ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

អ្នក​ប្រឹក្សា​ឯករាជ្យ​ ​ត្រូវ​​បាន​តែង​តាំង​ ​សម្រាប់​ដោះស្រាយ​បញ្ហា​អំពើ​ពុករលួយ... PDF Print E-mail
Monday, 05 October 2009 , សរសេរដោយ​ « សមាគម​អាដហុក​ »   

អ្នក​ប្រឹក្សា​ឯករាជ្យ​ ​ត្រូវ​​បាន​តែង​តាំង​ ​សម្រាប់​ដោះស្រាយ​បញ្ហា​អំពើ​ពុករលួយ​ ​នៅ​សាលា​ក្តី​ខ្មែរ​ក្រហមៈ​

កាល​ពី​ថ្ងៃ​​ទី​១២​ ​ខែ​សីហា​ ​ឆ្នាំ​២០០៩​ ​កន្លង​មក​ ​នៅ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី​ ​មាន​បើក​សន្និសីទ​សារ​ព័ត៌មាន​ ​មួយ​ដែល​បាន​លើក​ឡើង​ពី​ការ​ប្រកាស​តែង​តាំង​ ​​“អ្នក​ប្រឹក្សា​ឯករាជ្យ​”​ ​ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ ​ដែល​ចេះ​​តែ​កើត​មាន​ឡើង​ជុំវិញ​ការ​ចោទ​ប្រកាន់​អំពី​​អំពើ​ពុករលួយ​​នៅ​ខាង​ភាគី​កម្ពុជា​ ​នៃ​អង្គ​​ជំនុំ​ជម្រះ​វិសាមញ្ញ​​​ក្នុង​តុលាការ​កម្ពុជា​​ ​ហៅ​ជា​ភាសា​សាមញ្ញ​ថា​ ​ជា​”សាលា​ក្តី​ខ្មែរ​ក្រហម​ ”​ ​​នា​ពេល​កន្លង​មក​នេះ។​

ឯក​ឧត្តម​ ​​ផៃ​ ​ស៊ីផាន​ ​រដ្ឋ​លេខាធិការ​ ​​នៃ​គណៈ​រដ្ឋមន្រ្តី​ ​និង​ជា​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​​កម្ពុជា​ ​​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ឱកាស​​​នោះ​ថា​ ​​​កាល​​ពី​ពេល​​ថ្មីៗ​នេះ​រាជ​រដ្ឋាភិបាល​​កម្ពុជា​ ​​ដែល​ដឹកនាំ​ដោយ​ឯក​ឧត្តម​ឧប​នាយក​រដ្ឋមន្រ្តី​ ​​សុខ​ ​អាន​ ​និង​អង្គការ​សហ​ប្រជាជាតិ​​ ​​តំណាង​​ដោយ​ ​​លោក​ ​ភីធើ​ ​ថាក់​សូ​ជិនសិន​ ​(Peter Taksoe Jensen) ​​​ដែល​ជា​ជំនួយការ​​របស់​​លោក​អគ្គ​លេខាធិការ​​អង្គការ​សហ​ប្រជាជាតិ​​ទទួល​បន្ទុក​​កិច្ចការ​ច្បាប់​ ​បាន​​ចុះ​ហត្ថលេខា​​ ​ទៅ​លើ​កិច្ច​ព្រម​ព្រៀង​មួយ​​ ​ដើម្បី​បង្កើត​ឱ្យ​មាន​អ្នក​ប្រឹក្សា​ឯករាជ្យ​​​មួយ​សម្រាប់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា។​

