គីង្គក់ លក់ថ្នាំស្រែង
July 6th, 2012គីង្គក់ គឺជាសត្វដែលខ្លួនប្រាណមានសុទ្ទតែស្រែង តែបែរជាដើរលក់ថ្នាំស្រែងទៅវិញ។ តើមាននរណាគេនឹអាចជឿបាន? ជាក់ស្ដែងនៅក្នុងសង្គមយើងសព្វថ្ងៃ មានមនុស្សមួយចំនួន រស់នៅច្បាប់ ដេកលើច្បាប់ ប៉ុន្តែនៅតែបំពានច្បាប់ទៀត។ កាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២ មានការភ្ញាក់ផ្អើលមួយយ៉ាងខ្លាំងបានកើតឡើងនៅទីរួមខេត្ដកំពង់ឆ្នាំង ពោល នៅតាមហាងលក់ម៉ូតូមួយចំនួន ឃើញកម្លាំងគយជាច្រើននាក់ រួមជាមួយកម្លាំងកងរាជ អាវុធហត្ថដែលធ្វើដំណើរពីរាជធានីភ្នំពេញទៅបានចុះទៅបង្ក្រាបនិងរឹបអូស ម៉ូតូអត់ពន្ធជាច្រើនគ្រឿងដែលត្រូវបានដាក់តាំងលក់នៅតាមហាងទាំងនោះ។ នេះជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងរបស់ប្រជាពលរដ្ឋនៅទីរួមខេត្ដកំពង់ឆ្នាំងចំពោះ ប្រតិបត្ដិការ ដូចផ្លេកបន្ទោលរបស់កងកម្លាំងសមត្ថកិច្ចទាំងនេះដោយមិនសុំការចូលរួមពីសមត្ថកិច្ចណា មួយរបស់ខេត្ដកំពង់ឆ្នាំងឡើយក្នុងការចុះបង្ក្រាបនិងរឹបអូសម៉ូតូដែលគ្មានពន្ធ ដាក់លក់នៅតាមហាងទាំងនោះ។ តែអ្វីដែលគួរអោយភ្ងាក់ផ្អើលបំផុតនោះគឺ ក្រុមមន្ដ្រីគយ ដែលចុះបង្ក្រាបម៉ូតូអត់ពន្ធខាងលើនេះ គឺប្រើប្រាស់រថយន្ដអត់បង់ពន្ធដែរ ។ ក្រុមមន្ដ្រីគយ បានប្រើប្រាស់ រថយន្ដវីហ្គោមួយគ្រឿង ពណ៌ស ប៉ុន្ដែរថយន្ដនោះគ្មានស្លាកលេខ គ្មានបិទលេខបណ្ដោះអាសន្ន និងបិទពន្ធជាដើម ដូច្នេះ មានន័យថា ក្រុមមន្ដ្រីគយខាងលើ ជិះរថយន្ដអត់ពន្ធ ប៉ុន្ដែទៅបង្ក្រាបម៉ូតូអត់ពន្ធ។ ការធ្វើបែបនេះប្រៀបដូចជាមើលស្រាល និងយកច្បាប់របស់ប្រទេសយើងមកជាន់ឈ្លីដោយឥតខ្មាស់អៀន។ ម៉្យាងទៀតបើកុំតែមាន ពាក្យបណ្ដឹងមួយចេញពីក្រុមហ៊ុនលក់ម៉ូតូមានឈ្មោះល្បីបានប្ដឹងទៅសមត្ថកិច្ចទេ កុំអីក៏ គ្មានការចុះបង្គ្រាបដែរ រឺមួយពួកគាត់បានទទួលកំរៃខ្លះពីហាងទាំងនោះ។ ចំនែកការចុះ បង្គ្រាប មិនគួរណាធ្វើតែនៅទីនេះប៉ុណ្ដោះទេ តែគួរប្រតិបត្ដិការតាំងពីច្រកចូលព្រំដែនកម្ពុជា-ថៃមកម៉្លេះ។ ពួកគាត់អនុវត្ដច្បាប់ ដោយមិនមើលបទល្មើសរបស់ខ្លួនឯង។ នេះជាអំពើមួយ ដែលផ្ទុយពីពាក្យស្លោកប្រឆាំងអំពើពុករលួយរបស់កម្ពុជា៖ “បើចង់បំបាត់អំពើពុករលួយត្រូវ ចាប់ផ្ដើមពីខ្លួនខ្ញុំទៅ”។ដូច្នេះមជ្ឈដ្ឋានមួយចំនួនសូមអំពាវនាវឱ្យមានការស៊ើបអង្កេត ចំពោះប្រតិបត្ដិការផ្លេកបន្ទោលខាងលើនេះពីសំណាក់សមត្ថកិច្ចគយរួមទាំងកម្លាំង អាវុធហត្ថ ដោយមិនបានសុំការចូលរួម ពីសមត្ថកិច្ចរបស់ខេត្ដ៕
ដោយ ស.ម.ន
អ្នកអនុវត្តច្បាប់គួរគោរពខ្លួនសិន ទើបមានគេគោរពតាម។
តែសាច់គីង្គក់ វាឆ្ងាញ់ណាសណា