ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

គ្រូបង្រៀន​នៅ​វិទ្យាល័យ​សុខ​អាន​ក្តី​ទន្ទឹម​ខេត្ត​តាកែវ​ធ្វើ​កូដកម្ម​សុំ​ដក​នាយក​សាលា PDF Print E-mail
Wednesday, 17 June 2015 , សរសេរដោយ​ « អ៊ុក សាវបូរី »   

គ្រូបង្រៀនជាង ២០​នាក់​នៅ​វិទ្យាល័យ សុខ អាន ក្តី​ទន្ទឹម ខេត្ត​តាកែវ ចោទ​ថា នាយក​សាលា​នោះ​ចាយ​លុយ​ទ្រទ្រង់​សាលា ភីប៊ី (PB) និង​លុយ​ជួយ​សិស្ស​ក្រីក្រ (SIG) មិន​ត្រឹមត្រូវ និង​ធ្វើ​ឲ្យ​បាត់​លុយ​នោះ​ច្រើន​លាន​រៀល​ក្នុង​មួយ​ឆ្នាំៗ។

គ្រូបង្រៀន​នៅ​វិទ្យាល័យ សុខ អាន ក្តី​ទន្ទឹម ក្នុង​ឃុំ​ជើងគួន ស្រុក​សំរោង ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​មិន​បង្រៀន​សិស្ស និង​ទាមទារ​សុំ​ដក​នាយក​សាលា​ពី​តំណែង។

ការ​ធ្វើ​កូដកម្ម​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​គ្រូៗ​បាន​រក​ឃើញ​ថា នាយក​សាលា​នោះ​បាន​បំបាត់​ថវិកា​ជំនួយ​ច្រើន​លាន​រៀល តាំង​ពី​ឆ្នាំ​២០១០ មក។ ក្នុង​នោះ​មាន​ប្រាក់​សម្រាប់​ទ្រទ្រង់​សាលា​ភីប៊ី និង​ប្រាក់​ជួយ​ដល់​សិស្ស​ក្រីក្រ​ដែល​រៀន​ខ្សោយ ជា​ជំនួយ​ពី​ប្រទេស​ស៊ុយអែត (Sweden)។

លោកគ្រូ ឆែ សុគន្ធ អះអាង​ថា លោក​នាយក​ឈ្មោះ ឡុង អិត បាន​ធ្វើ​ឲ្យ​ប្រាក់​ទ្រទ្រង់​សាលា និង​ប្រាក់​ជំនួយ​សិស្ស​ក្រីក្រ​ក្នុង​មួយ​ឆ្នាំ​ជិត ៤០​លាន​រៀល​បាត់បង់ ដោយសារ​នាយក​សាលា​រូប​នោះ​ដក​ចាយ​មិន​ត្រូវ​ខ្ទង់៖ «បើ​ដក គឺ​ដក​ឲ្យ​ហើយ មិន​អាច​ទុក​ឲ្យ​ចាយ​ថវិកា​ឆ្នាំ​២០១៥ ដែល​មាន​ថវិកា​ភីប៊ី ជាង ២៨​លាន​រៀល និង​ថវិកា​អេស.អាយ.ជី ជាង ៣​ពាន់​ដុល្លារ​បន្ថែម​ពី​លើ​នោះ​ទៀត។ អ៊ីចឹង​បើ​សិន​ជា​បន្ត​ទុក​ឲ្យ​ចាយ​ទៀត អ៊ីចឹង​រួច​ខ្លួន​ម្តង​ទៀត​គាត់ គាត់​ថា​លើក​លែង​ទៅ​បាន​ដក​ចេញ អ៊ីចឹង​សហគមន៍​ខ្ញុំ​គ្មាន​ការ​អភិវឌ្ឍ​សោះ​ហើយ»

