ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

ក្រុមហ៊ុនវៀតណាមនៅរតនគិរីរងការចោទថាឈូសរំលោភលើដីពលរដ្ឋ PDF Print E-mail
Wednesday, 20 March 2013 , សរសេរដោយ​ « វិទ្យអាស៊ីសេរី »   

ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣

ច្បាប់​ស្ដីពី​សម្បទាន​សេដ្ឋកិច្ច បាន​តម្រូវ​ឲ្យ​កាត់​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ ជាពិសេស​ដី​តំបន់​គោរព​បូជា ដី​កប់​សព​ក្រុម​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច ជាដើម។ នៅ​ខេត្ត​រតនគិរី មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​អ្នក​ភូមិ អះអាង​ថា ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម មួយ បាន​រំលោភ​ទៅ​លើ​គោលការណ៍​នេះ។

អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច រស់នៅ​ភូមិ​សមុទ្រលើ ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី នៅ​ថ្ងៃ​អង្គារ ទី១៩ ខែ​មីនា ឆ្នាំ​២០១៣ ចោទ​ប្រកាន់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម ឈ្មោះ អេលែវ ប៊ីអឹម ហ្យ័ញ ស្តុក (Elev BM Joint Stock) ថា​បាន​ឈូស​ឆាយ​ទៅ​លើ​ដី​តំបន់​កប់​សព​អ្នក​ភូមិ ដើម្បី​យក​ដី​ដាំ​កៅស៊ូ។

តំណាង​អ្នក​ភូមិ លោក ឈន់ លន់ មាន​ប្រសាសន៍​បញ្ជាក់​ថា ដី​តំបន់​កប់​សព​អ្នក​ភូមិ​មាន​ទំហំ​មួយ​ហិកតារ ជា​ដី​ដែល​បាន​កាត់​ចេញ​ពី​គម្រោង​ផ្តល់​ដី​សម្បទាន​រួច​ហើយ ក៏ប៉ុន្តែ​ក្រុមហ៊ុន​នៅ​តែ​បំពាន​ប្រើប្រាស់​កម្មករ និង​គ្រឿងចក្រ​ឈូស​ឆាយ​យក បើ​ទោះ​បី​អ្នក​ភូមិ​បាន​ប្រាប់​ទៅ​អ្នក​ឈូស​ឆាយ​ថា ដី​នោះ​ជា​តំបន់​កប់​សព​យ៉ាង​ណា​ក្តី។

លោក​បន្ត​ថា នេះ​គឺ​ជា​ការ​រំលោភ​បំពាន​ទៅ​លើ​តំបន់​វប្បធម៌​ប្រពៃណី ទំនៀមទម្លាប់ និង​រំលោភ​សិទ្ធិ​រស់នៅ​របស់​ជនជាតិ​ដើម​ភាគ​តិច ដែល​ច្បាប់​បាន​គាំពារ៖ «ខ្ញុំ​ទៅ​ប្រាប់​ម្តង​ហើយ ថ្ងៃ​ម្សិល ខ្ញុំ​ទៀត​គេ​រុញ​មក​ទៀត ខ្ញុំ​ទប់​ទៀត។ ថ្ងៃ​ម្សិល ខ្ញុំ​យក​ទៅ​កម្លាំង​ប្រហែល ២០​នាក់ ទាំង​ប្រុស​ទាំង​ស្រី»

នេះ​គឺ​ជា​សេចក្តី​រាយការណ៍​ថ្មី​មួយ​ទៀត ដែល​អ្នក​ភូមិ​ជនជាតិ​ដើម​ភូមិ​សមុទ្រលើ បាន​ចោទ​ថា ក្រុមហ៊ុន​អេលែវ រំលោភ​គោលការណ៍​ផ្តល់​ដី​សម្បទាន បន្ទាប់​ពី​អ្នក​ភូមិ​យ៉ាសោម បាន​ប្ដឹង​ចោទ​ប្រកាន់​ក្រុមហ៊ុន​នេះ​ពី​បទ​ឈូស​ឆាយ​ទៅ​លើ​ដី​ដែល​មាន​ សលាកបត្រ​ចុះ​បញ្ជី​កម្មសិទ្ឋិ​ដីធ្លី​ដោយ​ក្រុម​ការងារ និង​និស្សិត​ស្ម័គ្រ​ចិត្ត​របស់​រាជ​រដ្ឋាភិបាល។

តំណាង​ក្រុមហ៊ុន​អេលែវ មួយ​រូប​មិន​ប្រាប់​ឈ្មោះ មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុមហ៊ុន​មិន​ទាន់​បាន​ដឹង​ពី​ករណី​អ្នក​ភូមិ​ចោទ​ប្រកាន់​នេះ​ទេ ដូច្នេះ​ក្រុមហ៊ុន​នឹង​ស្រាវជ្រាវ ហើយ​ឆ្លើយ​បំភ្លឺ​ករណី​នេះ​នៅ​ពេល​ក្រោយ៖ «បញ្ហា​ហ្នឹង ខ្ញុំ​អត់​បាន​ដឹង​ដែរ ចាំ​មើល​ខ្ញុំ​សួរ​ខាង​គ្រឿងចក្រ​សិន ចាំ​ខ្ញុំ​ទូរស័ព្ទ​ប្រាប់​វិញ»