​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​​រួម​​គ្នា​​មួយ​​របស់​​រាជ​រដ្ឋាភិបាល​​កម្ពុជា​ ​និង​អង្គការ​សហ​ប្រជាជាតិ​បាន​គូស​បញ្ជាក់​ថា​ ​ការ​តែង​តាំង​​ឱ្យ​មាន​អ្នក​ប្រឹក្សា​​​ឯករាជ្យ​នេះ​ ​​គឺ​បង្កើត​ឡើង​នៅ​លើ​រចនា​សម្ព័ន្ធ​ ​ដែល​កំពុង​​តែ​មាន​នា​ពេល​បច្ចុប្បន្ន​​ ​គឺ​ក្រុម​ការងារ​ឃ្លាំ​មើល​​ក្រម​សីលធម៌​​ ​និង​កិច្ច​ប្រជុំ​រួម​គ្នា​ជាតិ​ ​និង​អន្តរជាតិ​ ​​ដែល​ត្រូវ​បាន​​បង្កើត​​ឡើង​កាល​ពី​ថ្ងៃ​ទី​១០​ ​ខែ​ធ្នូ​ ​ឆ្នាំ​២០០៨​ ​និង​២៣​ ​ខែ​កុម្ភៈ​ ​ឆ្នាំ​២០០៩។​

សេចក្តី​ថ្លែង​ការណ៍​រួម​នេះ​បន្ត​ថា​ ​​​ការ​បង្កើត​ឱ្យ​មាន​ក្រុម​ប្រឹក្សា​ឯករាជ្យ​​ ​តំណាង​ឱ្យ​ជំហាន​​ទៅ​មុខ​​ក្នុង​ការ​ជួយ​ពង្រឹង​​នូវ​ការ​​គ្រប់គ្រង​​ធនធាន​មនុស្ស​​នៅ​ក្នុង​ផ្នែក​​រដ្ឋបាល​ ​​របស់​អង្គ​​ជំនុំ​ជម្រះ​​វិសាមញ្ញ​​ទាំង​មូល​ ​​រួម​ទាំង​​វិធានការ​ប្រយុទ្ធ​ប្រឆាំង​​នឹង​អំពើ​ពុករលួយ​ ​ដើម្បី​​ធានា​​នូវ​ភាព​ត្រឹម​ត្រូវ​​តាម​ដំណើរការ​​នីតិ​វិធី​ច្បាប់​ ​ព្រម​ទាំង​​ការ​ការពារ​ចំពោះ​​បុគ្គលិក​ទាំង​អស់​​នៃ​ភាគី​ទាំង​ពីរ​​​របស់​អង្គ​ជំនុំ​ជម្រះ​​វិសាមញ្ញ​​ ​ពី​ការ​វាយ​​បក​មក​វិញ​​​នូវ​ការ​រាយ​ការណ៍​​ ​​នូវ​ការ​​ប្រព្រឹត្ត​ខុស​ឆ្គង​ណា​មួយ។​

​ដូច​នេះ​តួនាទី​​របស់​អ្នក​ប្រឹក្សា​ ​​ឯករាជ្យ​ ​គឺ​ដើម្បី​​ជួយ​ដល់​បុគ្គលិក​​ទាំង​អស់​​​របស់​សាលា​ក្តី​ឱ្យ​បញ្ជូន​នូវ​​ពាក្យ​បណ្តឹង​​​នៃ​ក្តី​ព្រួយ​បារម្ភ​​របស់​ខ្លួន​​ដោយ​ ​​រក្សា​ការ​សម្ងាត់​​ ​និង​ត្រូវ​បាន​គេ​ផ្តល់​​អំណាច​ ​​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។​

​ដើម្បី​សម្រេច​​បាន​នូវ​​ការងារ​នេះ​ ​ទាំង​​ភាគី​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​និង​ភាគី​អង្គការ​សហ​ប្រជាជាតិ​​ ​បាន​ព្រម​ព្រៀង​គ្នា​តែង​តាំង​ឯក​ឧត្តម​ ​អ៊ុត​ ​ឈន​​​ ​ដែល​បច្ចុប្បន្ន​​ជា​អគ្គ​សវនករ​​ ​​នៃ​អាជ្ញាធរ​​សវនកម្ម​ជាតិ​​ ​ជា​អ្នក​ប្រឹក្សា​ឯករាជ្យ​​នៅ​ក្នុង​បញ្ហា​​ពុករលួយ​​នៅ​ក្នុង​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​​ក្នុង​តុលាការ​កម្ពុជា។​

ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ​​នៅ​ក្នុង​ថ្ងៃ​​សន្និសីទ​សារ​ព័ត៌មាន​​​នា​ពេល​នោះ​ឯក​ឧត្តម​ ​ផៃ​ ​ស៊ីផាន​ ​មិន​បាន​បញ្ជាក់​លម្អិត​ថា​ ​​ការ​ផ្តល់​អំណាច​ទៅ​ឱ្យ​​អ្នក​ប្រឹក្សា​ឯករាជ្យ​នោះ​យ៉ាង​ណា​នោះ​ទេ។​

​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​​ដដែល​ ​បាន​គូស​បញ្ជាក់​​​បន្ថែម​ថា​ ​ឯក​ឧត្តម​ ​សុខ​ ​អាន​ ​​និង​លោក​ ​ភីធើ​ ​ថាក់​សូជិន​​សិន​ ​​មាន​ជំនឿ​យ៉ាង​មុត​មាំ​ថា​ ​​យន្តការ​ថ្មី​មួយ​នេះ​​នឹង​អាច​ឱ្យ​បុគ្គលិក​ទាំង​អស់​​នៅ​ក្នុង​ការិយាល័យ​រដ្ឋបាល​​របស់​​សាលា​ក្តី​កូន​កាត់​​នេះ​ ​អាច​លើក​ឡើង​​នូវ​បញ្ហា​ព្រួយ​បារម្ភ​​របស់​ខ្លួន​​​ជា​សម្ងាត់​បាន​​ ​ដោយ​មិន​មាន​ការ​ភ័យ​ខ្លាច​​នូវ​ការ​សង​សឹក​​វាយ​បក​វិញ​ ​​និង​ថា​ ​​យន្តការ​​នេះ​ក៏​​នឹង​​អាច​ឱ្យ​មាន​ដំណោះស្រាយ​​ប្រកប​ដោយ​ប្រសិទ្ធភាព​​ ​ទៅ​លើ​រាល់​បញ្ហា​ចោទ​ប្រកាន់​​អំពី​អំពើ​ពុករលួយ​​ ​ឬ​ការ​ប្រព្រឹត្តិ​​មិន​ត្រឹម​ត្រូវ​​ណា​មួយ​​​នៅ​សាលា​ក្តី​​ខ្មែរ​ក្រហម​នេះ។​

តាម​​​ពិត​មាន​ការ​ចរចា​គ្នា​អស់​រយៈ​​ពេល​ជា​ច្រើន​​លើក​ច្រើន​សារ​​រវាង​ភាគី​កម្ពុជា​​ ​​និង​អង្គការ​សហ​ប្រជាជាតិ​​ទៅ​លើ​យន្តការ​ដោះស្រាយ​​​នឹង​អំពើ​ពុករលួយ​​ ​ដែល​ត្រូវ​បាន​លើក​ឡើង​ជា​សាធារណៈ​​នៅ​តាម​សារ​ព័ត៌មាន​​ជាតិ​ ​​និង​​អន្តរជាតិ​​ ​ក៏​ដូច​មជ្ឈដ្ឋាន​​អ្នក​ច្បាប់​​នៅ​ឯ​សាលា​ក្តី​​ខ្មែរ​ក្រហម​​នេះ​រហូត​​ដល់​មាន​បណ្តឹង​​​សុំ​ឱ្យ​មាន​​ការ​ស៊ើប​អង្កេត​ ​របស់​សហ​មេធាវី​​ការពារ​ជន​ត្រូវ​ចោទ​​ ​ដែល​កំពុង​ត្រូវ​បាន​​ជាប់​ឃុំ​​នៅ​ឯ​មន្ទីរ​ឃុំ​​​ខ្លួន​បណ្តោះ​អាសន្ន​​របស់​​អង្គ​ជំនុំ​ជម្រះ​​វិសាមញ្ញ​​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​ ​​កន្លង​មក​នេះ​ផង​ដែរ។​

