្ត​ចំនួន​បួន​គឺ​ ​​ខេត្ត​កំពង់ឆ្នាំង​ ​ខេត្ត​បាត់ដំបង​ ​ខេត្ត​បន្ទាយ​មានជ័យ​​ ​និង​ខេត្ត​សៀមរាប។​ ​​បណ្តាញ​អង្គការ​ទាំង​នេះ​​ធ្វើ​ការ​រួម​គ្នា​​ក្នុង​ ​ដើម្បី​​លើក​ស្ទួយ​​ដំណើរការ​​កែ​ទម្រង់​វិមជ្ឈការ​​ ​និង​អភិបាល​កិច្ច​មូលដ្ឋាន​​នៅ​ថ្នាក់​ក្រោម​ជាតិ​​ ​ហើយ​បណ្តាញ​​ទាំង​នេះ​​អាច​ប្រមូល​បាន​ព័ត៌មាន​​ល្អៗ​​ពី​ផល​ប៉ះពាល់​ពី​​​ ក្រប​ខ័ណ្ឌ​នៃ​កំណែ​ទម្រង់​វិមជ្ឈការ​ ​​​និង​វិសហ​មជ្ឈការ​បែប​ថ្មី​នេះ​ ​ហើយ​​បណ្តាញ​នេះ​នឹង​អាច​​ឆ្លុះ​បញ្ចាំង​ពី​បទ​​ពិសោធន៍​​របស់​អង្គការ​មិន ​មែន​រដ្ឋាភិបាល​ ​ក្នុង​ការ​ផ្តល់​ជា​​មតិ​​ត្រឡប់​​ ​និង​បញ្ហា​ប្រឈម​នានា​​​​ ​ក៏​ដូចជា​ជោគជ័យ​​មួយ​ចំនួន​​ ​​ដែល​អាច​យក​ទៅ​​អនុវត្ត​បន្ត។​

​ការ​អនុវត្ត​កម្មវិធី​ ​CRR ​នេះ​​​ចាប់​ផ្តើម​​ដោយ​កិច្ច​ប្រជុំ​​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ដោយ​​មាន​តំណាង​ពីរ​រូប​មក​ពី​​បណ្តាញ​អង្គការ​​ទាំង​បួន​​ខេត្ត​ ​​ចូលរួម​ពិភាក្សា​​ពី​វិធី​សាស្រ្ត​ការងារ​ ​និង​ការ​ទទួល​ខុស​ត្រូវ​នានា។​ ​បណ្តាញ​​ក្នុង​ខេត្ត​នីមួយៗ​​ត្រូវ​ធ្វើ​ការ​ ​​ជ្រើស​រើស​ឃុំ​ចំនួន​៤​ ​ហើយ​ឃុំ​​នីមួយៗ​ត្រូវ​ជ្រើស​រើស​ភូមិ​ចំនួន​៥​ ​ដើម្បី​ធ្វើ​ការ​ស្ទង់​មតិ។​ ​​បន្ទាប់​មក​ ​ការ​បណ្តុះ​បណ្តាល​ពី​កម្មវិធី​​ CRR ​បច្ចេកទេស​​ក្នុង​ការ​ស្ទង់​មតិ​ ​​​និង​ការ​​តស៊ូ​មតិ​​នៅ​ថ្នាក់​មូលដ្ឋាន​ត្រូវ​បាន​រៀបចំ​ឡើង​​នៅ​ក្នុង​ខេត្ត​និមួយៗ។​​

តំណាង​បណ្តាញ​ ​និង​សមាជិក​​អ្នក​ស្រាវជ្រាវ​ថ្នាក់​ឃុំ​ ​​ត្រូវ​បាន​បណ្តុះ​​បណ្តាល​ដោយ​​ផ្ទាល់​​ពី​ ​CCSP ​​ពី​វិធី​សាស្រ្ត​អនុវត្ត​ CRR ​​ជំនាញ​ប្រមូល​ទិន្នន័យ​​ ​ដូចជា​ការ​ធ្វើ​សំភាស​ ​ការ​រៀបចំ​​វិភាគ​ទិន្នន័យ​​ ​ក៏​ដូចជា​ការ​រៀបចំ​​ ​និង​សម្រប​សម្រួល​​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​​លទ្ធផល​ ​និង​ជំនាញ​តស៊ូ​មតិ។​ ​​ការ​បណ្តុះ​បណ្តាល​ថ្នាក់​ខេត្ត​​នេះ​មាន​គោល​​បំណង​ផ្តល់​ជំនាញ​​ដល់​ប្រជាជន​​មូលដ្ឋាន​​ ​ក្នុង​ការ​មាន​វិធានការ​ ​ដើម្បី​ទាមទារ​ឱ្យ​មាន​អភិបាល​កិច្ច​ល្អ​ ​និង​សេវា​សង្គម​​មាន​ភាព​ប្រសើរ​ឡើង។​​

