ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

ពលរដ្ឋ​និង​មន្ត្រី​១៤​នាក់​ត្រូវ​ជាប់​គុក​ពី​បទ​សូក​និង​ទទួល​សំណូក PDF Print E-mail
Tuesday, 16 June 2015 , សរសេរដោយ​ « ប៊ុត រស្មីគង្គា »   

ភ្នំពេញៈ ជន​ជាប់​ចោទ​១៤ នាក់ ក្នុង​នោះ​រួម​មាន តំណាង​ពលរដ្ឋ ៣ នាក់ (នៅ​ក្នុង​ឃុំ) និង​មន្ត្រី​ពាក់​ព័ន្ធ ១១ នាក់ (នៅ​ក្រៅ​ឃុំ) ត្រូវ​បាន​សាលាដំបូង​រាជធានី​ប្រកាស​សាលក្រម កាល​ពី​រសៀល​ថ្ងៃ​សុក្រ ផ្តន្ទាទោស​ចំពោះ​មុខ និង​កំបាំង​មុខ​ដាក់​ពន្ធនាគា​រម្នាក់ៗ ពី ២ ទៅ៥ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ម្នាក់ៗ​ពី​៦​ទៅ​១០លាន​រៀល ពី​បទ«សូក​ប៉ាន់ និង​ទទួល​សំណូក» ជាប់​ទាក់​ទង​នឹង​ករណី​រត់​ការ ដើម្បី​សុំ​លិខិត​អនុញ្ញាត ពី​មន្ត្រី​ពាក់​ព័ន្ធ​សុំ​ជីក​អាង​ស្តុក​ទឹក សម្រាប់​ធ្វើ​ឡូតិ៍​ត្រី​នេសាទ នៅ​ក្នុង​តំបន់​ហាម​ឃាត់ ស្ថិត​នៅ​ក្នុង​ឃុំ​ចំណារ​លើ ស្រុក​ស្ទោង ខេត្តកំពង់ធំ កាល​ពី​ឆ្នាំ ២០១២។

លោក ហេង កេសរោ ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ បាន​ឲ្យ​ដឹង​ថា ជន​ជាប់​ចោទ​ទាំង ១៤នាក់​ខាង​លើ មាន​ឈ្មោះ ទី១-ធាង ធា ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ ជា​តំណាង​ពលរដ្ឋ​ជាង ៤០០ គ្រួសារ នៅ​ក្នុង​ស្រុក​ស្ទោង (នៅ​ក្នុង​ឃុំ) ទី២- ថាវ ទុំ ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ ជា​តំណាង​ពលរដ្ឋ ជាង ៥០០ គ្រួសារ នៅ​ស្រុក​ស្ទោង (នៅ​ក្នុង​ឃុំ) និង ទី៣- ម៉េង ផល្លី ភេទ​ប្រុស អាយុ ៥២ ឆ្នាំ ជា​តំណាង ពលរដ្ឋ​ជិត ៣០០​គ្រួសារ នៅ​ស្រុក​ស្ទោង (នៅ​ក្នុង​ឃុំ)។

អ្នក​ទាំង ៣ នេះ ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស ដាក់​គុក​ម្នាក់ៗ ៥ ឆ្នាំ តែ​ទោស អនុវត្ត​នៅ​ក្នុង​ពន្ធនាគារ​ម្នាក់ៗ កំណត់​ត្រឹម​តែ​២​ឆ្នាំ​ទោស​នៅ​សល់ ត្រូវ​ព្យួរ និង​ពិន័យ​ជា​ប្រាក់​ម្នាក់ៗ ១០ លាន​រៀល សម្រាប់​ដាក់​ចូល​ក្នុង​ថវិកាជាតិ ពី​បទ«សូក​ប៉ាន់» មន្ត្រី​រាជការ​មាន​សមត្ថកិច្ច។ ពួកគេ​ត្រូវបាន​ឃុំខ្លួន កាលពី​ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១២។ 

លោក​ចៅ​ក្រម កេសរោ បាន​បន្តថា ជន​ជាប់​ចោទ​ឈ្មោះ ពុំ ធី ភេទ​ប្រុស មាន​តួនាទី​មេ​ឃុំ​ចំណារ​លើ និង​ជន​ជាប់​ចោទ​ឈ្មោះ ជា ស៊ីវុត្ថា ភេទ​ប្រុស មាន​តួ​នាទី ជា​ប្រធាន​មន្ទីរ​ធនធាន​ទឹក​ខេត្ត​កំពង់ធំ ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​កំបាំង​មុខ ដាក់​គុក​ម្នាក់ៗ ៥ឆ្នាំ តែ​ទោស អនុវត្ត​នៅ​ក្នុង​ពន្ធនាគារ​ម្នាក់ៗ ត្រឹម​២​ឆ្នាំ ហើយ​ទោស​នៅ​សល់ ត្រូវ​ព្យួរ​ទាំង​អស់ ពី​បទ«ទទួល​សំណូក» និង​ពិន័យ​ជា​ប្រាក់​ម្នាក់ៗ ១០ លាន​រៀល សម្រាប់​ដាក់​ចូល​ក្នុង​ថវិកា​ជាតិ។

