មេ​ឃុំ​បក្ស​ប្រជាជន​រង​ការ​ចោទ​ថា​ដក​តំណែង​មេ​ភូមិ​បក្ស​ប្រឆាំង​ខុស​នីតិវិធី
Thursday, 28 March 2013 , សរសេរដោយ​ « វិទ្យអាស៊ីសេរី »   

ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៣

គណបក្ស សម រង្ស៊ី នៅ​ខេត្ត​ក្រចេះ បាន​ចោទ​ប្រកាន់​ថា មេ​ឃុំ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្លាស់​ប្ដូរ​តំណែង​មេ​ភូមិ​កូតា គណបក្ស សម រង្ស៊ី និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច មួយ​ចំនួន ខុស​នីតិវិធី​កំណត់​ដោយ​ក្រសួង​មហាផ្ទៃ។

ប្រធាន​ភូមិ​ចំនួន ៤​រូប ក្នុង​ឃុំ​ជ្រោយបន្ទាយ ស្រុក​ព្រែកប្រសប់ ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ពុធ ទី២៧ ខែ​មីនា ឆ្នាំ​២០១៣ អំពាវនាវ​សុំ​ឲ្យ​ក្រសួង​មហាផ្ទៃ ស៊ើប​អង្កេត​ទៅ​លើ​ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​ជ្រោយបន្ទាយ ពី​បទ​ដក​ហូត​តំណែង​មេ​ភូមិ​ដោយ​បំពាន។

ប្រធាន​ភូមិ​ទាំង ៤​ភូមិ រួម​មាន ប្រធាន​ភូមិ​រកាធំ ភូមិ​កែង ភូមិ​ជ្រោយបន្ទាយ និង​ភូមិ​ខ្សាច់ទប់។

ប្រធាន​ភូមិ​រកាធំ មក​ពី​គណបក្ស សម រង្ស៊ី អ្នកស្រី អ៊ុង ស៊ីណាន មាន​ប្រសាសន៍​បញ្ជាក់​ថា អ្នកស្រី​មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​ក្នុង​តួនាទី​ដឹកនាំ​ប្រជាពលរដ្ឋ​ នោះ​ទេ ក៏ប៉ុន្តែ​មេ​ឃុំ​បាន​ដក​អ្នកស្រី​ពី​តំណែង ហើយ​ដាក់​សមាសភាព​គណបក្ស​ប្រជាជន ជំនួស​តំណែង​នេះ​វិញ។ អ្នកស្រី​បន្ត​ថា នេះ​គឺ​ជា​ការ​រើសអើង និង​រំលោភ​ទៅ​លើ​សិទ្ធិ​ស្ត្រី អ្នក​ចូលរួម​ដឹកនាំ​នៅ​មូលដ្ឋាន៖ «ខ្ញុំ​អត់​ដែល​មាន​កំហុស​អ្វី​ទេ គាត់​ហៅ​ខ្ញុំ​ប្រើ​អ្វី ខ្ញុំ​ធ្វើ​តាម​គោលការណ៍​ទាំងអស់។ ឥឡូវ​គេ​មក​ដក​ខ្ញុំ​អ៊ីចឹង ខ្ញុំ​អត់​ព្រម​អត់​សុខ​ចិត្ត​ទេ ព្រោះ​ខ្ញុំ​ជា​ស្ត្រី​ហ្នឹង គាត់​ចង់​រើសអើង​បក្ស​ណា!»

ចំណែក​ប្រធាន​ភូមិ​ជ្រោយបន្ទាយ នៃ​គណបក្ស នរោត្តម រណឫទ្ធិ លោក ចាប ល័ក្ខ មាន​ប្រសាសន៍​បញ្ជាក់​ដែរ​ថា លោក​ក៏​មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​ក្នុង​ការងារ និង​មាន​ការ​ណែនាំ​អប់រំ​ធ្វើ​កិច្ច​សន្យា​ស្ដីពី​ការ​ប្រព្រឹត្ត​ខុស​ពី​ ក្រុម​ប្រឹក្សា​ឃុំ​ម្តង​ណា​ឡើយ។ លោក​ថា ការ​ដក​តំណែង​លោក គឺ​ជា​ចេតនា​ពង្រឹង​អំណាច​មន្ត្រី​គណបក្ស​ប្រជាជន​នៅ​មូលដ្ឋាន៖ «គេ​ដក​ ខ្ញុំៗ​ថា​ការងារ​នេះ​មិន​យុត្តិធម៌​ទេ ការងារ​ខ្ញុំ​អត់​ដែល​ខកខាន​ទេ។ កន្លង​មក ពេល​ណា​កន្លែង​ណា​មាន​លុយ គេ​ប្រើ​គ្នា​គេ កន្លែង​ណា​អត់​លុយ​គេ​ប្រើ​ខ្ញុំ»

