អង្គការ​សង្គម​ស៊ីវិល​ស្វែង​យល់​ ​និង​ផ្តល់​អនុសាសន៍​លើ​កម្មវិធី​ជាតិ...
Thursday, 08 October 2009 , សរសេរដោយ​ « គម្រោង​គាំទ្រ​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​​ »   

អង្គការ​សង្គម​ស៊ីវិល​ស្វែង​យល់​ ​និង​ផ្តល់​អនុសាសន៍​លើ​កម្មវិធី​ជាតិ​ ​សម្រាប់​ការ​អភិវឌ្ឍ​​តាម​បែប​​ប្រជា​ធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិៈ​

កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​​អង្គការ​សង្គម​ស៊ីវិល​ ​និង​ក្រសួង​មហា​ផ្ទៃ​​ ​លើ​សេចក្តី​ព្រាង​កម្មវិធី​ជាតិ​ ​១០​​​ឆ្នាំ​ ​​សម្រាប់​ការ​អភិវឌ្ឍ​​តាម​បែប​ប្រជា​ធិបតេយ្យ​​នៅ​ថ្នាក់​ក្រោម​ជាតិ​ ​​ត្រូវ​បាន​រៀបចំ​ឡើង​​នៅ​ថ្ងៃ​ទី​២​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០០៩​ ​នៅ​រាជ​ធានី​ភ្នំពេញ។​ ​​កិច្ច​ប្រជុំ​​ពិគ្រោះ​យោបល់​​នេះ​ត្រូវ​​បាន​រៀបចំ​​ ​ដោយ​គម្រោង​គាំទ្រ​ក្រុម​ប្រឹក្សា​ឃុំ​​ ​សង្កាត់​​​ ​CCSP ​​និង​​សម្រប​សម្រួល​​ដោយ​ការិយាល័យ​​​ទំនាក់​ទំនង​​អង្គការ​មិន​មែន​រដ្ឋាភិបាល​ NLO។​ ​​អ្នក​ចូលរួម​ចំនួន​ ​៥០​នាក់​មក​ពី​​តំណាង​អង្គការ​សង្គម​ស៊ីវិល​ ​​ដៃ​គូ​អភិវឌ្ឍ​ ​និង​មន្រ្តី​រដ្ឋាភិបាល​មក​ពី​​ក្រសួង​មហា​ផ្ទៃ​ ​បាន​ចូលរួម។​

ឯក​ឧត្តម​ ​លេង​ ​វី​ ​អគ្គ​នាយក​នៃ​​​អគ្គ​នាយក​ដ្ឋាន​រដ្ឋបាល​​នៃ​​ក្រសួង​មហា​​ផ្ទៃ​​ ​បាន​ថ្លែង​សុន្ទរកថា​​ ​បើក​កិច្ច​ប្រជុំ​នេះ។​​ ​ឯក​ឧត្តម​​ ​បាន​មាន​ប្រសាសន៍​​ពី​​ដំណើរការ​​ ​និង​​បញ្ហា​ប្រឈម​​​មួយ​ចំនួន​​ ​ក្នុង​ការ​តាក់​តែង​​សេចក្តី​ព្រាង​កម្មវិធី​​ជាតិ​នេះ​ ​​ជា​ពិសេស​​ការ​បក​ប្រែ​​ពី​ភាសា​អង់គ្លេស​​ទៅ​ជា​ភាសា​​ខ្មែរ​ ​​និង​ពី​ភាសា​​​ខ្មែរ​ទៅ​ភាសា​អង់គ្លេស។​ ​​នេះ​ជា​​សេចក្តី​ព្រាង​​លើក​ទី​បួន​ ​ក​ ​នៃ​កម្មវិធី​ជាតិ​ ​សម្រាប់​​ការ​អភិវឌ្ឍ​តាម​បែប​ប្រជា​​​ធិបតេយ្យ​​នៅ​ថ្នាក់​​ក្រោម​ជាតិ។​ ​ឯក​ឧត្តម​​​ ​លេង​ ​វី​ ​មាន​ប្រសាសន៍​​​ថា​ ​​នៅ​ក្នុង​ការ​បន្ត​អនុវត្ត​នយោបាយ​​កំណែ​​ទម្រង់​វិមជ្ឈការ​ ​​និង​​វិសហ​មជ្ឈការ​​ ​ការ​ចូលរួម​ពី​អ្នក​ពាក់ព័ន្ធ​​​​ ​ជា​ពិសេស​ ​​​អង្គការ​សង្គម​​ស៊ីវិល​​នៅ​​តែ​មាន​ភាព​​ចាំបាច់។​ ​​​ការ​ផ្តល់​​អនុសាសន៍​​ពី​អង្គការ​សង្គម​ស៊ីវិល​​លើ​ ​​កម្មវិធី​ជាតិ​នេះ​ ​​មាន​សារ​សំខាន់​​ណាស់​ ​ដើម្បី​​​ធានា​ថា​ ​​គោល​នយោបាយ​​ទាំង​អស់​នេះ​​អាច​យក​​​ទៅ​អនុវត្ត​​បាន។​ ​​ឯក​ឧត្តម​​បន្ត​ថា​ ​​ក្រសួង​មហា​ផ្ទៃ​​ ​មាន​ការ​ប្តេជ្ញា​ចិត្ត​​នឹង​ដាក់​សេចក្តី​ព្រាង​កម្មវិធី​ជាតិ​នេះ​ ​​ដើម្បី​សុំ​ការ​អនុម័ត​ ​ពី​រាជ​រដ្ឋាភិបាល​​នៅ​ចុង​ឆ្នាំ​២០០៩។​

