មន្ត្រីពន្ធនាគារខេត្តកំពតអះអាងថាមានករណីប្រព្រឹត្តអំពើពុករលួយក្នុងការដោះដូរអគារ |
![]() |
![]() |
![]() |
Friday, 19 June 2015 , | |
មន្ត្រីពន្ធនាគារខេត្តកំពត ប្រមាណ ៧០នាក់ បានទាមទារឲ្យអ្នកទទួលខុសត្រូវរបស់ស្ថាប័នមួយនេះ ដោះស្រាយកន្លែងស្នាក់នៅរបស់មន្ត្រីអនុរក្សពន្ធនាគារឡើងវិញ។ ពួកគេរិះគន់ថា គុណភាពអគារពុំមានស្តង់ដារ និងសាងសង់អគារឲ្យបានគ្រប់ចំនួន ដូចដែលមានក្នុងប្លង់មេឡើយ។ ស្របពេលជាមួយគ្នានេះ ប្រធានពន្ធនាគារខេត្តកំពត ទទួលស្គាល់ថា ពិតជាមានភាពចន្លោះប្រហោងយ៉ាងដូច្នេះមែន ក៏ប៉ុន្តែថា ចំណុចខ្វះខាតទាំងនេះ គឺអ្នកជំនាញកំពុងជួសជុលកែលំអឡើងវិញហើយ។ ប្រតិកម្មរបស់មន្ត្រីពន្ធនាគារនៅពេលនេះ ធ្វើឡើងក្រោយពីមានបទបញ្ជាឲ្យរុះរើពន្ធនាគារចាស់ និងតម្រូវឲ្យផ្លាស់ប្ដូរអ្នកទោសម្ដងជាពីរដងទៅទីតាំងថ្មី ក៏ប៉ុន្តែមានការជំទាស់ជាច្រើនលើកច្រើនសាពីមន្ត្រីពន្ធនាគារដែរ ដោយពួកគេចោទប្រកាន់ថា អគារថ្មីនេះធ្វើពុំទាន់បានគ្រប់ចំនួន ដូចដែលមាននៅក្នុងប្លង់មេនៅឡើយ។ មន្ត្រីនិយាយថា នៅក្នុងប្លង់មេ គឺតម្រូវឲ្យសាងសង់អគារចំនួន៤ ក៏ប៉ុន្តែពេលនេះ មានតែអគារ៣ ប៉ុណ្ណោះ ហើយពុំមានគុណភាពថែមទៀតផង។ ថ្លែងប្រាប់វិទ្យុអាស៊ីសេរី ដោយពុំហ៊ានបញ្ចេញឈ្មោះកាលពីព្រឹកថ្ងៃទី១៨ ខែមិថុនា ក្រុមមន្ត្រីពន្ធនាគារអះអាងថា ពួកគេជំទាស់ និងពុំព្រមផ្លាស់ប្ដូរទៅអគារថ្មីឡើយ។ ពួកគេថ្លែងថា ទីតាំងថ្មីខ្វះសព្វគ្រប់ ដូចជាពុំមានអគារសម្រាប់បុគ្គលិកបម្រើការស្នាក់នៅ គុណភាពអគារអន់ បន្ទប់តូចចង្អៀតជាងមុនជាដើម។ លើសពីនេះទៀត អគាររដ្ឋបាល និងអគារពេទ្យសម្រាប់ព្យាបាលអ្នកទោស ក៏ពុំមានថែមទៀតផង។ ពួកគេបន្តថា «អគារឃុំឃាំងក៏វាមិនគ្រប់គ្រាន់។ អគារចាស់ហ្នឹងវាមានជាង ១០បន្ទប់ ហើយដល់ពេលធ្វើថ្មីបានតែ ៩បន្ទប់។ វាមិនចង់បានអីច្រើនទេ គ្រាន់តែថាចង់ឲ្យមានអគាររឹងមាំ ហើយយើងទៅកន្លែងថ្មីឲ្យវាបានធំជាងអគារចាស់តិចទៅ។ ដីនេះ គឺសុទ្ធតែដីរដ្ឋទេ ឲ្យមន្ត្រីបានដីម្នាក់មួយប្លង់ ឬម្នាក់ ៥ម៉ែត្រអីអ៊ីចឹងទៅ»។ មន្ត្រីពន្ធនាគាររកឃើញថា អគារពន្ធនាគារចាស់នេះត្រូវបានគេលក់ក្នុងតម្លៃប្រមាណ ៤០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ចំណែកទីតាំងថ្មីដែលមានផ្ទៃដីចំនួន ៤ហិកតារលើសជិត ៣ដងនៃទំហំពន្ធនាគារចាស់ដែលមានទំហំជិត ១ហិកតារនោះ គឺជាដីសម្បទានរបស់រដ្ឋ។ មន្ត្រីពន្ធនាគារចោទប្រកាន់ថា ស្ថាប័នរដ្ឋមួយនេះបានប្រព្រឹត្តអំពើពុករលួយប្រមាណជាង ២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក្រោមរូបភាពនៃការដោះដូរនេះ។ ពាក់ព័ន្ធរឿងនេះ ប្រធានការិយាល័យសំណង់នៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ដែលទទួលបន្ទុកប្លង់សាងសង់នេះ គឺលោក អោ ប៉ូឡែត ទទួលស្គាល់ថា ភាពខ្វះខាតសម្រាប់ទីតាំងស្នាក់នៅរបស់មន្ត្រីពន្ធនាគារ គឺពិតជាមានភាពចន្លោះប្រហោងមែន។ ក៏ប៉ុន្តែសម្រាប់បន្ទប់អន្ទិត និងជនជាប់ចោទជាដើមវិញ គឺគ្រប់គ្រាន់។ លោក អោ ប៉ូឡែត ចាត់ទុកថា ការទាមទាររបស់មន្ត្រីពន្ធនាគារ គឺជាការទាមទារដ៏ខ្ពស់ហួសហេតុ ដែលខាងពន្ធនាគារពុំអាចផ្ដល់ជូនបាន ដូចជាពួកគេចង់បានប្លង់កម្មសិទ្ធិដាច់មុខ នៅក្នុងបរិវេណដីនៃពន្ធនាគារជាដើម។ ដោយឡែកប្រធានពន្ធនាគារខេត្តកំពត លោក អែម សំបូរ ឆ្លើយតបថា ភាពខ្វះចន្លោះនេះ ត្រូវបានជួសជុល និងកែលំអឡើងវិញហើយ។ លោកបន្តថា មិនយូរទេទីតាំងថ្មីនេះអាចនឹងដំណើរការក្នុងពេលឆាប់ៗនេះ។ លោក អែម សំបូរ បន្តថា «ដូចជាទ្វារដូចជាអីហ្នឹង កែសម្រួលឡើងវិញហើយ។ ពេលវេលាមានរយៈពេលខ្លីដែរ កំពុងបង្វិលទីតាំងចាស់»។ ជុំវិញរឿងនេះ មន្ត្រីស្រាវជ្រាវពន្ធនាគារនៃអង្គការលីកាដូ (Licadho) ប្រចាំខេត្តកំពត លោក យន់ ផល្លី យល់ឃើញថា ប្រសិនបើការសាងសង់មិនគ្រប់ស្តង់ដារនោះ បានន័យថា ដើមចមចម្បង គឺដោយសារមានអំពើពុករលួយ។ លោក យន់ ផល្លី បន្តថា «ដូចថាការសាងសង់ វាមិនបានល្អ ហើយមិនបានធំដូចជានៅទីតាំងពន្ធនាគារចាស់ទេ។ ដូច្នេះវាអាចមានទាក់ទិនអំពើពុករលួយហើយបាទ»។ ទីតាំងសំខាន់ៗមួយចំនួនក្នុងខេត្តកំពត ដូចជារោងកុន ពហុកីឡាដ្ឋានជាតិ និងចុងក្រោយនេះ គឺពន្ធនាគារ ត្រូវបានអាជ្ញាធររដ្ឋលក់ដូរឲ្យទៅក្រុមហ៊ុនឯកជនក្នុងតម្លៃរាប់ ម៉ឺនដុល្លារ ក្រោមរូបភាពដោះដូរដើម្បីអភិវឌ្ឍ។ ព័ត៌មាននៃការដេញថ្លៃជុំវិញការដោះដូរនេះ កម្រឃើញរដ្ឋប្រកាសជាសាធារណៈណាស់។ ក្រៅពីនេះ ទំហំទឹកលុយដែលបានពីការលក់អគាររដ្ឋនេះទៀតសោត ក៏ពុំដែលបង្ហាញថាបានបង់ចូលក្នុងថវិការដ្ឋប៉ុន្មានឲ្យប្រាកដ នោះដែរ។ អង្គការឃ្លាំមើលពិភពលោក (Global Witness) បានចេញផ្សាយក្នុងរបាយការណ៍របស់ខ្លួនថា ប្រទេសកម្ពុជា គឺជាប្រទេសសម្រាប់ដាក់លក់៕ ពីវិទ្យុអាស៊ីសេរី |
Next > |
---|