បណ្តាញ​អង្គការ​ទាំង​អស់​ចូលរួម​​អនុវត្ត​កម្មវិធី​​ នេះ​ដោយ​មាន​​ការ​ប្តេជ្ញា​ចិត្ត​​ខ្ពស់​​ ​ដើម្បី​បង្កើន​ឥទ្ធិពល​ប្រជា​ពលរដ្ឋ​ ​ការ​ឆ្លើយ​​តប​ពី​អ្នក​ផ្តល់​សេវា​ ​និង​ទាមទា​ឱ្យ​រដ្ឋាភិបាល​​កាន់​​តែ​​មាន​គណនេយ្យ​ភាព។​ ​ជា​រួម​គោល​បំណង​​ក្នុង​​​ការ​បង្កើត​បណ្តាញ​នេះ​ ​គឺ​ដើម្បី​លើក​កម្ពស់​សមត្ថភាព​​អង្គការ​​​​ជា​សមាជិក​​បណ្តាញ​​ពី​គោល​ នយោបាយ​​​​ ​និង​ការ​អនុវត្ត​កំណែ​ទម្រង់​វិមជ្ឈការ​​ ​និង​វិសហ​មជ្ឈការ​លើក​កម្ពស់​ការ​យល់​ដឹង​​​របស់​ប្រជា​ពលរដ្ឋ​ពី​​សិទ្ធិ​ ក្នុង​ការ​ចូលរួម​ការងារ​ក្រុម​ប្រឹក្សា​ឃុំ​ ​​និង​​ធ្វើ​ការ​ជា​មួយ​​ក្រុម​ប្រឹក្សា​ឃុំ​ ​​ដើម្បី​​លើក​កម្ពស់​គណនេយ្យ​ភាព​​ ​ការ​ចូលរួម​​របស់​​ប្រជា​ពលរដ្ឋ​ ​និង​ការ​​អភិវឌ្ឍន៍​​មូលដ្ឋាន។​

ការ​ជ្រើស​រើស​សមាជិក​បណ្តាញ​​អង្គការ​នៅ​ក្នុង​ខេត្ត ​នីមួយៗ​ ​​ក្នុង​ការ​អនុវត្ត​កម្ម​វិធី​​ត្រូវ​​ធ្វើ​ឡើង​​តាម​កិច្ច​ប្រជុំ​​ បណ្តាញ។​  ​​អង្គការ​​​ចំនួន​​ពីរ​ទៅ​បួន​អង្គការ​​​ជា​សមាជិក​បណ្តាញ​ចូលរួម​ក្នុង​ការ​អនុវត្ត​​កម្មវិធី​នេះ​ ​ដោយ​​មាន​ការ​ពិភាក្សា​គ្នា​​ក្នុង​ការ​​កំណត់​ឃុំ​ ​គោល​ដៅ​ ​​និង​សេវា​​ ​ដែល​ពួក​គេ​មើល​ឃើញ​​ថា​សំខាន់​ ​និង​ចាំបាច់។​

អង្គការ​សមាជិក​មួយ​​អាច​​ទទួល​ខុស​​ត្រូវ​​ឃុំ​មួយ​ ​ឬ​ពីរ​​ ​ហើយ​ឃុំ​នីមួយៗ​​ត្រូវ​ធ្វើ​ការ​ជ្រើស​រើស​សេវា​ចំនួន​មួយ​ ​ឬ​ពីរ​​ដែរ​ក្នុង​ការ​​ដាក់​ពិន្ទុ។​ ​​​​នៅ​​​ក្នុង​ខេត្ត​ទាំង​បួន​​ ​អង្គការ​សមាជិក​​បណ្តាញ​ចំនួន​១១​ ​អង្គការ​បាន​ចូលរួម​​ក្នុង​ការ​អនុវត្ត​កម្មវិធី​នេះ។​ ​អង្គការ​ទាំង​​នេះ​ធ្វើ​ការ​ស្ទង់​មតិ​​ក្នុង​ឃុំ​ចំនួន​១៦​ ​​ក្នុង​​ស្រុក​ចំនួន​១៥។​