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ មេ​ឃុំ​ជ្រោយបន្ទាយ លោក ប៊ិន ងួនស្រីន បាន​បដិសេធន៍​ការ​ចោទ​ប្រកាន់​ទាំងអស់​នេះ។ លោក​ទទួល​ស្គាល់​ថា បាន​ធ្វើ​លិខិត​កោះ​ហៅ​មន្ត្រី​ភូមិ​ទាំង ៤​រូប​មក​ធ្វើ​ការ​អប់រំ​ណែនាំ​ពី​កំហុស​មិន​បាន​បំពេញ​ការងារ​ជា​មេ​ភូមិ​ ត្រឹមត្រូវ ក៏ប៉ុន្តែ​មន្ត្រី​ភូមិ​មិន​បាន​ចូល​ខ្លួន​មក​ទទួល​ការ​ណែនាំ​នោះ​ឡើយ៖ «យើង​អត់​មាន​លិខិត​អ្វី​ត្រូវ​ណែនាំ​គាត់ ព្រោះ​អញ្ជើញ​គាត់​មក​គាត់​អត់​មក។ ខ្ញុំ​បាន​រាយការណ៍​ទៅ​ដល់​ស្រុក​ដល់​ខេត្ត»

កាល​ពី​ថ្ងៃ​ទី១៨ ខែ​មីនា ឆ្នាំ​២០១៣ សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ជ្រោយបន្ទាយ ចំនួន​បី​រូប​នៃ​គណបក្ស សម រង្ស៊ី បាន​ធ្វើ​ពហិការ​មិន​ដាក់​បេក្ខជន​បោះឆ្នោត​ជ្រើសរើស​មេ​ភូមិ​ថ្មី​ទាំង ៤​ភូមិ​នោះ​ទេ។

សមាជិក​ក្រុម​ប្រឹក្សា​ឃុំ លោក ស ឌីន មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​មិន​បាន​ឃើញ​មេ​ឃុំ​ធ្វើ​លិខិត​លាយលក្ខណ៍អក្សរ ឬ​អញ្ជើញ​មេ​ភូមិ​មក​ទទួល​ការ​ណែនាំ​ក្នុង​កិច្ច​ប្រជុំ​របស់​ក្រុម​ ប្រឹក្សា​ឃុំ និង​មាន​ធ្វើ​កំណត់​ហេតុ រាយការណ៍​មក​ក្រុម​ប្រឹក្សា​ឃុំ ស្ដីពី​កំហុស​មេ​ភូមិ​នោះ​ទេ។ លោក​ថា ការ​ផ្លាស់​ប្ដូរ​មេ​ភូមិ​នេះ គឺ​ជា​ការ​ធ្វើ​ផ្ទុយ​ការ​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ៖ «មុន​នឹង​ដក​ហូត មុន​នឹង​បោះឆ្នោត ខ្ញុំ​សំណូមពរ​ឲ្យ​ហៅ​មេ​ភូមិ ជំនួយ​ការ​ភូមិ អនុ​ភូមិ មក​ជម្រាប​គាត់​សិន មុន​នឹង​បោះឆ្នោត​ណា! គេ​ថា​មិន​បាច់​ធ្វើ​ទេ។ ខ្ញុំ​ថា​ធ្វើ​របៀប​នេះ ខ្ញុំ​មិន​អាច​ចូលរួម​បាន​ដែរ»

ប្រធាន​ផ្នែក​អង្កេត​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្វ្រែល (Comfrel) កញ្ញា គង់ រ៉ាវីន មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្តី​ណែនាំ​ស្ដីពី​ការ​ផ្លាស់​ប្ដូរ​មេ​ភូមិ ដូច្នេះ​ប្រសិន​មេ​ឃុំ​ធ្វើ​ខុស​ការ​ណែនាំ​នោះ ប្រធាន​ភូមិ​អាច​ដាក់​ពាក្យ​ប្ដឹង​ករណី​នេះ​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ដោះស្រាយ​បញ្ហា៖ «ខាង​ឃុំ សង្កាត់ មិន​អាច​ដក​មេ​ភូមិ​ដោយ​គ្មាន​ហេតុផល​អ្វី​ទេ គួរ​ទេ មាន​ហេតុផល​ច្បាស់​លាស់ ប្រសិន​មេ​ភូមិ​ហ្នឹង​គាត់​ធ្វើ​ខុស»

ក្រុម​ប្រឹក្សា​ឃុំ​ជ្រោយបន្ទាយ មាន​សមាជិក ៧​រូប ក្នុង​នោះ ៤​រូប​ជា​សមាជិក​គណបក្ស​ប្រជាជន និង ៣​រូប ជា​សមាជិក​គណបក្ស សម រង្ស៊ី។ ចំពោះ​បញ្ហា​នេះ សមាជិក​ក្រុម​ប្រឹក្សា​ឃុំ ៣​រូប​នៃ​គណបក្ស សម រង្ស៊ី អះអាង​ថា ពួក​គាត់​នឹង​ដាក់​ពាក្យ​ប្ដឹង​ទៅ​ក្រសួង​មហាផ្ទៃ៕

ប្រភព៖ វិទ្យុអាស៊ីសេរី