ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

អំពើ​ពុករលួយ​បង្ក​ហានិភ័យ​ដល់​អាជីវកម្ម​នៅ​កម្ពុជា PDF Print E-mail
Thursday, 28 May 2015 , សរសេរដោយ​ « អ៊ុំ រង្សី »   

ក្រុម​សង្គម​ស៊ីវិល​បង្ហាញ​ថា អំពើ​ពុករលួយ​កំពុង​វាយ​លុក​ទៅ​លើ​អាជីវកម្ម​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​ប្រទេស​កម្ពុជា។ ករណី​នេះ គឺ​ជា​បញ្ហា​ប្រឈម និង​ជា​ផល​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា មិន​អាច​ប្រព្រឹត្ត​ទៅ​ដោយ​ឈរ​លើ​គោលការណ៍​សមធម៌ សុចរិត​ភាព និង​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ផលប្រយោជន៍​ដល់​ពលរដ្ឋ​គ្រប់រូប​នោះ​ទេ។

ការ​ពុំ​សូវ​យល់​ដឹង​ពី​សុចរិត​ភាព​នៃ​អាជីវកម្ម កង្វះ​ព័ត៌មាន​ជុំវិញ​ដំណើរការ​អាជីវកម្ម ការ​ចំណាយ​ក្រៅ​ផ្លូវការ ភាព​ធូរ​រលុង​នៃ​វិធានការ​ច្បាប់ ការ​សូក​ប៉ាន់​ដើម្បី​ទ្រទ្រង់​អាជីវកម្ម​របស់​ខ្លួន ព្រម​ទាំង​បញ្ហា​មួយ​ចំនួន​ទៀត គឺ​ជា​អំពើពុករលួយ​ដែល​ផ្តល់​ផល​អវិជ្ជមាន​ដល់​អាជីវកម្ម​កម្ពុជា។

ថ្លែង​នៅ​ក្នុង​សន្និសីទ​ថ្នាក់​ជាតិ​ស្ដីពី​សុចរិតភាព​ធុរកិច្ច​នៅ​ រាជធានី​ភ្នំពេញ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ឱក សេរីសោភក្តិ៍ មាន​ប្រសាសន៍​ថា អំពើ​ពុករលួយ​បាន​គំរាមកំហែង​ដល់​អាជីវកម្ម​នៅ​កម្ពុជា ទាំង​ខ្នាត​តូច និង​មធ្យម ហើយ​វា​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ​នោះ​ទេ វា​ក៏​ប៉ះពាល់​ដល់​អនាគត​ប្រទេស​ជាតិ​ផង​ដែរ។

លោក​បន្ត​ថា អំពើ​ពុករលួយ​ទៅ​លើ​អាជីវកម្ម​កម្ពុជា ធ្វើ​ឲ្យ​មាន​ចំណាយ​ខ្ពស់​ធ្វើ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ធ្វើ​ឲ្យ​ វិនិយោគិន​បាក់​ទឹក​ចិត្ត ព្រម​ទាំង​បង្កើត​ឲ្យ​មាន​ការ​ប្រព្រឹត្ត​ខុស​ច្បាប់​ជាដើម។ លោក​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​លោក​ស្នើ​ឲ្យ​រឹត​បន្តឹង​ប្រព័ន្ធ​តុលាការ៖ «ខ្ញុំ ​គិត​ថា យើង​ត្រូវ​តែ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ ដើម្បី​ឲ្យ​មាន​ភាព​ត្រជាក់ ព្រោះ​ថា អ្នក​រក​ស៊ី និង​អ្នក​វិនិយោគ​ដែល​មក​ប្រទេស​យើង គេ​នៅ​មាន​ភាព​ខ្លាច​ញញើត​ចំពោះ​ប្រព័ន្ធ​តុលាការ បញ្ហា​នេះ​ហើយ​ជា​កត្តា​រារាំង​ដល់​អាជីវកម្ម​កម្ពុជា»

​ស្រប​ជាមួយ​គ្នា​នេះ ប្រធាន​ផ្នែក​សហប្រតិបត្តិ​ការ​អភិវឌ្ឍ ស្ថានទូត​ប្រទេស​ស៊ុយអែត នៅ​កម្ពុជា អ្នកស្រី គ្រីស្ទីណា ឃូណែល (Kristina Kuhnel) បាន​ចាត់​ទុក​ថា អាជីវកម្ម​ទាំង​ខ្នាត​តូច និង​មធ្យម​នៅ​កម្ពុជា គឺ​វា​បាន​ផ្ដល់​ប្រយោជន៍​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា។

អ្នកស្រី​បាន​ឲ្យ​ដឹង​ទៀត​ថា កម្ពុជា​ជាប់​លេខ ១៣៥ ក្នុង​ចំណោម​ប្រទេស ១៨៩ ស្ដីពី​សន្ទុះ​នៃ​ការ​ធ្វើ​អាជីវកម្ម​របស់​ធនាគារ​ពិភពលោក ដែល​បង្ហាញ​ថា កម្ពុជា​ជា​ប្រទេស​ដែល​មាន​សំណូក​នៅ​ក្នុង​ដំណើរការ​អាជីវកម្ម​ខ្ពស់ ហើយ​អ្នកស្រី​ស្នើ​ឲ្យ​មាន​វិធានការ​បន្ទាន់​លើ​បញ្ហា​នេះ។

