រលកកូដកម្មនិងបាតុកម្មនៅតែរញ្ជួយក្រុងតាខ្មៅ និងក្រុងបាវិត
Tuesday, 19 February 2013 , សរសេរដោយ​ « កោះសន្តិភាព »   

ថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៣ ម៉ោង ០៨:៣៣

ខេត្ត​ស្វាយរៀង ៖ ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ ​រលក​កូដ​កម្ម​របស់​កម្មករ-​កម្មការិនី​នៅ​តាម​រោង​ចក្រ​បាន​កក្រើក​ឡើង​ជា​ បន្ត​បន្ទាប់​ ហើយ​ប្រការ​ដែល​គួរឱ្យ​កត់​សម្គាល់​គឺ​ ការ​ទាម​ទារ​នូវ​លក្ខខណ្ឌ​ការ​ងារ​ពិសេស​គឺ​ការ​ទាម​ទារ​ឱ្យ​ដំឡើង​ប្រាក់​ ខែ​នេះ​ឯង​ មុន​ពេល​នឹង​មាន​ការ​ជួប​គ្នា​រវាង​ស្ថាប័ន​រាជ​រដ្ឋាភិបាល​ សមាគម​រោង​ចក្រ​កាត់​ដេរ​ តំណាង​និយោជក តំណាង​សហ​ជីព​ នៅ​ថ្ងៃ​ទី​២៦​ កុម្ភៈ​ ដើម្បី​សម្រេច​ថា​ តើ​បៀវត្ស​កម្មករ​គួរដំឡើង​ក្នុង​កម្រិត​ណា​ដែល​អាច​ទទួល​យក​បាន​ទាំង​សង​ ខាង ។​

ព្រឹតិ្តការណ៍ដែល​កំពុង​ផ្ទុះ​ឡើង​និង​ជា​ចំណុច​ក្តៅ​ គួរ​ឱ្យ​តាម​ដាន​នោះ​ គឺ​ការបិទ​ទ្វារ​រោង​ចក្រ​ចំនួន​៣១​ នៅ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​មេន​ហាត​ធេន​ និងសេងតាយ​នៅ​ក្រុង​បាវិត​ ខេត្ត​ស្វាយ​រៀង ។​ នេះ​ជា​ការ​បិទ​ទ្វារ​រោង​ចក្រ​ដ៏​ច្រើន​មិន​ធ្លាប់​មាន ដោយសារ​តែ​ផ្ទុះ​ឡើង​នូវ​កូដ​កម្ម​ និង​បាតុ​កម្ម​របស់​កម្មករ​រោង​ចក្រ​ ។​ ចំណែក​នៅ​ក្រុង​តាខ្មៅ​ ក៏​មាន​បាតុ​កម្មបិទ​ផ្លូវ​ជាតិ​លេខ​ 21B ផង​ដែរ​ពី​សំណាក់​កម្មករ​រោង​ចក្រ​យ៉ុង​វ៉ា​ទី​១​ និង​យ៉ុង​វ៉ា​ទី​២​ ខណៈ​រោង​ចក្រ​នេះ​ទំនង​ក្ស័យ​ធន​ទៅ​ហើយ​នោះ​ ធ្វើ​ឱ្យ​កម្មករ​​បាត់​បង់​ប្រាក់​អត្ថ​ប្រយោជន៍​មួយ​ចំនួន​ ។ ខាង​ក្រោម​នេះ​គឺ​ជា​សេចក្តី​រាយ​ការណ៍​ជុំ​វិញ​រលក​កូដ​កម្ម​ដែល​កំពុង​កើត ​ឡើង ។​

ការ​ដោះ​ស្រាយ​បញ្ហា​កម្ម​ករ​ កម្មការិនី​ ធ្វើ​កូដ​កម្ម​ និង​បាតុកម្ម​នៅ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ មេន​ហាត​ធេន​ និង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ តាយ​សេង​ ក្រុង​បាវិត​ ចាប់​ពី​ថ្ងៃ​ទី​១១​-១២-១៣ និង​១៤​ កុម្ភៈ​ ហើយ​ត្រូវ​ថៅ​កែ​រោង​ចក្រ​បង្ខំ​បិទ​ទ្វារ​ ចាប់​តាំង​ពី​ថ្ងៃ​ទី​១៤​-១៥​-១៦ និង​១៧​ កុម្ភៈ​ នោះ​ នៅ​​ពុំ​ទាន់​ដោះ​ស្រាយ​គ្នា​បាន​នៅ​ឡើយ​ទេ​ ដោយ​ភាគី​កម្មករ​ កម្មការិនី​ ទាម​ទារ​លក្ខខណ្ឌ​ និង​ប្រាក់​ខែ​គោល​ច្រើន ​ហើយ​ភាគី​ក្រុម​ហ៊ុន​មិន​អាច​ទទួល​យក​បាន។

