ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​លើ​ខ្នង​ភ្នំ​គូលែន​នៅ​តែ​បន្ត PDF Print E-mail
Wednesday, 08 May 2013 , សរសេរដោយ​ « វិទ្យអាស៊ីសេរី »   

គណ:កម្មការ​សម្រប​សម្រួល និង​ការពារ​បេតិកភណ្ឌ​អន្តរជាតិ (ICC = អាយ.ស៊ី.ស៊ី) ជាមួយ​អាជ្ញាធរ​អប្សរា ធ្លាប់​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ទៅ​លើ​ការ​កាប់​ឈើ និង​រាន​ព្រៃ​នៅ​លើ​ខ្នង​ភ្នំ​គូលែន។

 ការ​បំផ្លាញ​ព្រៃ​ឈើ​ទាំង​នោះ ត្រូវ​ក្រុម​អ្នក​ជំនាញ​ពន្យល់​ថា ជា​ដំណើរ​ឈាន​ទៅ​រក​ការ​បាត់បង់​ធម្មជាតិ និង​គំរាម​កំហែង​ដល់​វត្ថុ​បុរាណ​ជាច្រើន​របស់​អតីត​ទីក្រុង​បុរាណ​មួយ​នេះ។

មន្ត្រី​រដ្ឋាភិបាល ធ្លាប់​បាន​ដាស់តឿន​ឱ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប ប្រញាប់ប្រញាល់​រៀបចំ​គណៈកម្មការ​មួយ ដើម្បី​សិក្សា​ទៅ​លើ​ស្ថានភាព ព្រម​ទាំង​ចាត់​វិធាន​ការ​ការពារ​ខ្ពង់រាប​ភ្នំ​គូលែន នោះ​ជា​បន្ទាន់។

តើ​រហូត​មក​ដល់​ពេល​នេះ វិធាន​ការ​នៃ​កិច្ច​ការពារ​ភ្នំ​គូលែន បាន​កើត​ជា​រូបរាង​យ៉ាង​ណា?

ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ខ្នងភ្នំ បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន សកម្មភាព​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់ និង​ការ​កាប់​រាន​ព្រៃ ដើម្បី​យក​ដី​នៅ​តែ​បន្ត​កើត​ឡើង​លើ​ខ្នង​ភ្នំ​គូលែន នៃ​ស្រុក​ស្វាយលើ ដែល​ជា​តំបន់​ឧទ្យាន​ជាតិ​ការពារ​ដោយ​ព្រះរាជក្រឹត្យ​មួយ​នេះ។ ក្រុម​ប្រជាពលរដ្ឋ​ខ្លះ បាន​ឱ្យ​ដឹង​ថា ឈ្មួញ​រកស៊ី​ឈើ​មួយ​ចំនួន នៅ​តែ​កាប់​ឈើ​ពី​តំបន់​ភ្នំ​គូលែន យក​ទៅ​ជួញ​ដូរ។

បុរស​ម្នាក់​ដែល​ជា​អ្នក​ភូមិ​អន្លង់ធំ នៃ​ឃុំ​ខ្នងភ្នំ សុំ​មិន​បញ្ចេញ​ឈ្មោះ។ គាត់​បាន​មាន​ប្រសាសន៍​ថា កាល​ពី​សប្ដាហ៍​មុន ក្រុម​អ្នក​មាន​អំណាច​ខ្លះ​បាន​ទៅ​កាប់​ឈើ​នៅ​ក្នុង​តំបន់​ព្រៃ​សហគមន៍​ភូមិ ​តាពេញ ចំណែក​ឯ​ឈ្មួញ​មួយ​ចំនួន កំពុង​បន្ត​កាប់​ឈើ​នៅ​តំបន់​ភូមិ​ពពេល៖ «ព្រៃ ​នៅ​តំបន់​ភូមិ​តាពេញ ហ្នឹង កាប់​អារ​ជា​គ្រឿង​ផ្ទះ ឈើ​ដើម​ផ្ដៀក​មុខ ០,៥០-០,៦០-០,៧០​ម៉ែត្រ។ កាប់​អារ​ប៉ុន្មាន​ថ្ងៃ អ្នក​ស្រុក​គេ​រាយការណ៍​ទៅ​មន្ត្រី​បរិស្ថាន មក​ក៏​ឈប់​ហ៊ាន​ទៀត។ បើ​ដូច​ខាង​ពពេល ព្រះអង្គ​ជប់ អា​នោះ​បាន​ដឹក​ចូល​ព្រះអង្គ​ធំ រាល់​តែ​យប់។ គេ​អ្នក​រកស៊ី និង​មន្ត្រី​ពាក់ព័ន្ធ​ខ្លះ​ឯង​ដែល​ជួល​ឱ្យ​អ្នក​ស្រុក​អារ​ប្រភេទ​ជា​ក្ដារ ​លេខ​ពីរ អា​ក្ដារ​ទំហំ ២​តឹក​នោះ កាប់​តែ​ឈើ​ដើម​ឈើ​ទាល ដើម​ផ្ដៀក គគីរ»