បន្ថែម​លើ​នោះ លោកគ្រូ មាស ម៉ុង ថ្លែង​ថា គ្រូបង្រៀន​ក្នុង​វិទ្យាល័យ​បាន​ប្ដឹង​ពី​កំហុស​របស់​នាយក​ទៅ​មន្ទីរ​អប់រំ​ ខេត្ត​តាកែវ សុំ​ពិនិត្យ​ការ​ចាយ​ប្រាក់​របស់ លោក ឡុង អិត នាយក​វិទ្យាល័យ សុខ អាន ក្តី​ទន្ទឹម។ ប៉ុន្តែ​មន្ទីរ​អប់រំ និង​អភិបាល មិន​អាច​អនុវត្ត​ច្បាប់​លើ​នាយក​បាន គ្រូៗ​បាន​ប្ដឹង​ករណី​នេះ​បន្ត​ទៅ​ក្រសួង​អប់រំ ទៀត។ កាល​ពី​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៥ ក្រសួង​អប់រំ បាន​ចេញ​លិខិត​១២៣៤ បញ្ជា​ឲ្យ​មន្ទីរ​អប់រំ​ខេត្ត ហៅ​លោក​នាយក​សាលា​ទៅ​អប់រំ​ផ្ទាល់​មាត់។ លោក​ថា ការ​ហៅ​អប់រំ​ឲ្យ​កែប្រែ​នេះ វា​មាន​បញ្ហា​ទៀត​នៅ​ក្នុង​ប្រាក់​ជំនួយ​ឆ្នាំ​២០១៥ ទើប​គ្រូៗ​មិន​សុខ​ចិត្ត ធ្វើ​បាតុកម្ម​ទាមទារ​ដក​នាយក​វិទ្យាល័យ សុខ អាន ក្តី​ទន្ទឹម នេះ​ពី​តំណែង។

បំភ្លឺ​ចំពោះ​ការ​លើក​ឡើង​របស់​គ្រូៗ​ក្រោម​ឱវាទ លោក ឡុង អិត នាយក​វិទ្យាល័យ សុខ អាន ក្តី​ទន្ទឹម ថ្លែង​ថា លោក និង​នាយក​រង ២​នាក់​ទៀត បាន​ទៅ​បំភ្លឺ​រឿង​លុយ​កាក់​នោះ​នៅ​មន្ទីរ​អប់រំ​ខេត្ត​តាកែវ ចប់​សព្វគ្រប់​អស់​ហើយ។ ដោយ​លោក​បាន​អនុវត្ត​តាម​ការ​ណែនាំ​ពី​ក្រសួង​អប់រំ ត្រឹមត្រូវ៖ «រឿង​នេះ​ខ្ញុំ​ពិបាក​ឆ្លើយ​ណាស់ សុំ​សួរ​ទៅ​ក្រសួង ព្រោះ​អី​ក្រសួង​ជា​អ្នក​ដែល​ចុះ​មក​សង្កេត​ពិនិត្យ​ផ្ទាល់ គាត់​អាច​ដឹង​ថា យ៉ាង​ម៉េចៗ​មួយ គឺ​គាត់​ជម្រាប​បាន»

ថ្លែង​ការពារ​មន្ត្រី​របស់​ខ្លួន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន អះអាង​ថា បណ្ដឹង​នៅ​វិទ្យាល័យ សុខ អាន ក្តី​ទន្ទឹម នោះ ក្រុម​អធិការកិច្ច​ក្រសួង​បាន​ចុះ​ទៅ​សាកសួរ និង​បាន​ព្រមាន​នាយក​សាលា​នោះ ព្រម​ទាំង​បាន​ណែនាំ​ផ្ទាល់​មាត់​ពី​ការ​ចាយ​វាយ​ថវិកា​របស់​សាលា​ឲ្យ​ ត្រឹមត្រូវ​រួច​រាល់​ហើយ។ លោក ហង់ ជួនណារ៉ុន សង្ស័យ​ថា ការ​ធ្វើ​កូដកម្ម​របស់​គ្រូៗ​នៅ​វិទ្យាល័យ សុខ អាន ក្តី​ទន្ទឹម នោះ អាច​មាន​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ​នៅ​ពី​ក្រោយ៖ «ខ្ញុំ​នឹង​ពិនិត្យ​ មើល​ស្ថានភាព​ជាក់ស្តែង​តែ​ម្តង ថា​តើ​វា​មាន​រឿង​នយោបាយ ឬ​ក៏​អត់? ហើយ​បើ​សិន​ជា​ដក ហើយ​តើ​ដាក់​ពី​ណា​ដែល​អាច​មាន​សមត្ថភាព​ធ្វើ ព្រោះ​ការងារ​ធ្វើ​នាយក​នេះ ការងារ​អត់​មាន​ការ​ឧបត្ថម្ភ​ទេ មាន​ឧបត្ថម្ភ​តែ​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ»

