ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

ប្រធាន​រដ្ឋ​សភា​អំពាវនាវ​ឲ្យ​​​ស្ថាប័ន​ពាក់ព័ន្ធ​ពង្រឹង​តួនាទី​ប្រឆាំង​អំពើ​ពុករលួយ PDF Print E-mail
Thursday, 28 May 2015 , សរសេរដោយ​ « ថា កិត្យា »   

រធាន​រដ្ឋ​សភា អំពាវនាវ​ឲ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ពង្រឹង​តួនាទី​អប់រំ ទប់ស្កាត់ និង​ចាត់​វិធានការ​ច្បាប់​បង្ក្រាប​អំពើ​ពុករលួយ ដែល​ជា​ជំងឺ​ដ៏​រ៉ាំរ៉ៃ​នៅ​ក្នុង​សង្គម​កម្ពុជា ដែល​មិន​អាច​លុប​បំបាត់​បាន​ទាំង​ស្រុង​នៅ​ឡើយ។ តំណាងរាស្ត្រ​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល រិះគន់​ផង និង​សាទរ​ផង​ចំពោះ​ចំណាត់​ការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​របស់​ រាជរដ្ឋាភិបាល​កន្លង​មក។

អំពើ​ពុករលួយ គឺ​ជា​ឧបសគ្គ និង​ធ្វើ​ឲ្យ​បាត់បង់​ថវិកា​ជាតិ​រាប់​លាន​ដុល្លារ​ក្នុង ១​ឆ្នាំៗ ដែល​ជះ​ឥទ្ធិពល​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច ស្ថិរភាព​នយោបាយ និង​ការ​បែងចែក​ភោគផល​សេដ្ឋកិច្ច​ប្រកប​ដោយ​សមធម៌ និង​ស្មើភាព ព្រម​ទាំង​ការវិវត្តន៍​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្ដីពី​ការ​ឈ្វេងយល់​ពី​ច្បាប់ និង​ការ​អនុវត្ត​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើ​ពុករលួយ​នៅ​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៦ ឧសភា លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា​កម្ពុជា មាន​ប្រសាសន៍​ថា អំពើ​ពុល​រលួយ​គឺ​ជា​ជំងឺ​មួយ​ប្រភេទ​ដែល​ពិបាក​ទប់ស្កាត់ ព្យាបាល និង​លុបបំបាត់។ ដូច្នេះ លោក​អំពាវនាវ​ឲ្យ​មាន​ឆន្ទៈ និង​ប្ដេជ្ញា​ចិត្ត​ខ្ពស់ ចូល​រួម​ប្រឆាំង​អំពើ​ពុករលួយ​ទាំង​អស់​គ្នា ជាពិសេស អង្គភាព​ប្រឆាំង​អំពើ​ពុល​រលួយ ត្រូវ​តែ​ពង្រឹង​តួនាទី​អប់រំ ទប់ស្កាត់ និង​ចាត់​វិធានការ​ច្បាប់​ជា​បន្ទាន់ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ៖ «ពង្រឹង​តួនាទី តាមដាន ត្រួត​ពិនិត្យ អនុវត្ត ដើម្បី​ធានា​ថា ការ​ប្រើប្រាស់​ធនធាន​របស់​រដ្ឋ​ប្រកប​ដោយ​ប្រសិទ្ធភាព»

​ប្រភេទ​បទល្មើស​ពុករលួយ​ចម្បងៗ​បច្ចុប្បន្ន​រួមមាន បទល្មើស​ស៊ី​សំណូក បទល្មើស​សូកប៉ាន់ បទល្មើស​រំលោភ​អំណាច និង​បទល្មើស​វិតិក្រម​ជាដើម។

​ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ លោក សុក សំអឿន អះអាង​ថា ស្ថាប័ន​ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ​ឈាន​មុខ​គេ​នោះ គឺ​ស្ថាប័ន​តុលាការ និង​ប៉ូលិស​ចរាចរណ៍​តាម​ដង​ផ្លូវ។

ទន្ទឹម​គ្នា​នេះ លោក​ក៏​បញ្ជាក់​ដែរ​ថា មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ នៅ​មាន​ភាព​ខ្វះ​ចន្លោះ ដែល​ទាមទារ​ឲ្យ​ធ្វើ​ការ​កែ​លម្អ៖ «ជា​ឧទាហរណ៍ រឿង​អ្នក​សូក​លុយ និង​ស៊ី​សំណូក។ ប្រសិន​បើ​ចាប់​អ្នក​ស៊ី​សំណូក​ឲ្យ​ប្រសិទ្ធភាព ដូច្នេះ​គឺ​ដាក់​និយមន័យ​លើកលែង​ទោស​សម្រាប់​អ្នក​សូក ព្រោះ​ពេល​ខ្លះ​មាន​គេ​បង្ខំ​អោយ​គាត់​សូក​លុយ»

​កន្លង​មក​ប្រជាពលរដ្ឋ​ចាត់​ទុក​អំពើ​ពុករលួយ​ជា​រឿង​ធម្មតា និង​ជា​មធ្យោបាយ​ដើម្បី​រស់​របស់​អ្នក​ប្រព្រឹត្ត​អំពើ​ពុករលួយ។ ប៉ុន្តែ​មក​ដល់​ពេល​នេះ ប្រជាពលរដ្ឋ​បាន​ចាត់​ទុក​អំពើ​ពុករលួយ​ជា​បញ្ហា​ធំ​បំផុត​សម្រាប់​សង្គម​ កម្ពុជា ទោះ​ជា​កម្ពុជា មាន​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ហើយ​ក្ដី តែ​អំពើ​ពុករលួយ​នៅ​តែ​ជា​បញ្ហា​ប្រឈម​ខ្លាំង​នៅ​ឡើយ។