​តាមសេចក្តី​រាយ​ការណ៍​បាន​ឱ្យដឹង​ថា​ ​កាល​ពី​ថ្ងៃ​ទី​១៦​ កុម្ភៈ​ ​នៅ​សាលា​ក្រុង​បាវិត​បាន​ធ្វើ​ការ​ដោះ​ស្រាយ​រវាង​ភាគី​កម្មករ​-កម្មការិនី ​រោង​ចក្រ​ ឡុង​ប្រាយ​ចំនួន​ជាង​៧០០​នាក់​ ដែល​ទាម​ទារ​ឱ្យ​ក្រុម​ហ៊ុន​រោង​ចក្រ​ឡុង​ប្រាយ​ទទួល​យក​លក្ខ​ខណ្ឌ​៦​ចំណុច​ ក្នុង​នោះ​មាន​២​ចំណុច​​សំខាន់​គឺ​ ​សុំ​ថៅ​កែ​ដក​ប្រធាន​រដ្ឋ​បាល​ក្រុម​ហ៊ុន​ឡុង​ប្រាយ​ ជា​ដាច់​ខាត​ និង​បន្ថយ​ការ​ធ្វើ​ដុំ​ខ្សែ​ភ្លើង​ អំពូល​ភ្លើង​ ពី​មុន​១០​ម៉ោង​ ៨៥​ដុំ​ មក​ត្រឹម​៦៩​ដុំ​វិញ​ ។ អ្វី​ដែល​ថៅ​កែ​មិន​ព្រម​នោះ​គឺ​ការ​សុំ​ដក​ប្រធាន​រដ្ឋ​បាល​ក្រុម​ហ៊ុន​ចេញគឺ​ក្រុម​ហ៊ុន​មិន​ព្រម​ជា​ដាច់​ខាត​ ។ រីឯ​ភាគី​តំណាង​កម្មករ​និយាយ​ថា​ បើ​ថៅ​កែ​មិន​ព្រម​ដក​ប្រធាន​រដ្ឋ​បាល​ក្រុម​ហ៊ុន​ចេញ​ទេ​ កម្មករ​-កម្មការិនី​ នឹង​ធ្វើ​កូដ​កម្ម​មិន​ចូល​ធ្វើ​ការ​បន្ត​ទៀត​ ។ ចំណែក​​ភាគី​ក្រុម​ហ៊ុន​ បើ​កម្ម​ករ​-កម្មការិនី​មិន​ចូល​ធ្វើ​ការ​ គេ​សុខ​ចិត្ត​បិទ​ទ្វារ​រោង​ចក្រ​ទុក​ឱ្យ​រាជ​រដ្ឋា​ភិបាល​ដោះ​ស្រាយ​ ។