ពាក់ព័ន្ធ​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​អប់រំ នេះ តំណាង​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក នី ចាន់តារ៉ាវុធ អះអាង​ថា នាយក​សាលា​កម្រ​នឹង​មាន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ណាស់ គឺ​នាយក​សាលា​ភាគ​ច្រើន​កើត​ចេញ​ពី​ការ​តែងតាំង​គ្រូ ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។ ហើយ​គ្រូៗ​នៅ​ក្រោម​ឱវាទ មិន​សូវ​ហ៊ាន​លើក​ពី​បញ្ហា​ពុក​រលួយ​ក្នុង​សាលា​ទេ។ ប៉ុន្តែ​ការ​បង្ហាញ​ភស្តុតាង​ពុក​រលួយ​របស់​នាយក​វិទ្យាល័យ សុខ អាន ក្តី​ទន្ទឹម ពី​ករណី​កិប​កេង​ប្រាក់​ទ្រទ្រង់​សាលា ឬ ភីប៊ី និង​ប្រាក់​ជំនួយ​សិស្ស​ក្រីក្រ ឬ​អេស.អាយ.ជី ក្រសួង​អប់រំ គួរ​តែ​ស៊ើប​អង្កេត​ឲ្យ​បាន​ស៊ី​ជម្រៅ ដើម្បី​ស្វែងរក​ការ​ពិត​ក្នុង​រឿង​នេះ។

គ្រូ​នៅ​ក្នុង​វិទ្យាល័យ សុខ អាន ក្តី​ទន្ទឹម ឈ្មោះ គាន ពន្លក ឲ្យ​ដឹង​ថា គ្រូ​តវ៉ា​សុំ​ដក​នាយក​ពី​តំណែង​មាន ២៧​នាក់ ក្នុង​ចំណោម​បុគ្គលិក ៤៩​នាក់។ លោក​បន្ត​ថា ការ​ធ្វើ​កូដកម្ម​របស់​គ្រូៗ​បាន​សុំ​ច្បាប់​ពី​អាជ្ញាធរ ភូមិ ឃុំ នៅ​ក្នុង​មូលដ្ឋាន។ លោក​បន្ថែម​ថា ការ​តវ៉ា​នេះ​នឹង​ធ្វើ​បន្ត​ទៀត ហើយ​បើ​សិន​ជា​មិន​មាន​ការ​ដោះស្រាយ​ឲ្យ​បាន​ឆាប់​ទេ ការ​តវ៉ា​នេះ​អាច​នឹង​ប៉ះពាល់​ដល់​ការ​សិក្សា​ឆមាស​ទី​២ របស់​សិស្ស​ក្នុង​វិទ្យាល័យ​នេះ៕​ ប្រភពពី វិទ្យុអាស៊ីសេរី

 
< Prev   Next >

ព័ត៌មានថ្ងៃនេះ

Download Khmer Unicode

អ្នកអានថ្ងៃនេះ​ : 0
សរុប​អ្នកអាន : 0
អានទំព័រ : 1833180
ទិន្នន័យចាប់ពីថ្ងៃ​ :
Totals Top 5
0 អ្នកទស្សនាមកពី​ : 168 ប្រទេស