ពលករខ្មែរធ្វើការនៅថៃ១០នាក់ថាក្រុមហ៊ុនរំលោភកិច្ចសន្យាការងារ
Tuesday, 12 February 2013 , សរសេរដោយ​ « វិទ្យអាស៊ីសេរី »   

ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៣

ស្រប​ពេល​ដែល​ពលករ​ខ្មែរ​ភាគ​ច្រើន​អះអាង​ថា ពួក​គេ​ត្រូវ​បាន​ថៅកែ​ថៃ វាយ​ធ្វើ​បាប ឬ​ចាប់​យក​ទៅ​លក់​ឲ្យ​ថៅកែ​ប្រទេស​ផ្សេង​ទៀត ហើយ​មិន​ចង់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​នោះ បែរ​ជា​មាន​ពលករ​ខ្មែរ​ចំនួន ១០​នាក់​នៅ​ខេត្ត​កំពង់ឆ្នាំង ចង់​ត្រឡប់​ទៅ​ធ្វើ​ពលករ​នៅ​ប្រទេស​ថៃ​ទៅ​វិញ។

ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ១០​នាក់ ដែល​ទើប​ត្រូវ​បាន​ក្រុមហ៊ុន អេសអ៊ឹមអេស (SMS= Success Manpower Service) បញ្ជូន​ឲ្យ​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ បាន​នាំ​គ្នា​តវ៉ា​នៅ​ថ្ងៃ​ទី​១០ កុម្ភៈ ដោយ​ចោទ​ប្រកាន់​ថា ក្រុមហ៊ុន​បាន​រំលោភ​លើ​កិច្ចសន្យា​ការងារ។

កម្មករ​ទាំងនោះ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទទួល​ខុសត្រូវ​ក្នុង​ការ​បញ្ជូន​ គាត់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​វិញ។ បើ​ពុំ​ដូច្នោះ​ទេ ពួក​គាត់​នឹង​ប្ដឹង​ឲ្យ​ក្រុមហ៊ុន​សង​ប្រាក់​ដែល​គាត់​បាន​បង់​នោះ​ឲ្យ​ ពួកគាត់​វិញ។

បុរស​ឈ្មោះ ទុយ គៀង អាយុ ២៨​ឆ្នាំ អ្នក​ភូមិ​ត្រពាំង​ត្រាច ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង។ គាត់​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១០ កុម្ភៈ ថា ក្រុមហ៊ុន​នាំ​ពលករ​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ឈ្មោះ អេសអ៊ឹមអេស បាន​រំលោភ​លើ​កិច្ចសន្យា​ការងារ និង​បាន​ដឹក​ពួកគាត់​ឲ្យ​មក​ស្រុក​ខ្មែរ​វិញ​ដោយ​បង្ខំ។

ពលករ ទុយ គៀង បន្ត​ថា ពេល​គាត់​ដាក់​ពាក្យ គឺ​ទៅ​ធ្វើ​ការងារ​ផលិត​គ្រឿង​អេឡិចត្រូនិក។ តែ​ដល់​ពេល​បញ្ជូន​ទៅ​ក្រុមហ៊ុន​ប្រាប់​ថា ទៅ​ធ្វើ​ការងារ​ដំឡើង​ម៉ាស៊ីន​ត្រជាក់។ លុះ​ទៅ​ដល់​ស្រុក​ថៃ គេ​បែរ​ជា​ឲ្យ​ពួកគាត់​ធ្វើ​ការងារ​សំណង់​វិញ។ លុះ​ពួកគាត់​តវ៉ា​ក្រុមហ៊ុន​បែរ​បញ្ជូន​ពួកគាត់​មក​ស្រុក​ខ្មែរ​តែ​ម្ដង។ ពេល​ពួកគាត់​ក្រាញ​មិន​ព្រម មេការ​ជន​ជាតិ​ថៃ បាន​គំរាម​ចាប់​បញ្ជូន​ពួកគាត់​ដោយ​បង្ខំ។

ពលករ ទុយ គៀង៖ «ពួក​ខ្ញុំ​កំពុង​ធ្វើ​ការងារ​សុខៗ មេការ​នោះ​បាន​មក​ប្រាប់​ថា បើ​ពួក​ខ្ញុំ​មក​ធ្វើ​ការងារ​បណ្ដោះអាសន្ន​ទេ វា​អត់​ឲ្យ​ធ្វើ​ទៀត​ទេ ហើយ​វា​ប្រាប់​ថៅកែ​ថៃ បើក​លុយ​ឲ្យ​ពួក​ខ្ញុំ រួច​បណ្ដេញ​ពួក​ខ្ញុំ​ចេញ​តែ​ម្ដង»

ពលករ​ម្នាក់​ទៀត​ឈ្មោះ ស សុខុម អាយុ ២២​ឆ្នាំ បាន​ឲ្យ​ដឹង​បន្ថែម​ថា គាត់​បាន​ចងការ​ប្រាក់​ពី​ធនាគារ​មក​បង់​ឲ្យ​ក្រុមហ៊ុន​ក្នុង​ម្នាក់ៗ ៤១០​ដុល្លារ ហើយ​ទើប​តែ​ធ្វើការ​បាន​តែ ១៥​ថ្ងៃ​ស្រាប់​តែ​ក្រុមហ៊ុន​យក​គាត់​ត្រឡប់​មក​វិញ។ គាត់​សំណូមពរ​ឲ្យ​ក្រុមហ៊ុន​បញ្ជូន​ពួកគាត់​ទៅ​ធ្វើ​ការងារ​វិញ ដើម្បី​រក​ប្រាក់​សង​ធនាគារ បើ​ពុំ​ដូច្នោះ​ទេ ធនាគារ​មុខ​ជា​រឹបអូស​ដីធ្លី និង​ផ្ទះសំបែង​របស់​គាត់​ហើយ។