គណៈ​កម្មការ​ដោះ​ស្រាយ​វិវាទ​មាន​ប្រសាសន៍​ថា​ បើ​ភាគី​ទាំង​ពីរ​​ប្រកាន់​ជំហរ​រៀង​ខ្លួន​ដូច្នេះ​ពិបាក​ក្នុង​ការ​ ដោះស្រាយ​ខ្លាំង​ណាស់​ ។​នៅ​ថ្ងៃ​ទី​១៧​ កុម្ភៈ​ មាន​ការ​ដោះ​ស្រាយ​នៅ​ការិយា​ល័យ​រដ្ឋ​បាល​តំបន់​សេដ្ឋ​កិច្ច​ពិសេស​មេន​ហាត ​ធេន​ ដែល​មាន​លោក​រស់​ ឆាយ​​ អភិបាល​រង​ខេត្ត​ និង​ជា​តំណាង​លោក​ជៀង​ អំ​ អភិបាល​ខេត្ត​ លោក​អនុ​ប្រធាន​មន្ទីរ​ការ​ងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ខេត្ត​ មន្ត្រី​ក្រសួង​ការងារ​ អាជ្ញាធរ​ក្រុង​បាវិត​ លោក​ប្រធាន​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ទាំង​២​ មេន​ហាត​ធេន​ និង​តាយ​សេង​ តំណាង​កម្មករ​-កម្មការិ​នី​ សហជីព​ តំណាង​​ក្រុម​ហ៊ុន​ទាំង​៣១​ ដោយ​ប្រជុំ​ដោះ​ស្រាយ​ចំនួន​៩​ចំណុច​ ។ ប៉ុន្តែ​​អ្វី​ដែល​ដោះ​ស្រាយ​មិន​ចេញ​គឺ​ ភាគី​កម្មករ​-កម្មការិនី​រោង​ចក្រ​ទាម​ទារ​ប្រាក់​ខែ​គោល​ ពី​មុន​៥៩​ដុល្លារ​ទៅ​៦៤​ដុល្លារ​ ទៅ​ដល់​១២០​ដុល្លារ​ទៅ​១៥០​ដុល្លារ​ ភាគី​ក្រុម​ហ៊ុន​មិន​យល់​ព្រម​ ។ ការ​ប្រជុំ​នោះ​មាន​ដំណើរ​ការ​ស្វិត​ស្វាញ​ ក៏​ប៉ុន្តែ​ពុំ​បាន​អនុញ្ញាត​ឱ្យ​អ្នក​យក​ព័ត៌​មាន​ចូល​ស្តាប់​ឡើយ​ ។ នៅ​ម៉ោង​៣​រសៀលថ្ងៃ​ដដែល​ មាន​ការ​ទូរស័ព្ទ​ទៅ​ជួប​លោករស់​​ ឆាយ​ សុំ​ការ​បំភ្លឺ​ តែ​លោក​ឆ្លើយ​តាម​ទូរ​ស័ព្ទ​ថា​ ជាប់​ប្រជុំ​ពុំ​ទាន់​អាច​ឆ្លើយ​បំភ្លឺ​បាន​ទេ​ ។

រហូត​ម​ក​ដល់​ព្រឹកថ្ងៃ​ទី​១៨​ កុម្ភៈ​ កម្មករ​ កម្ម​ការិនី​ រោង​ចក្រ​ជាង​២​មុឺន​នាក់​ ដែល​ធ្វើ​ការ​នៅ​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ មេន​ហាត​ធេន​ និង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ តាយ​សេង​ បាន​ដើរ​ចេញ​ពី​រោង​ចក្រ​ជា​ថ្មី​ម្តង​ទៀត​ បន្ទាប់​ពី​កម្មករ​រោង​ចក្រ​ប្រមាណ​២៧​រោង​ចក្រ​បាន​ចូល​ធ្វើ​ការ​ ដោយ​ពួក​គេ​និយាយ​ថា​ ការ​ដោះ​ស្រាយ​រវាង​តំណាង​កម្មករ​ សហជីព​ ជាមួយ​ថៅ​កែ​រោង​ចក្រ​នៅ​តែ​បន្ត​ភាព​តាន​តឹង​ មិន​អាច​យក​ការ​សម្រប​សម្រួល​ពី​អាជ្ញាធរ​ និង​គណៈ​កម្មការ​ដោះ​ស្រាយ​វិវាទ​បាន​ ដូច្នេះ​រោង​ចក្រ​ទាំង​៣១​រោង​ចក្រ​ ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ទាំង​ពីរ​ត្រូវ​បិទ​ទ្វារ​ផ្អាក​ការ​ងារ​ ។

បើ​តាម​លោក​ រស់​ ឆាយ​ អភិបាលរង​ខេត្ត​ និង​ជា​ប្រធាន​សម្រប​សម្រួល​ដោះ​ស្រាយ​វិវាទ​ បញ្ហា​កម្មករ​ កម្មការិនី​ និង​បាតុកម្ម​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ លោក​បាន​ចូល​សម្រប​សម្រួល​រយៈ​ពេល​២​ថ្ងៃ​មក​ហើយ​ ដែល​នៅ​ថ្ងៃ​ទី​១៦​ កុម្ភៈ​ រវាង​និយោ​ជក​ រោង​ចក្រ​ឡុង​ប្រាយ​ ជា​មួយ​តំណាង​កម្មករ​ គឺ​ពុំ​មាន​លទ្ធ​ផល​ទេ​​ ដោយ​ភាគី​កម្មករ​ទាម​ទារ​សុំ​ដក​ប្រធាន​រដ្ឋ​បាល​រោង​ចក្រ​ចេញ​ តែ​ភាគី​រោង​ចក្រ​មិន​ព្រម​ ។ នៅ​ថ្ងៃ​ទី​១៧​ កុម្ភៈ​ តាំង​ពី​វេលា​ម៉ោង​៨​ព្រឹក​ ដល់​ម៉ោង​១២​ថ្ងៃ​ត្រង់​ នៅ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ មេន​ហាតធេន​ ក៏​មាន​ការ​កោះ​ហៅ​តំណាង​ថៅកែ​រោង​ចក្រ​ចំនួន​៨​រោង​ចក្រ​មក​ប្រជុំ​ដោះ​ ស្រាយ​ការ​ទាម​ទារ​៩​ចំណុច​ ដែល​ភាគី​កម្មករ​ទាម​ទារ​ តែ​ភាព​ចម្រូង​ចម្រាស់​ ដោះ​ស្រាយ​មិន​បាន​ជោគ​ជ័យ​ ហើយ​គណៈ​កម្ម​ការ​ដោះ​ស្រាយ​វិវាទ​បាន​ឱ្យ​លក្ខខណ្ឌ​សំណូម​ពរ​របស់​ភាគី​ កម្មករ​ កម្មការិនី​ទៅ​ថៅ​កែ​រោង​ចក្រ​ទាំង​៨​ យក​ទៅ​ពិនិត្យ​ និង​​ឆ្លើយ​តប​ជា​លាយ​លក្ខណ៍​អក្សរ​ថា​ យល់​ព្រម​ចំណុច​ណា​ មិន​យល់​ព្រម​ចំណុច​ណា​ នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​១៧​ កុម្ភៈ​ឱ្យ​បាន​ដឹង​ តែ​ភាគី​ថៅ​កែ​រោង​ចក្រ​គ្មាន​ចម្លើយ​ ។

ចំណែក​ការ​ដោះ​ស្រាយ​វិវាទ​ថៅ​កែ​រោង​ចក្រ​ ឡុង​ប្រាយ​ បាន​ឈាន​ដល់​ការ​ព្រម​ព្រៀង​២​ចំណុច​ចុង​ក្រោយ​ គឺ​ទី​១​-ការ​​សុំ​ដក​ប្រធាន​រដ្ឋ​បាល​រោង​ចក្រ​ លទ្ធ​ផល​ភាគី​ក្រុម​ហ៊ុន​យល់​ព្រម​ត្រឹម​សម្រួល​ការ​ងារ​ឱ្យ​ទៅ​ធ្វើ​ការ​ ងារ​ផ្នែក​ផ្សេង​ដែល​មិន​ប៉ះ​ពាល់​ ឬ​ប្រឈម​មុខ​ជា​មួយ​កម្មករ​និយោជិត​ ហើយ​ឱ្យ​ក្រុម​ហ៊ុន​សរសេរ​លិខិត​ព្រមាន​ដល់​ប្រធាន​រដ្ឋ​បាល​រូប​នោះ​ជា​លាយ ​លក្ខណ៍​អក្សរ​ ។ ទី២​-យល់​ព្រម​បន្ថយ​ដុំ​ គឺ​៨​ម៉ោង​ត្រឹម​៦៩​ដុំ​ កាល​ពី​មុន​៨​ម៉ោង​ ៧៥​ដុំ​ខ្សែ​ភ្លើង​ អំពូល​ភ្លើង​ញាក់​ ។

