ស៊ូថេប៖ ខ្ញុំមិនមែនជា ជនពុករលួយទេ
Friday, 08 February 2013 , សរសេរដោយ​ « ដើមអំពិល »   

ថ្ងៃ​ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៣

បាងកក៖ អតីត​ឧបនាយករដ្ឋ​មន្រ្តី​ថៃ លោក ស៊ូថេប ថង​សឿ​បាន ​កាល​ថ្ងៃ​ព្រហស្បតិ៍ ទី៧ ខែកុម្ភៈ បាន​ច្រាន​ចោល​ការ​រក​ឃើញ​នានា​ដែល​ថា លោក​ជាប់​ពាក់​ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​ជុំវិញ ការ​ផ្តល់​កិច្ច​សន្យា​ចំនួន​២ ឱ្យ​ទៅ ក្រុម​ហ៊ុន PCC Development and Construction (PCC) ដើម្បី​កសាង​ស្ថានីយ​ប៉ូលីស​រាប់​រយនៅទូទាំង ប្រទេសឡើយ។

កាសែត​បាងកក​ប៉ុស្តិ៍ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែ​កុម្ភៈ​ ឆ្នាំ ២០១៣ ឱ្យ​ដឹង​ថា លោក ស៊ូថេប បាន​ថ្លែង ប្រាប់​ក្នុង​សន្និ​សីទ​កាសែត​មួយ​នៅ​រដ្ឋ​សភា​ថា លោក​បាន​ផ្តល់​ការ​យល់​ព្រម​គ្រប់​ដំណាក់​កាល នៃ​ការ​ដេញ​ថ្លៃ​គម្រោង​នោះ​មែន ស្រប​ទៅ​តាម​អ្វី ដែល​ជា​សំណើ​របស់​មេ​ប៉ូលីស​តែ​ប៉ុណ្ណោះ។

លោក​បាន​ថ្លែង​ថា PCC បាន​ដាក់​ស្នើ​សុំ​ជា​ផ្លូវ​ការ នូវ​តម្លៃ​ទាប​ជាង​គេ​បំផុត​ គឺ​៥,៨៤​ពាន់​លាន​បាត សម្រាប់​ការ កសាង​ស្ថានីយ​ប៉ូលីស​ចំនួន ៣៩៦​កន្លែង ហើយ​គណៈ​កម្មការ​លទ្ធកម្ម ពេល​នោះ យល់​ឃើញ​ថា ការ​ដាក់​ដេញ ថ្លៃ​នោះ​ គឺថោក​ជាង​អ្នក​ដេញ​ថ្លៃ​ផ្សេង​ទៀត អី​ចឹង​ហើយ ទើប​បាន​ជា​លោក​សម្រេច​អនុម័ត​ឱ្យ PCC ឈ្នះ​ការ​ដេញ​ថ្លៃ​នោះ នៅ​ថ្ងៃ​ទី៧ ខែតុលា ឆ្នាំ​២០១០។

លោក​បន្ត​ថា លោក​មិន​ដែល​ស្គាល់ និង​មាន​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន PCC នេះ​ពី​មុន​មក​នោះ​ទេ ហើយ​ក៏​មិន ដឹង​ថា អ្នក​ណា​ជា​ថៅ​កែ​វា​ដែរ។​  លោក​ក៏​បដិសេធ​ផង​ដែរ​ថា មិន​បាន​ចូល​​ដៃ​នៅ​ក្នុង​ការ​ដេញ​ថ្លៃ​នោះ​ទេ៕ ដកស្រង់ចេញពី៖ ដើមអំពិល

http://www.dap-news.com/2011-06-14-02-40-26/57432-2013-02-08-01-19-52.html