ក្រុម​ប្រជាពលរដ្ឋ​មួយ​ចំនួន បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ខ្លាច​បាត់​បង់​ព្រៃ​ឈើ​នៅ​លើ​តំបន់​ខ្នង​ភ្នំ ​គូលែន ដែល​ជា​កន្លែង​ពួក​គេ​ធ្លាប់​ទទួល​ប្រយោជន៍​ពី​អនុផល​ព្រៃ​ដែរ​នោះ។ ក៏ប៉ុន្តែ មន្ត្រី​ពាក់ព័ន្ធ​នៅ​លើ​ខ្នង​ភ្នំ​គូលែន បាន​បដិសេធ​ចោល​ការ​អះអាង​របស់​អ្នក​ភូមិ ដែល​ថា​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ទី​នោះ។

ប្រធាន​សហគមន៍​ព្រៃ​ឈើ​ភូមិ​តាពេញ លោក ហន ហូន បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​មិន​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​លោក​ គ្រប់គ្រង​ទេ។ ទោះ​យ៉ាង​ណា ប្រធាន​សហគមន៍​ដដែល​បាន​ទទួល​ស្គាល់​ថា កាល​ពី​ជាង ១​សប្ដាហ៍​មុន គឺ​អតីត​ប្រធាន​សហគមន៍ អតីត​មេ​ឃុំ និង​រូប​លោក បាន​នាំគ្នា​ទៅ​កាប់​ឈើ ២-៣​ដើម នៅ​ក្នុង​ព្រៃ​សហគមន៍​នោះ ដោយសារ​តែ​ឈើ​នោះ​បាន​ឆេះ​ភ្លើង​ព្រៃ​ខូច និង​ដល់​ពេល​វា​ងាប់​ទៅ​ហើយ។

បើ​ទោះ​បី​ជា​មិន​មាន​សកម្មភាព​កាប់​ឈើ​ថ្មីៗ​ក៏ដោយ ក៏​ប្រធាន​សហគមន៍​ព្រៃ​ឈើ​ភូមិ​តាពេញ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ ដោយ​ថា​ព្រៃ​ឈើ​ជាច្រើន បាន​បាត់​បង់​នៅ​មុន​ពេល​ដែល​លោក​គ្រប់គ្រង ឯ​ការ​កាប់​ព្រៃ​រុករាន​យក​ដី​ព្រៃ​សហគមន៍​របស់​លោក ដែល​ធ្វើ​ឱ្យ​រួម​តូច ក៏​នៅ​តែ​គំរាម​កំហែង​នៅ​ឡើយ៖ «បើ​ថា​ឈើ​ធ្វើ​សំណង់​នោះ​វា​អស់​តាំង​ពី​ ឆ្នាំ​២០០៣-២០០៤ តាំង​ពី​ខ្ញុំ​មិន​ទាន់​ធ្វើ​ជា​ប្រធាន​សហគមន៍​ម្ល៉េះ។ ខ្ញុំ​នេះ​គេ​ថា​សាច់​មិន​បាន​ស៊ី​យក​ឆ្អឹង​ព្យួរ​ក ដូច​ពាក្យ​ចាស់​គេ​ថា អីចឹង​ឯង។ កាល​ពី​ឆ្នាំ​២០០៧ នោះ ខាង​សង្កែឡាក់ គេ​ត្រួស​ចូល​ក្នុង​ព្រៃ​សហគមន៍​យើង​ខ្ញុំ​នោះ​ចំនួន​ប្រហែល​ជា ២​ហិកតារ​ជាង​ដែរ ចេះ​បំព្រួញ​មក​ខាង​ណេះ​នៅ​តូច​ជាង»