តុលាការ ក៏​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ស្វែង​រក​ចាប់​ខ្លួន ជន​ជាប់​ចោទ​ឈ្មោះ ពុំ ធី និង ជា ស៊ី​វុត្ថា​នេះ  ដើម្បី​នាំ​ខ្លួន​មក​ដាក់​គុក​នៅ​ក្នុង​មន្ទីរ​ពន្ធនាគារ​ព្រៃ​ស «ម១» ផង​ដែរ។

លោក​ចៅ​ក្រម ហេង កេសរោ បាន​បន្ថែម​ថា ចំណែក​ឯ​ជន​ជាប់​ចោទ ឈ្មោះ ប៉ែន សុវណ្ណារិទ្ធ ភេទ​ប្រុស មាន​តួនាទី​ជា​នាយខណ្ឌ​រដ្ឋបាលខេត្ត​កំពង់ធំ កូយ ច័ន្ទ​សីហា ភេទ​ប្រុស មាន​តួនាទី​ជា​ប្រធាន​ជល​ផល​ប្រចាំ​ស្រុក​ស្ទោង ហម ប៉ុន ភេទ​ប្រុស មាន​តួនាទី​ជា​នាយរង មន្ទីរ​ជល​ផល​ខេត្តកំពង់ធំ ម៉ម ហ៊ុន ភេទ​ប្រុស​ជា​មន្ត្រី​រដ្ឋបាល​ស្រុក​ស្ទោង ផាត់ ផៃ ភេទ​ប្រុស មាន​តួ​នាទី​ជា​ប្រធាន​អធិការកិច្ច​នេសាទ​ខេត្តកំពង់ធំ អែម សំអុន ភេទ​ប្រុស មាន​តួនាទី​ជា​ប្រធាន​បរិស្ថាន​ស្រុក​ស្ទោង ព្រុំ រដ្ឋា ភេទ​ប្រុស មាន​តួនាទី​ជា អភិបាលស្រុក​ស្ទោង ឈុន ប៊ុន​ហ៊ូ ហៅ​ហូ ភេទ​ប្រុស មាន​តួនាទី​ជា មេបញ្ជាការ​កង​រាជអាវុធហត្ថ​ស្រុក​ស្ទោង  និង ឈ្មោះ វ៉ា ចាន់​កុសល ភេទ ប្រុស មាន​តួនាទី​ជា​នាយការិយាល័យ​នគរបាល​សេដ្ឋកិច្ច​ប្រចាំ​ស្រុក​ស្ទោង ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​កំបាំង​មុខ​ដាក់​ពន្ធនាគារ​ម្នាក់ៗ​ ២ ឆ្នាំ តែ​ទោស​អនុវត្ត​នៅ​ក្នុង​ពន្ធនាគារ ម្នាក់ៗ​ត្រឹម​តែ​៦​ខែ​ប៉ុណ្ណោះ ទោស​នៅ​សល់​ត្រូវ​ព្យួរ​ទាំង​អស់ និង​ពិន័យ​ជា​ប្រាក់​សម្រាប់​ដាក់​ចូល​ក្នុង​ថវិកា​ជាតិ​ម្នាក់ៗ ចំនួន ៦ លាន​រៀល​ពី​បទ«វិតិក្រម» (ទទួល​សំណូក ពី​តំណាង​ពលរដ្ឋ​ទាំង​៣​នាក់​ខាង​លើ)។ 