សេវា​ ​ដែល​ត្រូវ​បាន​ជ្រើស​រើស​​ធ្វើ​​ការ​ស្ទង់​មតិ​មាន​ចំនួន​ ​៦​ប្រភេទ​គឺ​ ​(១)​សេវា​ ​សុខភាព​បឋម​ ​(២)​ ​ការ​អប់រំ​បឋម​ ​(៣)​ ​ការ​ចូលរួម​​របស់​ប្រជា​ពលរដ្ឋ​ ​(៤)​ ​កិច្ចការ​រដ្ឋបាល​​មូលដ្ឋាន​ ​(៥)​ការ​គាំទ្រ​​ការ​គ្រប់គ្រង​​ធនធាន​ធម្មជាតិ​​នៅ​មូលដ្ឋាន​ ​និង​ ​(៦)​ ​សន្តិសុខ​ ​និង​សណ្តាប់​​ធ្នាប់​សង្គម។​

ការ​អនុវត្ត​នេះ​​ផ្តោត​លើ​ពីរ​ចំនុច​សំខាន់ៈ​​ ​​ការ​ស្ទង់​មតិ​​ ​ដើម្បី​​ប្រមូល​ព័ត៌មាន​ត្រឡប់​ធ្វើ​ជា​​ភ័ស្តុតាង​ ​​​និង​ការ​តស៊ូ​មតិ​នៅ​មូលដ្ឋាន​ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ។​ ​កម្មវិធី​ CRR ​នេះ​​ពិនិត្យ​មើល​ការ​ផ្តល់​សេវា​សង្គម​​​ជា​មូលដ្ឋាន​គម្រោង​​ហេដ្ឋា​រចនា​សម្ព័ន្ធ​​ ​និង​កិច្ចការ​សំខាន់ៗ​ផ្សេង​ទៀត​នៅ​ក្នុង​ឃុំ។​ ​តាម​រយៈ​កម្មវិធី​ ​CRR ​​ប្រជា​ពលរដ្ឋ​​នៅ​ក្នុង​ឃុំ​អាច​សម្តែង​​ការ​ពេញ​ចិត្ត​ ​ឬ​​ការ​មិន​ពេញ​ចិត្ត​​របស់​ពួក​​គេ​ចំពោះ​​សេវា​ ​និង​​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​​នានា​ ​​ដោយ​ភ្ជាប់​​ជា​មួយ​ហេតុ​ផល​ ​អំណះ​អំណាង​ ​​និង​ផ្តល់​ជា​អនុសាសន៍​​ដើម្បី​កែ​លំអរ។​