​កម្មវិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​​តាម​បែប​ប្រជា​ ធិបតេយ្យ​​នៅ​ថ្នាក់​ក្រោម​ជាតិ​នេះ​​​គឺ​​ជា​ការ​អនុវត្ត​​កម្មវិធី​ យុទ្ធសាស្រ្ត​​រយៈ​ពេល​១០​ឆ្នាំ​ ​​​ដែល​ក្នុង​នេះ​ ​​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​​​នឹង​សម្រេច​បាន​​នូវ​វឌ្ឍនភាព​​គួរ​ឱ្យ​​​កត់​សម្គាល់​​ឆ្ពោះ​​ទៅ​រក​​ ចក្ខុ​វិស័យ​ ​​​​ជា​យុទ្ធសាស្រ្ត​​នៃ​ការ​អនុវត្ត​កំណែ​​ទម្រង់​​​វិមជ្ឈការ​ ​និង​វិសហ​មជ្ឈការ​ ​​ដែល​មាន​ចែង​ក្នុង​​ក្រប​ខ័ណ្ឌ​​យុទ្ធសាស្រ្ត​​ស្តីពី​កំណែ​​ទម្រង់​ វិមជ្ឈការ​ ​និង​វិសហ​មជ្ឈការ​​​ ​​ច្បាប់​ស្តីពី​​ការ​គ្រប់គ្រង​រដ្ឋបាល​​ ​រាជ​ធានី​ ​ខេត្ត​ ​ក្រុង​ ​​ស្រុក​ ​ខណ្ឌ​ ​​​និង​ច្បាប់​​​ស្តីពី​​​ការ​គ្រប់គ្រង​​រដ្ឋបាល​ឃុំ​ ​សង្កាត់។​

​បន្ទាប់​ពី​ការ​ថ្លែង​​សុន្ទរកថា​ ​​បើក​​របស់​​ឯក​ឧត្តម​ ​លេង​ ​វី​ ​វាគ្មិន​​មក​ពី​អង្គការ​​សង្គម​​ស៊ីវិល​​​ ​បាន​ពិភាក្សា​​ពី​សារ​សំខាន់​​នៃ​ការ​ផ្លាស់​ប្តូរ​​ ​​និង​​កំណែ​​ទម្រង់​​ ​ដែល​កំពុង​កើត​មាន។​