ថ្ងៃ​ទី​១៨​ កុម្ភៈ​ តាម​ការ​ព្រម​ព្រៀង​គឺ​ឱ្យ​កម្មករ​ចូល​ធ្វើ​ការ​វិញ​ នៅ​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក​ កម្មករ​ កម្មការិនី​រោង​ចក្រ​ចំនួន​២៨​ បាន​ចូល​ធ្វើ​ការ​ងារ​វិញ ។​ រីឯ​រោង​ចក្រ​ ឡុង​ ប្រាយ​ មិន​បាន​មក​ចូល​ធ្វើ​ការ​ទេ​គឺ​សម្រាក​ដល់​ថ្ងៃ​ពុធ​ ទី​២០​ កុម្ភៈ​ ទើប​ចូល​ធ្វើ​ការ​​ ។ ចំណែក​រោង​ចក្រ​ផលិត​កង់​ បេស​វ៉េ​ តាម​ព័ត៌​មាន​ពី​លោក​ បែន​ វណ្ណា​ ប្រធាន​រដ្ឋ​បាល​រោង​ចក្រ​ បេស​ វ៉េ​ ប្រាប់​ឱ្យ​ដឹង​ថា​ ដោយ​មាន​ភាព​មិន​ប្រក្រតី​ ថៅ​កែ​ក្រុម​ហ៊ុន​សម្រេច​ឱ្យ​កម្មករ​ កម្មការិនី​ ទាំង​១.៧០០​នាក់​ សម្រាក​ការងារ​១ថ្ងៃ​ទៀត​ និង​ឱ្យ​ចូល​ធ្វើ​ការ​នៅ​ថ្ងៃ​ទី​១៩​ កុម្ភៈ​  ដូច្នេះ​រោង​ចក្រ​បិទ​ទ្វារ​ឱ្យ​កម្មករ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ។

ភាព​ច្របូក​ច្របល់​ដោយ​សារ​មាន​អ្នក​ចូល​ និង​អ្នក​ចេញ​រហូត​ដល់​ម៉ោង​៩​ព្រឹក​ ភាព​រញេ​រញ៉ៃ​កើត​មាន​ រោង​ចក្រ​មួយ​ចំនួន​នៅ​ជិត​រោង​ចក្រដែល​​បិទ​ទ្វារ​ទាំង​បង្ខំ​ចិត្ត​ឱ្យ​ កម្មករ​ កម្មការិនី​ ផ្អាក​ការ​ងារ​សម្រាក​បន្ត​ទៀត​ ។

កម្មករ​ កម្មការិនី​ ក៏​បាន​ចេញ​ពី​រោង​ចក្រ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ។ រហូត​ម៉ោង​៩​ និង​១០​នាទី​ព្រឹក​រោង​ចក្រ​ទាំង​២២​នៅ​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ មេន​ហាត​ធេន​ ត្រូវ​បាន​កម្មករ​ កម្មការិនី​ នាំ​គ្នា​ដើរ​ចេញ​ពី​រោង​ចក្រ​ដោយ​មិន​ដឹង​ពី​មូល​ហេតុ​ ។ បន្ទាប់​មក​នៅ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​តាយ​សេង​ កម្មករ​ កម្មការិនី​ ក៏ចាប់​ផ្តើម​ដើរ​ចេញ​ពី​រោង​ចក្រ​ដែរ​ រហូត​ដល់​ម៉ោង​១០​ព្រឹក​​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ទាំង​២​​ ក៏​ត្រូវ​បិទទ្វារ​ផ្អាក​ការងារ​បណ្តោះ​អាសន្ន​ទៀត​ ។ តំណាង​កម្មករ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​និយាយ​ថា​ កម្មករ​ កម្មការិនី​ ដើរ​ចេញ​ពី​រោង​ចក្រ​នេះ​ដោយ​មាន​គោល​បំណង​ឱ្យ​លោក​អភិបាល​ ខេត្ត​ដោះ​ស្រាយ​៣​ចំ​ណុច​ក្ដៅ​ គឺ​ទី​១​-​ប្រាក់​ខែ​គោល​ពី​១​២​០​ដុល្លារ​ទៅ​១​៥​០​ដុល្លារ​ ពី​មុន​ត្រឹម​៥​៩​ដុល្លារ​ទៅ​៦​៤​ដុល្លារ​​ ។ ​ទី​២​-​ការ​បង់​ពន្ធ​ប្រាក់​ខែ​របស់​កម្មករ​ សូម​កុំ​ឱ្យ​បង់​ពន្ធ​ថ្លៃ​ពេក​ ឬ​សូម​កុំ​បង់​ពន្ធ​ប្រាក់​ខែ​កម្មករ​តែ​ម្ដង​ បើ​តាម​ច្បាប់​ការ​បង់​ពន្ធ​ប្រាក់​ខែ​គឺ​ចាប់​ពី​២​៥​០​ដុល្លារ​ឡើង​ទៅ​ទើប ​ជាប់​ពន្ធ​ ។ ​ទី​៣​-​កុំ​រើស​អើង​និង​បណ្ដេញ​កម្មករ​ចេញ​ដោយ​គ្មាន​មូល​ហេតុ​ ។​