​​បញ្ហា​លេច​ឮ​​អំពី​ការ​ចោទ​ប្រកាន់​​​អំពី​អំពើ​ពុករលួយ​​នៅ​​ភាគី​កម្ពុជា​ ​នៃ​សាលា​​ក្តី​នេះ​​ក៏​ធ្លាប់​បាន​​ធ្វើ​ឱ្យ​មជ្ឈេដ្ឋាន​​​អ្នក​តាម​ដាន​​ជាតិ​ ​និង​អន្តរជាតិ​​ចាប់​អារម្មណ៍​​រហូត​ដល់​​ធ្វើ​ឱ្យ​ ​​ម្ចាស់​ជំនួយ(UNDP) ​​បង្កក​មូល​និធិ​​សម្រាប់​​គាំទ្រ​​ប្រតិបត្តិការ​​​ខាង​ភាគី​​កម្ពុជា​​របស់​សាលា​ក្តី​ខ្មែរ​ក្រហម​​​នា​ពេល​កន្លង​មក​នេះ​​ផង​ដែរ។​ ​ជុំវិញ​ការ​​​តែង​តាំង​អ្នក​​ប្រឹក្សា​​ឯករាជ្យ​​នេះ​ ​ត្រូវ​បាន​​ចោទ​​ជា​សំណួរ​​នៅ​ឡើយ​​នៅ​ពេល​ ​ដែល​គិត​ទៅ​ដល់​ ​​ពេល​អនុវត្ត​​នៅ​ពេល​ខាង​មុខ​នេះ។​​

​លោក​ ​ឡុង​ ​បញ្ញា​វុឌ្ឍ​ ​មន្រ្តី​គម្រោង​​នៃ​អង្គការ​ឃ្លាំ​មើល​​​ដំណើរការ​របស់​សាលា​ក្តី​ខ្មែរ​ក្រហម​​ ​​បាន​​បញ្ចេញ​ទស្សនៈ​​ថា​ ​​កិច្ច​ព្រម​ព្រៀង​​ថ្មី​ ​ដែល​សម្រេច​បាន​​ដោយ​ភាគី​​រាជ​រដ្ឋាភិបាល​​កម្ពុជា​ ​​និង​​អង្គការ​​សហ​ប្រជា​ជាតិ​ ​ក្នុង​ការ​តែង​តាំង​​អ្នក​ប្រឹក្សា​ឯករាជ្យ​​នេះ​ ​ជា​ទូទៅ​​មាន​ភាព​វិជ្ជមាន​​ ​ទោះ​បី​ជា​​លោក​​នៅ​​មិន​មាន​​ជំនឿ​ថា​ ​​ឯក​ឧត្តម​ ​អ៊ុត​ ​ឈន​ ​​ដែល​ជា​អ្នក​បំពេញ​នូវ​មុខ​នាទី​នេះ​​នឹង​ត្រូវ​បាន​គេ​​ផ្តល់​អំណាច​​ឱ្យ​ធ្វើ​ការងារ​​របស់​គាត់​​ត្រឹម​កម្រិត​ណា​​​នោះ។​

​លោក​ ​បញ្ញា​វុឌ្ឍ​ ​បញ្ជាក់​ថា​ ​“អ្នក​ប្រឹក្សា​ឯករាជ្យ​ ​គួរ​តែ​មាន​អំណាច​​ពេញ​លេញ​ ​ដើម្បី​ពិនិត្យ​ ​​និង​ដោះ​ស្រាយ​​​​នូវ​​របាយការណ៍​​​អំពី​ការ​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ​​របស់​មន្រ្តី​​​របស់​សាលា​ក្តី​។"​