ទាក់ទិន​ករណី​នេះ​ដែរ ប្រធាន​ភូមិ​សមុទ្រលើ លោក វ៉ាន់ ខាំ មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា អ្នក​បញ្ជា​គ្រឿងចក្រ​ក្រុមហ៊ុន​ពិត​ជា​បាន​ឈូស​ឆាយ​ទៅ​លើ​ដី​តំបន់​កប់​សព​ របស់​អ្នក​ភូមិ​មែន។ លោក​បន្ត​ថា នេះ​គឺ​ជា​លើក​ទី​ពីរ​ហើយ ដែល​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ទៅ​លើ​ដី​តំបន់​កប់​សព​នោះ ហើយ​អ្នក​ភូមិ​បាន​លើក​គ្នា​ទៅ​ទប់ស្កាត់​មិន​ឲ្យ​គ្រឿងចក្រ​ឈូស​ឆាយ៖ «ទៅ ​មើល​ជាក់ស្តែង​ទៅ ប្រជាពលរដ្ឋ​គេ​ទប់​មិន​ឲ្យ​ឈូស​ទេ គេ​មិន​ឲ្យ​ឈូស ពួក​អា​ឈូស​គេ​ថា​ពួក​ខ្ញុំ​អត់​ដឹង​ទេ ពួក​ខ្ញុំ​ស៊ី​ឈ្នួល​គេ​តាម​មេ​ក្រុមហ៊ុន​នោះ​គេ​ថា​អ៊ីចឹង»

មេ​ឃុំ​សេដា លោក ធំ ផាន់ មាន​ប្រសាសន៍​បញ្ជាក់​ថា ប្រធាន​ភូមិ​បាន​រាយការណ៍​ពី​ករណី​នេះ​មក​អាជ្ញាធរ​ឃុំ ដើម្បី​ជួយ​ទប់ស្កាត់។ លោក​កត់​សម្គាល់​ថា កន្លង​ទៅ​នេះ​ក្រុមហ៊ុន​អេលែវ មិន​បាន​អនុវត្តន៍​ត្រឹមត្រូវ​តាម​គោលការណ៍​សម្បទាន​ដី​សេដ្ឋកិច្ច​នោះ​នៅ​ ឡើយ៖ «កម្មករ​អ្នក​ឈូស​ហ្នឹង គាត់​អត់​យល់​តាម​គោលការណ៍ អា​ហ្នឹង​វា​នៅ​ខ្វះ​ចន្លោះ​ហ្នឹង ហើយ​បាន​ជា​ប្រជាពលរដ្ឋ​ស្មុគស្មាញ​ក្នុង​ចិត្ត»

អភិបាល​ស្រុក​លំផាត់ លោក គង់ ស៊្រុន មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​គ្រោង​នឹង​អញ្ជើញ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ ចុះ​ត្រួត​ពិនិត្យ​សេចក្តី​រាយការណ៍​ចោទ​ប្រកាន់​របស់​ពលរដ្ឋ ដើម្បី​ផ្ទៀងផ្ទាត់​មើល តើ​ក្រុមហ៊ុន​ពិត​ជា​បាន​ប្រព្រឹត្ត​រំលោភ​ឬ​យ៉ាង​ណា៖ «ខាង​យើង​អត់​មាន​ នរណា​ចេះ​មើល​ប្លង់​ទេ ដើម្បី​មើល​ប្លង់​ជាក់លាក់​ថា​ដី​ហ្នឹង​ជា​ដី​របស់​គាត់​ពិត​ប្រាកដ។ បើ​ដី​គាត់​ពិត​ប្រាកដ យើង​កាត់​ចេញ​មិន​ឲ្យ​ក្រុមហ៊ុន​យក​របស់​គាត់​ទេ»

របាយការណ៍​អង្កេត​របស់​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៩ រហូត​បច្ចុប្បន្ន បន្ទាប់​ពី​ក្រុមហ៊ុន​អេលែវ ទទួល​បាន​អាជ្ញាប័ណ្ណ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​មក ប្រជាពលរដ្ឋ​ជនជាតិ​ដើម​នៅ​ឃុំ​ចំនួន​ពីរ គឺ​ឃុំ​សេដា ស្រុក​លំផាត់ និង​ប្រជាពលរដ្ឋ​ឃុំ​ស៊ឺង ស្រុក​បរកែវ បាន​ផ្ទុះ​ចេញ​នូវ​អំពើ​ហិង្សា និង​ប្ដឹង​តវ៉ា​ជាច្រើន​លើក បន្ទាប់​ពី​ក្រុមហ៊ុន​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍ ដី​ចម្ការ​វិល​ជុំ បឹង​ធម្មជាតិ និង​ដី​ដែល​អ្នក​ភូមិ​បាន​ចុះ​បញ្ជី​កម្មសិទ្ធិ​តាម​គោល​នយោបាយ​ចាស់​ សកម្មភាព​ថ្មី​របស់​រាជ​រដ្ឋាភិបាល៕

ប្រភព៖ វិទ្យុអាស៊ីសេរី


 

 
< Prev   Next >

ព័ត៌មានថ្ងៃនេះ

Download Khmer Unicode

អ្នកអានថ្ងៃនេះ​ : 0
សរុប​អ្នកអាន : 0
អានទំព័រ : 4075434
ទិន្នន័យចាប់ពីថ្ងៃ​ : 2013-04-30
Totals Top 5
0 អ្នកទស្សនាមកពី​ : 290 ប្រទេស