លោក​រស់​ ឆាយ​​ អភិ​បាល​រង​ខេត្ត​និង​ជា​ប្រធាន​សម្រប​សម្រួល​ការ​ដោះ​ស្រាយ​វិ​វាទ​នេះ​ មាន​ប្រ​សាសន៍​នៅ​វេ​លា​ម៉ោង​១​១​និង​៣​០​នា​ទី​ព្រឹកថ្ងៃ​ទី​១៨​ កុម្ភៈ​ ​ថា​ លោក​កំពុង​ប្រ​ជុំ​ពី​បញ្ហា​ទាំង​អស់​នេះ​ហើយ​ ក៏​ពុំ​ទាន់​ដឹង​ឱ្យ​ច្បាស់​ថា​ មូល​ហេតុ​អ្វី​ខ្លះ​ទេ​ ​ដែលបង្ក​ឱ្យ​រោង​ចក្រ​បន្ត​បិទ​ទ្វារ​ ទៀត​បែប​នេះ​ ។

កម្ម​ករ​រោង​ចក្រ​​យ៉ុង​វ៉ា​មួយ​ចំនួន​នៅ​តែ​បន្តធ្វើ​កូដ​កម្ម​

ខេត្ត​កណ្តល៖​ កម្ម​ករ​-​កម្ម​​​ការិ​នី​រោង​ចក្រ​កាត់​ដេរ​យ៉ុង​វ៉ា​ទី​១​និង​ទី​២​ ដែល​អះ​អាង​ថា​មាន​គ្នា​ប្រ​មាណ​៣​ពាន់​នាក់​ក្នុង​ចំណោម​ជាង​៦​ពាន់​នាក់​ នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ កុម្ភៈ​ នៅ​តែ​បន្ត​ធ្វើ​បាតុ​កម្ម​បិទ​កំណាត់​ផ្លូវ​ជាតិ​លេខ​២១​B ចម្ងាយ​ជាង​មួយ​គី​ឡូ​ម៉ែត្រ​ ដើ​ម្បី​ទាម​ទារ​ប្រាក់​បំ​ណាច់​ការ​ងារ​របស់​ខ្លួន​បន្ទាប់​ពី​រោង​ចក្រ​ នេះ​ត្រូវ​បាន​បិទ​ទ្វា​ កាល​ពី​ពេល​ថ្មី​ៗ​កន្លង​មក​នេះ​ ។​ បើ​ទោះ​បី​ខាង​ក្រ​សួង​មន្ទីរ​ជំ​នាញ​ពាក់​ព័ន្ធ​និង​គណៈ​កម្ម​ការ​បាន​ធ្វើ ​ការ​ដោះ​ស្រាយ​បើក​ប្រាក់​សម្រាប់​ខែ​មក​រា​តា​ម​ការ​ទាម​ទារ​រួច​ហើយ​ក្តីដែល​ការ​បើក​ប្រាក់​នេះ​ត្រូវ​បាន​រដ្ឋា​ភិ​បាល​ដោះ​ស្រាយ​ថ​វិ​កា​អស់​ ចំនួន​​ប្រមាណ​​៩០​ម៉ឺន​ដុ​ល្លា​រ​ ។

ការ​ធ្វើ​បាតុ​កម្មនៅ​ព្រឹក​ថ្ងៃ​ទី​១៨​ កុម្ភៈ​ នេះ​បើ​តាម​ការ​អះ​អាង​របស់​ប្រ​ធាន​សហ​ជី​ព​ខ្លះ​និយាយ​ថា​ មាន​តែ​កម្ម​ករ​មួយ​ចំនួន​ប៉ុ​ណ្ណោះ​ ដែល​ជឿ​តាម​ការ​ញុះ​ញង់​នាំ​គ្នា​ធ្វើ​បា​តុ​កម្ម​ មិន​រង់​ចាំ​ការ​រក​ដំ​ណោះ​ស្រាយ​របស់​ក្រ​សួង​និង​មន្ទីរ​ជំ​នាញ​ដែល​ពាក់​ ព័ន្ធ​ ។