យោង​តាម​អង្គ​ហេតុ រឿង​ក្តី​ដែល​អាន​ដោយ​ក្រឡា​បញ្ជី នៅ​ក្នុង​សវនាការ បាន​ឲ្យ​ដឹង​ថា កាល​ពី​អំឡុង​ឆ្នាំ ២០១២ ឈ្មោះ ធាង ធា ឈ្មោះ ថាវ ទុំ និង ឈ្មោះ ម៉េង ផល្លី ដែល​ជា​តំណាង​ឲ្យ​អ្នក​ភូមិ​ប្រមាណ​ជាង ១០០០ គ្រួសារ បាន​មូល​មាត់​គ្នា ដើម្បី​ជីក​អាង​ស្តុក​ទឹក​ដើម្បី​ស្តុក​ទឹក​សម្រាប់​ធ្វើ​ឡូតិ៍​នេសាទ នៅ​ក្នុង​តំបន់​ហាម​ឃាត់ (តំបន់២ និង តំបន់៣)ស្ថិត​នៅ​ក្នុង​ឃុំ​ចំណារ​លើ ស្រុក​ស្ទោង ខេត្តកំពង់ធំ។

ដើម្បី​ទទួល​បាន​លិខិត​អនុញ្ញាត​ជីក​អាង​ស្តុក​ទឹក​នោះ ប្រជាជន​បាន​រ៉ៃ​អង្គាស​លុយ​គ្នា  ឲ្យ​ទៅ​តំណាង​របស់​ពួក​គេ ទាំង ៣ នាក់​ដើម្បី​យក​ទៅ​រត់​ការ​និង​សូក​ប៉ាន់ ទៅ​មន្ត្រី ជាប់​ចោទ​ទាំង ១១ នាក់​ខាង​លើ​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​លិខិត​អនុញ្ញាត​ពី​ពួក​គេ។

ដើម្បី​ទទួល​បាន​នូវ​លិខិត​អនុញ្ញាត​នោះ តំណាង​ប្រជាពលរដ្ឋ បាន​ផ្តល់​ប្រាក់​ទៅ​មន្ត្រី ទាំង​១១​នាក់​នេះ ម្នាក់ៗ​យ៉ាង​តិច​ពី ១ លាន​រៀល រហូត​ទៅ​ដល់ ២៥០០ ដុល្លារ។ 

មេធាវី​ការពារ​ក្តី​ជន​ជាប់​ចោទ​ទាំង​១៤ នាក់​មិន​អាច​ទាក់​ទង សុំ​អធិប្បាយ​បាន​ទេ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។ ប៉ុន្តែ នៅ​ក្នុង​សវនាការ​កាល​ពី​ថ្ងៃទី ២៧ ខែឧសភា ជន​ជាប់​ចោទ​ទាំង ៣​នាក់​ដែល​ជា​តំណាង​អ្នក​ភូមិ បាន​សារភាពថា ពួក​គេ​ពិត​ជា​បាន​ប្រគល់​ប្រាក់​មួយ​ចំនួន​ទៅ​មន្ត្រី​ខាង​លើ​មែន ដើម្បី​ឲ្យ​ពួក​គាត់ ចេញ​លិខិត​អនុញ្ញាត​ឲ្យ​ជីក​អាង​ស្តុក​ទឹក​នៅ​ក្នុង​ឃុំ​របស់​ពួក​គេ ក៏ប៉ុន្តែ លុយ​ដែល​ប្រគល់​ឲ្យ​នោះ មិន​មែន​ជា​ការ​សូក​ប៉ាន់​ពួក​គាត់​នោះ​ទេ តែ​ជា​ទឹក​ចិត្ត និង​ជា​អំពើ​សប្បុរស​របស់​ប្រជាពលរដ្ឋ​តែ​ប៉ុណ្ណោះ។

ចំណែក​ឯ​មេធាវី​ការពារ​ក្តី​របស់​មន្ត្រី​ខេត្ត​ជាប់​ចោទ​ទាំង ១១ នាក់ ក៏​បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​កូន​ក្តី​របស់​ពួក​គេ​ផង​ដែរ ដោយ​អះអាង​ថា ការ​ចោទ​ប្រកាន់​ខាង​លើ​នេះ គឺ​មិន​មាន​ធាតុ​ផ្សំ​នៃ​បទ​ល្មើស និង ភ័ស្តុតាង​ច្បាស់​លាស់​ទេ​ហើយ​បាន​សំណូម​ពរ​ឲ្យ​តុលា​ការ​លើក​ការ​ចោទ​ ប្រកាន់​ចំពោះ​កូន​ក្តី របស់​ពួក​គេ៕ ប្រភពពី ភ្នំពេញប៉ុស្តិ៍

 
< Prev   Next >

ព័ត៌មានថ្ងៃនេះ

Download Khmer Unicode

អ្នកអានថ្ងៃនេះ​ : 0
សរុប​អ្នកអាន : 0
អានទំព័រ : 2317378
ទិន្នន័យចាប់ពីថ្ងៃ​ :
Totals Top 5
0 អ្នកទស្សនាមកពី​ : 194 ប្រទេស