បន្ទាប់​មក​ ​សមាជិក​នៃ​​​កិច្ច​ប្រជុំ​បាន​​បំបែក​គ្នា​ជា​ប្រាំ​ក្រុម​តូចៗ​​ ​ដើម្បី​ធ្វើ​ការ​ពិភាក្សា​​ពី​សមាសធាតុ​​សំខាន់ៗ​ចំនួន​៥​ ​នៅ​ក្នុង​​ជំពូក​​ទី​៣​នៃ​សេចក្តី​ព្រាង​​​កម្មវិធី​ជាតិ​​នេះ​រួម​មានៈ​ ​​ការ​អភិវឌ្ឍន៍​​ស្ថាប័ន​​របស់​ថ្នាក់​ក្រោម​ជាតិ​ ​​ប្រព័ន្ធ​គ្រប់គ្រង​​ ​និង​ការ​អភិវឌ្ឍ​​ធនធាន​មនុស្ស​ ​​ការ​ផ្ទេរ​មុខងារ​​ប្រព័ន្ធ​គ្រប់គ្រង​ថវិកា​ ​ហិរញ្ញវត្ថុ​ ​​​និង​ទ្រព្យ​សម្បត្តិ​​របស់​ថ្នាក់​ក្រោម​ជាតិ​ ​​ស្ថាប័ន​​​គាំទ្រ​​សម្រាប់​កំណែ​ទម្រង់​​វិមជ្ឈការ​ ​និង​វិសហ​មជ្ឈការ។​

លទ្ធផល​​​នៃ​ការ​ពិភាក្សា​​​នេះ​នឹង​ត្រូវ​ធ្វើ​​ការ​ បង្ហាញ​ជូន​​លេខា​ធិការដ្ឋាន​នៃ​គណៈ​​កម្មាធិការ​​ជាតិ​ ​សម្រាប់​​ការ​អភិវឌ្ឍ​តាម​បែប​ប្រជា​ធិបតេយ្យ​​នៅ​ថ្នាក់​ក្រោម​ជាតិ​ ​(គ.ជ.អ.ប)​ ​សម្រាប់​ធ្វើ​ការ​ពិចារណា​ ​ដើម្បី​​ដាក់​បញ្ចូល​​ទៅ​ក្នុង​ឯកសារ​​កម្មវិធី​ជាតិ​១០​ឆ្នាំ​​ ​ដើម្បី​ឱ្យ​​ឯកសារ​នេះ​​កាន់​តែ​មាន​​លក្ខណៈ​កាន់​តែ​ស៊ី​​ជម្រៅ។​ ​​លទ្ធផល​នេះ​ ​គឺ​ជា​ការ​​រួម​វិភាគទាន​​ដ៏​សំខាន់​មួយ​​​របស់​​សង្គម​​ស៊ីវិល​​ ​ហើយ​​​វា​បាន​ឆ្លុះ​បញ្ចាំង​​ពី​កិច្ច​សហការ​​​​យ៉ាង​​ជិត​ស្និទ្ធ​ជា​​មួយ ​​​ក្នុង​​កិច្ច​អនុវត្ត​​គោល​នយោបាយ​​កំណែ​ទម្រង់​វិមជ្ឈការ​ ​​និង​​វិសហ​មជ្ឈការ​ ​​សំដៅ​ធានា​ឱ្យ​ការ​អភិវឌ្ឍ​​​​តាម​បែប​ប្រជា​ធិបតេយ្យ​​​នៅ​ថ្នាក់​ក្រោម​ ជាតិ​​ទទួល​បាន​ជោគជ័យ។​

​កិច្ច​​ប្រជុំ​​នេះ​​បាន​បញ្ចប់​​នៅ​ពេល​រសៀល​ ​​បន្ទាប់​ពី​សេចក្តី​ថ្លែង​សុន្ទរកថា​ ​​បិទ​របស់​លោក​ស្រី​ ​ប្រាក់​ ​សុខានី​ ​​នាយិកា​ប្រតិបត្តិ​នៃ​​គម្រោង​គាំទ្រ​​ក្រុម​ប្រឹក្សា​ឃុំ​ ​​សង្កាត់​ ​(CCSP)៕​ជា​ភាសា​អង់គ្លេស​

ដក​ស្រង់​ចេញ​ពីៈ​
-គម្រោង​គាំទ្រ​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់ ​​ ​ឆ្នាំ​ទី​៨​ ​លេខ​៧​ ​ទំព័រ​១,៧​ ​​ខែ​កក្កដា-​កញ្ញា​ ​ឆ្នាំ​២០០៩។​