លោក ហន ហូន បាន​បញ្ជាក់​ថា សហគមន៍​ការពារ​ព្រៃ​ឈើ​ភូមិ​តាពេញ របស់​លោក បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០០១ ដោយ​កាន់​កាប់​ដី​ព្រៃ​ឈើ​ទំហំ​ជាង ៤៤០​ហិកតារ ក៏ប៉ុន្តែ​បច្ចុប្បន្ន ដោយសារ​តែ​មាន​ការ​កាប់​ព្រៃ​រុករាន​យក​ដី គឺ​ដែន​ព្រៃ​សហគមន៍​របស់​លោក​បាន​រួម​តូច​មក​នៅ​ត្រឹម​តែ ៨២​ហិកតារ។

ចំណែក​ប្រធាន​ស្នាក់​ការ​បរិស្ថាន​នៅ​លើ​ខ្នង​ភ្នំ​គូលែន លោក ស៊ី ណាត បាន​មាន​ប្រសាសន៍​ថា មិន​មាន​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​នៅ​តាម​តំបន់​ភ្នំ​គូលែន ទេ ក៏ប៉ុន្តែ​លោក​ក៏​មិន​បដិសេធ​ចំពោះ​ការ​កាប់​ព្រៃ ដើម្បី​យក​ដី​ធ្វើ​ចម្ការ​ពនេចរ​តាម​របៀប​ប្រពៃណី​របស់​ប្រជាពលរដ្ឋ​ទេ៖ «នៅ ​លើ​ខ្នង​ភ្នំ​ព្រះអង្គធំ ខ្នង​ភ្នំ​យើង​វា​មាន​ភូមិ​៥ ទៅ​ប្រជាជន​រស់នៅ​កាប់​វិល​ជុំ ដល់​ពេល​រដូវ​វស្សា​អីចេះ គាត់​ធ្វើ​កាប់​ដាំ​ស្រូវ។ ជា​បញ្ហា ការ​ប្រឈម​នឹង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើ​នេះ​កាប់​ព្រៃ​ធ្វើ​ចម្ការបុះ»

ទោះ​យ៉ាង​ណា កាល​ពី​សប្ដាហ៍​មុន បុរស​ម្នាក់​ដែល​ជា​អ្នក​ស្រុក​បន្ទាយស្រី បាន​អះអាង​ថា ពួក​ឈ្មួញ​ធ្លាប់​ជួល​គាត់​ឱ្យ​បររទេះ​គោ​ទៅ​ដឹក​ជញ្ជូន​ឈើ​ចុះ​ពី​លើ​ភ្នំ។ គាត់​បញ្ជាក់​ថា ចាប់​តាំង​ពី ២​ខែ​មុន គឺ​ក្រុម​អ្នក​រកស៊ី​ឈើ​ខុស​ច្បាប់​បាន​បញ្ជូន​ម៉ាស៊ីន​ជាច្រើន​គ្រឿង​ទៅ​ កាប់​ឈើ​នៅ​កំពូល​ភ្នំ​គូលែន ម្ដុំ​ភូមិសាស្ត្រ​ថ្ម​អារ ព្រៃបេង និង​វាល​ទទឹង​ថ្ងៃ ជាប់​គ្នា​នឹង​ព្រំប្រទល់​ភ្នំ​ហប់ នៃ​ស្រុក​បន្ទាយស្រី។

ភ្នំ​គូលែន ជា​អតីត​រាជធានី​បុរាណ​ឈ្មោះ មហិន្ទ្របព៌ត មាន​អាយុ​កាល​ជាង ១​ពាន់​ឆ្នាំ​មក​ហើយ​របស់​អាណាចក្រ​ខ្មែរ។ ទីនោះ ក្រៅ​តែ​នៅ​មាន​សេសសល់​ប្រាសាទ​បុរាណ​ជាង ៥០​ផ្ទាំង​ថ្ម​ចម្លាក់ និង​កន្លែង​សម្រាប់​សក្ការៈ​បូជា​ព្រហ្មញ្ញ​ជាច្រើន​ទៀត គឺ​ថែម​ទាំង​មាន​ព្រៃ​ឈើ​ជា​ជម្រក​សត្វ​ព្រៃ​រស់នៅ ដែល​រដ្ឋាភិបាល​បាន​រក្សា​ទុក​ជា​ឧទ្យាន​ជាតិ។

«សំឡេង​ចាប»

ចម្លាក់​ថ្ម​បុរាណ​ដែល​នៅ​សេសសល់​តាម​ផ្ទាំង​ថ្ម និង​នៅ​ក្រោម​ទឹក​អូរ ក៏​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឱ្យ​ធ្វើ​ដំណើរ​ទៅ​ទស្សនា​ឥត​ដាច់​ជា​រៀងរាល់​ថ្ងៃ។