ពលករ​ឈ្មោះ ស សុខុម៖ «ដើម​ឡើយ​ខ្ញុំ​ចង់​សុំ​ដូរ​ការងារ តែ​ក្រុមហ៊ុន​ថា ដូរ​មិន​បាន។ គេ​ថា ឲ្យ​ខ្ញុំ ធ្វើ​បណ្ដោះអាសន្ន ខ្ញុំ​ក៏​ព្រម​ធ្វើ​ដែរ ដល់​ធ្វើ​បាន​កន្លះ​ខែ ស្រាប់​តែ​មេការ​បណ្ដេញ​ពួក​ខ្ញុំ​តែ​ម្ដង»

យ៉ាង​នេះ​ក្ដី ប្រធាន​ផ្នែក​រដ្ឋបាល​ក្រុមហ៊ុន អេស​អ៊ឹម​អេស លោក សូ ផាត បាន​ពន្យល់​ចំពោះ​បញ្ហា​នេះ​ថា ករណី​នេះ​ជា​កំហុស​របស់​ពលករ។ លោក​ថា ការងារ​ដែល​ពលករ​ទាំង ១០​រូប​បាន​ធ្វើ​នោះ​គឺ​ជា​ការងារ​ដំឡើង​ម៉ាស៊ីន​ត្រជាក់​ឲ្យ​ផ្សារ​ទំនើប​ មួយ​នៅ​ប្រទេស​ថៃ មិនមែន​ជា​ការងារ​សំណង់​ទេ។ តែ​ពលករ​មិន​យល់​បែរ​ជា​នាំ​គ្នា​សុំ​ប្ដូរ​ការងារ ទើប​មាន​បញ្ហា​នេះ​កើត​ឡើង។

យ៉ាង​នេះ​ក្ដី ក្រុមហ៊ុន​សន្យា​ថា នឹង​បញ្ជូន​ពលករ​ទាំង ១០​រូប​នេះ​ទៅ​វិញ​នៅ​ពេល​ដែល​ក្រុមហ៊ុន​ទាក់ទង​បាន​ការងារ​ផលិត​គ្រឿង​ អេឡិចត្រូនិក៖ «ក្រុមហ៊ុន​នៅ​តែ​ដោះស្រាយ​ឲ្យ​គាត់ អ៊ីចឹង​ក្នុង​នាម​ដែល​គាត់​ជា​ពលករ​ដែល​ចេញ​ពី​ក្រុមហ៊ុន​យើង ទៅ​តែ​យើង​ត្រូវ​ការ​ពេល​វេលា​មួយ​រក​រោងចក្រ​ថ្មី​ឲ្យ​គាត់។ មិន​មែន​យើង​ចង់​ដូរ​គឺ​ដូរ​បាន​ភ្លាម​នោះ​ទេ។ ម្យ៉ាង​ទៀត​ការងារ​នេះ​ក៏​ត្រូវការ​រត់​ឯកសារ​ដែរ គឺ​ទៅ​ក្រសួង​ការងារ និង​ក្រសួង​មហាផ្ទៃ​ទៀត ដូច្នេះ​គឺ​គាត់​ត្រូវ​តែ​រង់ចាំ»

ជា​រឿយៗ គេ​ច្រើន​សង្កេត​ឃើញ​ថា ក្រុមហ៊ុន​នាំ​ពលករ​ចេញ​ទៅ​ប្រទេស​ថៃ ភាគ​ច្រើន​បាន​អូស​បន្លាយ​ពេលវេលា​ក្នុង​ការ​ចេញ​ដំណើរ​ទៅ​ធ្វើ​ការងារ​ខុស​ ពី​កិច្ចសន្យា។ កត្តា​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក ព្រោះ​ពួកគាត់​បាន​ខ្ចី​ប្រាក់​ពី​ធនាគារ​ដើម្បី​បង់​ឲ្យ​ក្រុមហ៊ុន​ជាមួយ​ ក្ដី​សង្ឃឹម និង​រក​បាន​ប្រាក់​មក​សង​ធនាគារ​ខ្លះ និង​ដោះស្រាយ​ជីវភាព​គ្រួសារ​ខ្លះ។

ចំពោះករណីពលករទាំង១០រូបនៅភូមិត្រពាំងត្រាចនេះវិញ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សខេត្តកំពង់ឆ្នាំង គឺ​លោក សំ ច័ន្ទគាមានប្រសាសន៍ថា មន្ទីរការងារត្រូវតែជួយធ្វើអន្តរាគមន៍ឲ្យក្រុមហ៊ុនបញ្ជូនពលករទាំងនេះទៅធ្វើការវិញជា​បន្ទាន បើមិនដូច្នោះទេពួកគេពិតជាមានវិបត្តិធ្ងន់ធ្ងរ ពីព្រោះគ្មានប្រាក់សងធនាគារ។ ដកស្រង់ចេញពី៖ វិទ្យុអាស៊ីសេរី