​សង្គម​ស៊ីវិល​ទាំង​ជាតិ និង​អន្តរជាតិ ដែល​បាន​ចូលរួម​សន្និសីទ​ថ្នាក់​ជាតិ​នោះ បាន​ផ្ដល់​អនុសាសន៍​ថា ប្រសិន​បើ​ប្រទេស​កម្ពុជា កាត់​បន្ថយ​អំពើ​ពុករលួយ​នៅ​ក្នុង​អាជីវកម្ម កម្ពុជា​នឹង​ទទួល​បាន​ចំណូល​មធ្យម​នៅ​ក្នុង​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ ខាង​មុខ​នេះ។

ឆ្លើយ​តប​នឹង​បញ្ហា​អំពើ​ពុករលួយ​នៅ​ក្នុង​ដំណើរការ​អាជីវកម្ម​នេះ ប្រធាន​នាយកដ្ឋាន​ចុះ​បញ្ជី​ពាណិជ្ជកម្ម​នៃ​ក្រសួង​ពាណិជ្ជកម្ម លោក ឱម តារាឫទ្ធិ មាន​ប្រសាសន៍​ថា កន្លង​មក​បញ្ហា​អំពើ​ពុករលួយ​កើត​ឡើង​ដោយសារ​តែ​ម្ចាស់​អាជីវកម្ម ឬ​ម្ចាស់​ក្រុមហ៊ុន​បើក​អាជីវកម្ម​មិន​បាន​ទៅ​ស្វែង​រក​សេវា​ពី​ក្រសួង​ ពាណិជ្ជកម្ម​ដោយ​ផ្ទាល់​នោះ​ទេ។

លោក​ថា ក្រសួង​ពាណិជ្ជកម្ម បាន​បង្កើត​ការ​ចុះ​បញ្ជី​អាជីវកម្ម​តាម​ប្រព័ន្ធ​អនឡាញ នឹង​ដាក់​ឲ្យ​ដំណើរការ​ឲ្យ​ប្រើប្រាស់​នៅ​ចុះ​ឆ្នាំ​២០១៥ ខាង​មុខ ហើយ​ក្រសួង​ពាណិជ្ជកម្ម​ជឿ​ថា ប្រព័ន្ធ​នេះ នឹង​បង្ក​ភាព​ងាយ​ស្រួល​ដល់​ម្ចាស់​អាជីវកម្ម និង​កាត់​បន្ថយ​អំពើ​ពុករលួយ៖ «ក្រសួង​ពាណិជ្ជកម្ម​ជឿ​ថា ការ​ចុះ​បញ្ជី​អាជីវកម្ម​តាម​ប្រព័ន្ធ​អនឡាញ នឹង​កាត់​បន្ថយ​អំពើ​ពុករលួយ ព្រោះ​ថា អ្នក​ធ្វើ​អាជីវកម្ម​គ្រាន់​តែ​នៅ​ផ្ទះ​របស់​ខ្លួន ហើយ​ចូល​ទៅ​កាន់​គេហទំព័រ​ក្រសួង មិន​បាន​ចំណាយ​ពេល​វេលា​មក​កាន់​ក្រសួង​ពាណិជ្ជកម្ម ផ្ទាល់​នោះ និង​មិន​ចាំបាច់​ចំណាយ​ផ្សេង​ទៀត ចំណុច​នេះ​ហើយ​ជា​ផល​ចំណេញ​ដល់​អ្នក​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា»

​របាយការណ៍​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា ដែល​ចេញ​ដោយ​អង្គការ​តម្លាភាព​កម្ពុជា បង្ហាញ​ថា «ប្រាក់​ទឹក​តែ» ជា​តថភាព​មួយ​មិន​អាច​ជៀស​រួច​បាន​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា។ របាយការណ៍​ក៏​បាន​បង្ហាញ​ទៀត​ថា សហគ្រាស​ធុន​តូច និង​មធ្យម​ជា​ច្រើន​ចូល​ចិត្ត​ប្រតិបត្តិការ​ក្រៅ​ផ្លូវការ ហើយ​ក្នុង​ចំណោម​សហគ្រាស​ចំនួន ១០០ ដែល​ត្រូវ​ស្ទង់​មតិ មាន​តែ ៦១ នៃ​អ្នក​ដែល​ត្រូវ​សម្ភាសន៍​តែប៉ុណ្ណោះ​បាន​ចុះ​បញ្ជី​ជាមួយ​ក្រសួង​ ពាណិជ្ជកម្ម ឬ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត។ លើស​ពី​នេះ របាយការណ៍​បាន​បន្ត​ថា ពួកគេ​បាន​បង់​សេវា​ក្រៅ​ផ្លូវ​ការ​នៅ​ពេល​ចុះ​បញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម ឬ​នាយកដ្ឋាន​ពន្ធដារ នៅ​ពេល​ដែល​មាន​អធិការកិច្ច។ លើស​ពី​នេះ​អ្នក​ឆ្លើយ​តប​ភាគ​ច្រើន​បាន​លើក​ឡើង​ថា មន្ត្រី​រាជការ​ទទួល​ប្រាក់​សំណូក ពីព្រោះ​ពួកគេ​ទទួល​បាន​ប្រាក់ខែ​ទាប៕ ពីវិទ្យុអាស៊ីសេរី

 
< Prev   Next >

ព័ត៌មានថ្ងៃនេះ

Download Khmer Unicode

អ្នកអានថ្ងៃនេះ​ : 0
សរុប​អ្នកអាន : 0
អានទំព័រ : 2527561
ទិន្នន័យចាប់ពីថ្ងៃ​ :
Totals Top 5
0 អ្នកទស្សនាមកពី​ : 213 ប្រទេស