ទឹក​ជ្រោះ​ដែល​ហូរ​ធ្លាក់​ពី​ជ្រលង​ភ្នំ​លើ​ចម្លាក់​បុរាណ​បែប​ព្រហ្មញ្ញ ​សាសនា​ចុះ​ទៅ​ក្រោម ក្រៅ​តែ​ពី​ធ្វើ​ឱ្យ​គេ​ជឿ​ថា​ជា​ទឹក​មន្ត​នៃ​ជីវិត​សត្វ​លោក ក៏​ធ្វើ​ឱ្យ​អ្នក​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​សប្បាយ​គយគន់ និង​នាំគ្នា​ចុះ​ងូត​កម្សាន្ត​ដែរ។

«សំឡេង​ទឹក​ហូរ»

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១២ កន្លង​ទៅ មន្ត្រី​រដ្ឋាភិបាល​ដែល​ជួប​ប្រជុំ​ជាមួយ​គណៈកម្មការ​សម្រប​សម្រួល និង​ការពារ​បេតិកភណ្ឌ​អន្តរជាតិ បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ដោយសារ​តែ​ប្រជាពលរដ្ឋ​បាន​ចូល​ទៅ​រស់នៅ​លើ​ភ្នំ​គូលែន ជា​បន្តបន្ទាប់ ធ្វើ​ឱ្យ​មាន​ការ​កាប់​ឈើ​ខុស​ច្បាប់ និង​កាប់​រាន​ព្រៃ​ដើម្បី​ធ្វើ​ចម្ការ​កាន់​តែ​ធ្ងន់ធ្ងរ​ឡើងៗ។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ធ្លាប់​មាន​ប្រសាសន៍​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​រវាង​មន្ត្រី​រដ្ឋាភិបាល និង​ក្រុម​អ្នក​ជំនាញ​អន្តរជាតិ អាយ.ស៊ី.ស៊ី បាន​យល់​ឃើញ​រួម​គ្នា​ថា ជា​គោលដៅ​ធំ គឺ​ត្រូវ​តែ​ការពារ​ភ្នំ​គូលែន ឱ្យ​គេច​ផុត​ការ​បំផ្លិចបំផ្លាញ​ជា​បន្ទាន់។

នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ លោក សុខ អាន ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ប្រគល់​ភារកិច្ច​ទៅ​អាជ្ញាធរ​ខេត្ត​សៀមរាប ឱ្យ​ប្រញាប់ប្រញាល់​រៀបចំ​គណៈកម្មការ​ដែល​មាន​ក្រុម​ជំនាញ ដើម្បី​សិក្សា​ជា​បន្ទាន់​ទៅ​លើ​ស្ថានភាព​ជាក់ស្ដែង និង​រៀបចំ​ឯកសារ​ច្បាស់​លាស់ ដែល​នៅ​ក្នុង​នោះ​មាន​លើក​ឡើង​ពី​វិធាន​ការ​កែលំអ ព្រម​ទាំង​វិធាន​ការ​ការពារ​ខ្ពង់​រាប​ភ្នំ​គូលែន នេះ។

ក៏ប៉ុន្តែ លោក ឃឹម ប៊ុនសុង ជា​អភិបាល​ខេត្ត​សៀមរាប ដែល​ទើប​តែ​ឡើង​កាន់​តំណែង​ថ្មី បាន​មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ លោក​មិន​ទាន់​បាន​រៀបចំ​គណៈកម្មការ​ដើម្បី​ចាត់​វិធាន​ការ​ការពារ​ខ្ពង់​រាប ​ភ្នំ​គូលែន ដើម្បី​ឆ្លើយ​តប​តាម​អនុសាសន៍​មួយ​ចំនួន​នោះ​នៅ​ឡើយ​ទេ៕ដកស្រង់ចេញពី ៖វិទ្យុអាស៊ីសេរី(RFA)

 
< Prev   Next >

ព័ត៌មានថ្ងៃនេះ

Download Khmer Unicode

អ្នកអានថ្ងៃនេះ​ : 0
សរុប​អ្នកអាន : 0
អានទំព័រ : 4615233
ទិន្នន័យចាប់ពីថ្ងៃ​ : 2013-04-30
Totals Top 5
0 អ្នកទស្សនាមកពី​ : 303 ប្រទេស