ចំណែក​ឯ​លោក​ ​រាជ​ ​សម្បត្តិ​ ​​ប្រធាន​​ការិយាល័យ​​កិច្ចការ​សាធារណៈ​​របស់​​សាលា​ក្តី​​ពិសេស​នេះ​វិញ​ ​​បាន​លើក​ឡើង​​​ថា​ ​មន្រ្តី​​នៅ​សាលា​​ក្តី​​ស្វាគមន៍​ចំពោះ​ការ​វិវត្តន៍​​នេះ​ ​​​និង​ត្រៀម​​ខ្លួន​​ស្វាគមន៍​​អ្នក​ប្រឹក្សា​ឯករាជ្យ​​នេះ​ផង​ដែរ​ ​​ពី​​ព្រោះ​ថា​ ​​តួនាទី​​ថ្មី​នេះ​​នឹង​ជួយ​ផ្តល់​​​​នូវ​យន្តការ​ដោះស្រាយ​​បញ្ហា​ទាក់​ទិន​​នឹង​ការ​ចោទ​ប្រកាន់​​អំពី​អំពើ​ពុករលួយ​​ឱ្យ​កាន់​តែ​មាន​​ប្រសិទ្ធភាព​ថែម​ទៀត។​​

​ជា​​​មួយ​គ្នា​នេះ​ផង​ដែរ​​ ​ឯក​ឧត្តម​ ​យឹម​ ​សុវណ្ណ​ ​​អ្នក​តំណាង​រាស្រ្ត​​របស់​គណបក្ស​ ​សម​ ​រង្ស៊ី​ ​​ដែល​ត្រូវ​​បាន​ដក​ស្រង់​​​សម្តី​​នៅ​ក្នុង​កាសែត​ ​ឌឹខេម​បូឌា​ដេលី​ ​​​បាន​មាន​ប្រសាសន៍​​ថា​ ​គាត់​​មាន​ជំនឿ​សុទិដ្ឋិនិយម​​តិច​តួច​ ​​មែន​​​ទែន​​អំពី​កិច្ច​ព្រម​ព្រៀង​នេះ​ ​​ពី​​ព្រោះ​ឯក​ឧត្តម​យល់​ឃើញ​ថា​ ​​នៅ​ក្នុង​របាយការណ៍​​របស់​អាជ្ញាធរ​​សវនកម្ម​ជាតិ​ ​​ដែល​មាន​ឯក​ឧត្តម​ ​​អ៊ុត​ ​ឈន​ ​ជា​អគ្គ​សវនករ​​នោះ​ ​​មិន​ដែល​ឃើញ​​​និយាយ​​អំពី​ការ​រក​ឃើញ​ថា​ ​​​មាន​អំពើ​ពុករលួយ​​នោះ​ទេ។​ ​​ដូច​នេះ​ ​​ឯក​ឧត្តម​ ​​ក៏​មិន​សូវ​​ជា​មាន​​ជំនឿ​ប៉ុន្មាន​​ដែរ​ ​​អំពី​យន្តការ​ថ្មី​នៅ​សាលា​ក្តី​​ខ្មែរ​ក្រហម​នេះ៕​

ដក​ស្រង់​ចេញ​ពីៈ​
-ព្រឹត្តិបត្រ​ ​​​អ្នក​​ជា​​​ សមាគម​អាដហុក​​ ​ឆ្នាំ​ទី​១៦​ ​លេខ​៣១៦​ ​ទំព័រ​៦-៧​ ​សីហា​ ​២០០៩។​

 
< Prev   Next >

Download Khmer Unicode

អ្នកអានថ្ងៃនេះ​ : 0
សរុប​អ្នកអាន : 0
អានទំព័រ : 0
ទិន្នន័យចាប់ពីថ្ងៃ​ : 2013-04-30
Totals Top 5
0 អ្នកទស្សនាមកពី​ : 307 ប្រទេស