​​បន្ទាប់​ពី​ការ​វិភាគ​​ ​និង​ការ​សំយោគ​ទិន្នន័យ​​ ​លទ្ធផល​នៃ​របាយការណ៍​​ត្រូវ​បាន​ធ្វើ​​ការ​បង្ហាញ​​ដល់​ក្រុម​ប្រឹក្សា​ឃុំ ​​នៅ​​ក្នុង​កិច្ច​ប្រជុំ​​នៅ​សាលា​ឃុំ​ ​​និង​ការ​ធ្វើ​ការ​បង្ហាញ​​ដល់​ភាគី​ពាក់ព័ន្ធ​​នៅ​ថ្នាក់​ខេត្ត​​តាម​រយៈ​ ​សិក្ខាសាលា​​ថ្នាក់​ខេត្ត។​ ​​​ក្រៅ​ពី​នេះ​ ​អង្គការ​បណ្តាញ​​ក្នុង​ខេត្ត​នីមួយៗ​​ ​ក៏​​​ធ្វើ​ការ​ផ្សព្វផ្សាយ​​លទ្ធផល​ ​តាម​រយៈ​ ​វិទ្យុ​ ​សារ​ព័ត៌មាន​​ ​ព្រឹត្តិបត្រ​វិមជ្ឈការ​​ ​​​និង​វិសហ​មជ្ឈការ​​ ​និង​នៅ​ក្នុង​កិច្ច​ប្រជុំ​​ប្រចាំ​ខែ​​របស់​បណ្តាញ​​ ​ដើម្បី​ចែក​រំលែក​ព័ត៌មាន​ ​​​និង​បទ​ពិសោធន៍។​ ​​ទោះ​បី​ជា​​លទ្ធផល​​​​ត្រូវ​ធ្វើ​ការ​បង្ហាញ​ ​​ដោយ​​ត្រង់ៗ​​ ​និង​ចំពោះ​មុខ​ក៏​ដោយ​ ​​អ្នក​ចូលរួម​ជា​ពិសេស​មន្ទីរ​ពាក់ព័ន្ធ​ ​និង​អ្នក​ផ្តល់​សេវា​​បាន​ទទួល​​យក​ការ​រក​​ឃើញ​នៅ​ក្នុង​​​ការ​ស្ទង់​មតិ​ នោះ​​ ​និង​បង្ហាញ​ពី​ការ​​ប្តេជ្ញា​ចិត្ត​​​​ក្នុង​ការ​មាន​​​​​វិធានការ។​

ជា​ចុង​បញ្ចប់​​ ​​សមាជិក​អង្គការ​​ក្នុង​​បណ្តាញ​​ធ្វើ​ការ​បូក​សរុប​​លទ្ធផល​ ​​និង​ចូលរួម​ធ្វើ​បទ​បង្ហាញ​​នៅ​ក្នុង​សិក្ខា​សាលា​​ថ្នាក់​ជាតិ​​នៅ​​រាជ​ធានី​ភ្នំពេញ។​

​នៅ​​ក្នុង​សុន្ទរកថា​​ ​បើក​អង្គ​សិក្ខា​សាលា​​លោក​ ​Bruce Haulley ​​នាយក​ប្រតិបត្តិ​ស្តីទី​ CCSP ​​មាន​ប្រសាសន៍​ថា​ ​ CCSP ​ធ្វើ​​ការ​ជា​អ្នក​សម្រប​សម្រួល​​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​​ ​ហើយ​កម្មវិធី​ CRR ​​អាច​ជួយ​​ឱ្យ​​ក្រុម​ប្រឹក្សា​ឃុំ​​ ​ធ្វើ​ការ​កាន់​តែ​​ទទួល​​បាន​ជោគជ័យ​​ក្នុង​ផល​ប្រយោជន៍​ប្រជាជន​​នៅ​មូលដ្ឋាន។​

​​នៅ​ក្នុង​ឆ្នាំ​២០០៤​ ​ CCSP ​​បាន​អនុវត្ត​​កម្មវិធី​ ​ CRR ​​នៅ​ក្នុង​​ឃុំ​ចំនួន​៥១​ ​​នៅ​ក្នុង​១០​​ ​​ខេត្ត​សាក​ល្បង​ ​ដោយ​មាន​កិច្ច​សហការ​ជា​មួយ​​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន​១៧​ ​ដោយ​​ធ្វើ​ការ​​ស្ទង់​មតិ​​ប្រជា​ពលរដ្ឋ​ពី​ការ​ប្រជុំ​​របស់​​ក្រុម​ប្រឹក្សា​ឃុំ​ ​​តម្រូវ​​ការ​ចាំបាច់​​នៃ​គម្រោង​​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ​និង​​បញ្ហា​សុខភាព៕​​ ជា​ភាសា​អង់គ្លេស...​

ដកស្រង់ចេញពីៈ
-គម្រោងគាំទ្រក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំទី៨ លេខ៦ ទំព័រ ១០​ មេសា-មិថុនា ឆ្នាំ២០០៩។​​​​​​​​​​​​​​​​​​​​​​​​​​​

 

 
< Prev   Next >

Download Khmer Unicode

អ្នកអានថ្ងៃនេះ​ : 0
សរុប​អ្នកអាន : 0
អានទំព័រ : 4406016
ទិន្នន័យចាប់ពីថ្ងៃ​ : 2013-04-30
Totals Top 5
0 អ្នកទស្សនាមកពី​ : 297 ប្រទេស