កម្ម​ករ​បាន​ធ្វើ​បាតុ​កម្ម​បិទ​ផ្លូវ​មុខ​រោង​ចក្រ​ យ៉ុង​វ៉ា​ទី​១​និង​នៅ​មុខ​រោង​ចក្រ​យ៉ុង​វ៉ាទី​២​ ដែល​តាំង​នៅ​លើ​កំ​ណាត់​ផ្លូវ​ជាតិ​លេខ​២១​B ត្រូវ​បាន​ផ្អាក​ការ​ធ្វើ​ច​រា​ចរ​ណ៍​ទាំង​ស្រុង​ចម្ងាយ​ជាង​១​គី​ឡូ​ម៉ែត្រ។ ក្រុម​កម្ម​ករ​បាន​ព្យា​យាម​សំ​រុក​ទៅ​បិទ​ផ្លូវ​កែង​ព្រែក​សំ​រោង​ទៀត​ ក្នុង​បំណង​បង្ក​ឱ្យ​ស្ទះ​​ចរាចរណ៍​​​គ្មាន​ផ្លូវ​វាង​ ប៉ុន្តែ​ត្រូវ​បាន​ទប់​ស្កាត់​ដោយ​កំលាំង​ប៉ូ​លិស​និង​ប៉េ​អឹម​ ប្រ​ដាប់​ដោយ​ខែល​ និង​ដំ​បង​ ។ ទោះ​ជា​បែប​ណា​មិន​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ជា​ហិ​ង្សា​នោះ​ទេ​ ។ ការ​ធ្វើ​ចរា​ចរ​ណ៍​មិន​ត្រូវ​បាន​ស្ទះ​​ ព្រោះ​សមត្ថ​កិច្ច​សម្រួល​ ដោយ​ឱ្យ​វាង​តា​ម​ផ្លូវ​ព្រែក​សំ​រោង​ទៅ​មាត់​ទន្លេ​ជា​ផ្លូវ​ជាតិ​លេខ​២១​A ។ ក្រុម​បាតុ​ករ​បាន​លើ​ក​រូប​ថត​សម្តេច​អគ្គ​ម​ហា​សេ​នា​ប​តី​តេ​ជោ​ហ៊ុន​ សែន​ និង​ស្រែក​កង​រំពង​សុំ​ឱ្យ​រដ្ឋា​ភិ​បាល​និង​អា​ជ្ញា​ធរ​ពាក់​ព័ន្ធ​ជួ​យ​រក ​យុត្តិ​ធម៌​ឱ្យ​ពួក​គេ​ និង​សំ​ណូម​ពរ​ឱ្យ​​បើក​ប្រាក់​បំណាច់​ការ​ងារ​របស់​ពួក​គេ​ ។​ តំណាង​កម្ម​ករ​បាន​ឱ្យ​ដឹង​ថា​ បើ​មិន​មាន​ដំ​ណោះ​ស្រាយ​ពួក​គេ​និង​បន្ត​ធ្វើ​បាតុ​កម្ម​​តស៊ូ​ទៀត​ ។

លោក​ស្រី​សុខ​ ផ​ល្លា​ ប្រ​ធាន​សហ​ជី​ព​ស៊ី​​ ខូវ​ ឌូ​ ប្រ​ចាំ​រោង​ចក្រ​យ៉ុង​វ៉ា​ទី​២​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​កម្ម​ករ​ចំ​នួន​ច្រើន​នាក់​មិន​តិច​ជាង​៣​ពាន់​ បាន​បន្ត​ធ្វើ​បាតុ​កម្ម​ទាម​ទារ​ប្រាក់​បំ​ណាច់​ការ​ងារ​ បន្ទាប់​ពី​មាន​ដំ​ណោះ​ស្រាយ​មួយ​ចំណុច​ គឺ​ការ​បើក​ប្រាក់​សម្រាប់​ខែ​មក​រា​កន្លង​មក​នេះ​ ។ លោក​កឹម​ ​ចាន់​សំ​ណាង​ ប្រ​ធាន​សហ​ព័ន្ធ​សហ​ជីព​ ប្រ​ជា​ធិប​តេយ្យ​ជឿន​លឿ​ន​ប្រ​ចាំ​រោង​ចក្រ​យ៉ុង​វ៉ា​ទី​២​ ដែល​មាន​ទស្ស​នៈ​ខុស​គ្នា​និង​សហ​ជី​ព​ស៊ី​ខូវ​ឌូ​ បាន​ឱ្យ​ដឹង​ថា​ កម្ម​ករ​ដែល​ចូល​រួម​ធ្វើ​បាតុ​កម្ម​នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ កុ​ម្ភៈ​ នេះ​គឺ​មាន​ចំនួន​តូច​ប៉ុ​ណ្ណោះ​ ដែល​ជឿ​តាម​ការ​ឃោ​ស​នា​ញុះ​ញង់​របស់​ប្រ​ធាន​សហ​ជីព​ស៊ី​ខូវ​ឌូ​ ប្រ​ចាំ​រោង​ចក្រ​ ។ លោក​បាន​បញ្ជាក់​ទៀត​ថា​ មាន​កម្ម​ករ​មួយ​ចំនួន​ធំ​មិន​ចូល​រួម​ធ្វើ​បា​តុ​កម្ម​ទេ​ គឺ​បន្ទាប់​ពី​មាន​​ដំណោះ​ស្រាយ​ បាន​បើក​ប្រាក់​ខែ​មក​រា​របស់​ខ្លួន​​ និង​បាន​យល់​ព្រម​រង់​ចាំ​ទុក​ពេល​ឱ្យ​មន្ទី​រ​ក្រ​សួង​ពាក់​ព័ន្ធ​រក​ដំ​ ណោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​ក្នុង​ពេល​ខាង​មុខ​នេះ​ ។