​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល មាន​ប្រសាសន៍​ថា នេះ​ជា​ជំហាន​វិវត្តន៍​ថ្មី​មួយ​ក្នុង​ប្រទេស​កម្ពុជា ដែល​ប្រធាន​សភា​ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​ចូលរួម​ទប់ស្កាត់​ អំពើ​ពុករលួយ​នោះ។

លោក​ជំរុញ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​សង្គម​ស៊ីវិល ចាប់​ដៃ​គ្នា​ដើម្បី​បន្ត​អប់រំ​ផ្សព្វផ្សាយ​អំពី​ផល​អាក្រក់​នៃ​អំពើ​ ពុករលួយ​ឲ្យ​បាន​កាន់​តែ​ច្រើន ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​យល់​ដឹង​អំពី​ច្បាប់​នេះ​ឲ្យ​បាន​ ច្បាស់លាស់៖ «យើង​នឹង​បន្ត​ធ្វើការ​ជាមួយ​ប្រជាពលរដ្ឋ និង​យុវជន ដើម្បី​បម្លែង​ពី​ការ​យល់​ដឹង​ទៅ​ជា​សកម្មភាព​វិញ ដើម្បី​ទប់ស្កាត់ និង​ប្រឆាំង​អំពើ​ពុករលួយ»

​ចាប់​តាំង​ពី​ឆ្នាំ​២០១៤-​២០១៥ នេះ​ត​ទៅ ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​បញ្ចូល​កម្មវិធី​អប់រំ​ស្ដីពី​ការ​ប្រឆាំង​អំពើពុករលួយ ក្នុង​កម្មវិធី​សិក្សា​សម្រាប់​កម្រិត​មធ្យម​សិក្សា​ទុតិយភូមិ ថ្នាក់​ទី​១០ ទី​១១ និង​ថ្នាក់​ទី​១២។

​ទាក់ទិន​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​នេះ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បញ្ជាក់​ថា ដើម្បី​ទប់ស្កាត់​អំពើ​ពុករលួយ លោក​បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ​៣ គឺ​ការ​អប់រំ និង​ការ​បង្ការ ទប់​ស្កាត់ ព្រម​ទាំង​ការ​អនុវត្ត​ច្បាប់​បង្ក្រាប៖ «ការ​ប្រឆាំង​អំពើ​ពុករលួយ គឺ​ជា​ភារកិច្ច​រួម។ រី​ឯ​ការ​អនុវត្ត​ច្បាប់ គឺ​ជា​ភារកិច្ច​ផ្ដាច់មុខ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ»

​ប្រធាន​គណៈកម្មការ​អង្កេត បោស​សំអាត និង​ប្រឆាំង​អំពើ​ពុករលួយ ឬ​ហៅ​ថា គណៈកម្មការ​ទី​១០ នៃ​រដ្ឋសភា លោក ហូរ វ៉ាន់ លើក​ឡើង​ថា បើ​ទោះ​បី​ជា​ប្រជាជាតិ​កម្ពុជា បាន​តស៊ូ​ប្រឆាំង​អំពើ​ពុករលួយ​ជា​ច្រើន​ទសវត្ស​​ក្តី ប៉ុន្តែ​ប្រទេស​កម្ពុជា នៅ​តែ​ញាំញី​ដោយ​អំពើ​ពុករលួយ​មិន​ទាន់​ស្រាកស្រាន្ត​នៅ​ឡើយ។

​ប្រទេស​កម្ពុជា បាន​ចូល​ជា​ភាគី​នៃ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ ប្រឆាំង​អំពើ​ពុករលួយ​នៅ​ឆ្នាំ​២០០៧។ កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១០ រដ្ឋសភា​កម្ពុជា បាន​អនុម័ត​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើ​ពុករលួយ ដែល​មាន​គុណ​សម្បត្តិ​សមស្រប​ជាមួយ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ប្រឆាំង​ អំពើ​ពុករលួយ​ដែរ។ នៅ​ឆ្នាំ​២០១៤ នេះ រដ្ឋ​សភា​កម្ពុជា បាន​បង្កើត​គណៈកម្មការ​អង្កេត បោស​សំអាត និង​ប្រឆាំង​អំពើ​ពុករលួយ ដើម្បី​តាមដាន​ការ​អនុវត្ត​ច្បាប់ និង​ពិនិត្យ​ពី​ភាព​ខ្វះ​ចន្លោះ​នៃ​ក្របខ័ណ្ឌ​ច្បាប់ សំដៅ​ធ្វើការ​កែ​លម្អ និង​វិសោធនកម្ម​ច្បាប់​ពាក់ព័ន្ធ​នានា ដើម្បី​ទទួល​បាន​នូវ​ប្រសិទ្ធភាព និង​លទ្ធផល​ខ្ពស់៕ពីវិទ្យុអាស៊ីសេរី

 
< Prev   Next >

ព័ត៌មានថ្ងៃនេះ

Download Khmer Unicode

អ្នកអានថ្ងៃនេះ​ : 0
សរុប​អ្នកអាន : 0
អានទំព័រ : 2522664
ទិន្នន័យចាប់ពីថ្ងៃ​ :
Totals Top 5
0 អ្នកទស្សនាមកពី​ : 213 ប្រទេស