លោក​បន្ត​ទៀត​ថា​ តំ​ណាង​សហ​ជីព​ជា​ច្រើន​ប្រ​ចាំ​នៅ​រោង​ចក្រ​យ៉ុង​វ៉ា​បាន​ប្តឹង​ត​វ៉ា​ជា​ មួយ​ក្រុម​ហ៊ុន​យ៉ុង​វ៉ា​ទៅ​តុ​លា​ការ​ ហើយ​តុ​លា​ការ​ក៍​បាន​ចេញ​ដី​កា​ រក្សា​ការ​ពារ​រោង​ចក្រ​រួច​ហើយ​ផង​ដែរ​ គឺ​រោង​ចក្រ​នេះ​អាច​និង​ត្រូវ​លក់​ឡាយ​ឡុង​យក​ប្រាក់​បើ​ក​ឱ្យ​កម្ម​ករ​ដែល ​ទាម​ទារ​ប្រាក់​បំណាច់​ការ​ងារ​ ។ ប៉ុ​ន្តែ​ខាង​មន្ទី​រ​ក្រ​សួង​មិន​អាច​ដោះ​ស្រាយ​ឱ្យ​ទាន់​តាម​​ការ​ទាម​ទារ ​របស់​កម្ម​ករ​ភ្លាម​ៗ​បាន​ឡើយ​ គឺ​ត្រូវ​ប្រើ​រយៈ​ពេល​យូរ​ ហើយ​តំណាង​សហ​ជីព​ ស​ហ​ព័ន្ធ​ ភាគ​ច្រើន​ប្រ​ចាំ​រោង​ចក្រ​ ក៏​ដូច​ជា​កម្ម​ករ​ភាគ​ច្រើន​ព្រម​ទទួល​យក​និង​មិន​ចូល​រួម​ធ្វើ​បាតុ​កម្ម​ ឡើយ​ ។ មាន​តែ​សហ​ជីព​ ស៊ី​ខូវ​ឌូ​ មួ​យ​ប៉ុ​ណ្ណោះ​ ដែល​បំផុស​ឱ្យ​កម្ម​ករ​ធ្វើ​បាតុ​កម្ម​ ។

លោក​ស៊ឹម​ ប៊ុត​​បណ្ឌិត​​ អ​ធិ​ការ​ប៉ូ​លិស​ ក្រុង​តា​ខ្មៅ​បាន​ឱ្យ​ដឹង​ថា​ ប៉ូ​លិស​៥០​០​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​​ ដើ​ម្បី​ថែ​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​និង​ធ្វើ​ចរា​ចរ​ណ៍​ ក្នុង​ពេល​ដែល​កម្ម​ករ​ធ្វើ​បាតុ​កម្ម​នេះ​ និង​មិន​មាន​ការ​កក​ស្ទះ​ចរា​ចរ​ណ៍​យូរ​ទេ​  ដោយ​សារ​មាន​ការ​សម្រួល​ពី​ប៉ូ​លិស​និង​អា​ជ្ញា​ធរ​ទាន់​ពេល​វេ​លា​ ៕ ដកស្រង់ចេញពី៖ កោះសន្តិភាព

 

 ប៉ូលីសរារាំងក្បួនកម្មករដែលប៉ុនប៉ងបិទផ្លូវវាង

ប្រភព៖ កោះសន្តិភាព