អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ជំរុញ​ឲ្យ ​គជប​ ពន្លឿន​បិទ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ដើម្បី​តម្លាភាព​
Friday, 05 April 2013 , សរសេរដោយ​ « សំលេងប្រជាធិបតេយ្យ »   

ថ្ងៃសុក្រ ទី០៥ ខែមេសា ឆ្នំា២០១៣

អង្គការ​សង្គម​ស៊ីវិល​​ជាតិ និង​អន្តរជាតិ ជំរុញ​​ឲ្យ គជប ពន្លឿន​ការ​បិទ​បញ្ជី​​ឈ្មោះ​​អ្នក​បោះ​ឆ្នោត មុន​ការកំណត់ បន្ទាប់​ពី​ខ្លួន​បាន​រក​ឃើញ​ថា មាន​បញ្ហា​បាត់ឈ្មោះ​អ្នក​បោះ​​ឆ្នោត​ច្រើន​។​

​នាយក​ប្រតិបត្តិ​គណៈ​កម្មាធិការ ខុម​ហ្វ្រែល លោក គល់ បញ្ញា ប្រាប់​VOD នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​០៤ ខែ​មេសា នេះ​ថា​បណ្តា​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ រួម​​ទាំង​គណបក្ស​នយោបាយ​​មួយ​​ចំនួន​ស្នើ​ឲ្យ គជប ពន្លឿន​​ការ​បិទ​បញ្ជី​​ឈ្មោះ​អ្នក​បោះ​ឆ្នោត។ លោក​បន្តថា ការជំរុញ​បែបនេះ ដើម្បី​ជា​តម្លាភាព​​និង​ងាយស្រួល ដោះ​​ស្រាយ​ចំពោះ​ពលរដ្ឋ​ដែល​បាត់ឈ្មោះ ឬ​មិន​មាន​ឈ្មោះ​​ក្នុង​បញ្ជី​បោះឆ្នោត​​២០១៣ ៖ "ទីមួយ​គឺ​ដើម្បី​ធ្វើ​ម៉េច ឲ្យ​អ្នក​ដែល​រក​ឈ្មោះ​មិន​ឃើញ​ហ្នឹង អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ហើយ​រក​ឈ្មោះ​​មិន​ឃើញ​ហ្នឹង ឲ្យ​គេ​អាច​មាន​សិទ្ធិ​បោះ​ឆ្នោត​វិញ ឲ្យ​គេ​ផ្ទៀង​ផ្ទាត់ ហើយ​គេ​សុំ​សិទ្ធិ​បោះ​ឆ្នោតវិញ តាម​រយៈ​ការ​ចេញ​​​លិខិត​បញ្ជាក់​អត្ត​សញ្ញាណ​ប័ណ្ណ​ការ​បោះឆ្នោត​ ទីពីរ​ ដើម្បីបង្កើន​​តម្លាភាពនៅ​ក្នុ​ងការ​ចេញ​ឯក​សារ​ទាំង​អស់​ហ្នឹង ជា​ពិសេស​លិខិត​​បញ្ជាក់​​សម្រាប់​អត្ត​សញ្ញាណ​ប័ណ្ណ​ការ​បោះឆ្នោតអី​ហ្នឹង ហើយ​និង​តម្លា​ភាព​នៅក្នុងរឿង​​បញ្ជី​ឈ្មោះបោះឆ្នោត​​​ហ្នឹង​ឲ្យ​បាន​ត្រឹម​ ​ត្រូវ"។

ការស្នើរ​នេះ ​ធ្វើឡើង​បន្ទាប់​ពី​មាន​កិច្ចពិភាក្សា​រួម រវាង​អង្គការ​​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​​ ដែល​ធ្វើការ​ផ្តោតលើ​ការបោះឆ្នោត រួម​​ទាំង​គណបក្ស​នយោបាយ​មួយ​ចំនួន រកឃើញថា មាន​បញ្ហា​ប្រឈម​ខ្លះៗ​​ដែល​ទាក់​ទង​​ទៅ​នឹង​​ការ​បោះ​ឆ្នោត​។ បញ្ហា​ទាំង​នោះ​ ​​រួម​មាន  ប្រជាពលរដ្ឋ​ដែល​បាន​​ចុះឈ្មោះ​ចំនួន​​ប្រហែល​​ជា ១៣,៥​ភាគ​រយ មិន​មាន​ទិន្នន័យ​ក្នុង​បញ្ជី​​បោះឆ្នោត​​ឆ្នាំ​២០១២ សម្រាប់​​​ការបោះឆ្នោត​ឆ្នាំ​២០១៣​ទេ​។ មូលហេតុ គឺ​ឈ្មោះ​របស់​ពួកគេ​មិន​អាច​រកឃើញ ឬ​ឈ្មោះ​របស់​ពួកគេ​ត្រូវបាន​គេ​ផ្លាស់ប្តូរ​ទាំង​ស្រុង​។ របាយការណ៍​បន្តថា នេះ​មានន័យ​ថា ឈ្មោះ​របស់​ប្រជាពលរដ្ឋ​ខ្លះ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​ចំនួន ១,២៥​លាន​នាក់ ទំនង​ជា​បាត់បង់​សិទ្ធិ​របស់​ខ្លួន ក្នុង​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៣​ខាងមុខ​។​

​អគ្គលេខាធិការរង នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក  សុ​កុលៈ ទី​ប៉ោ មាន​ប្រសាសន៍​ថា គជប មិន​ទាន់​បង្ហាញ​ជំហរ​​ច្បាស់​លាស់ ចំពោះ​ការស្នើសុំ​របស់​សង្គម​​ស៊ីវិល​​ទេ។ ​លោក​បន្តថា មន្ត្រី​ គជប កំពុង​តែ​ប្រជុំ​ពិភាក្សាគ្នា លើ​សំណើរ​នេះ​ ៖ "ឥឡូវ​កំពុ​ងតែ​ប្រជុំ អត់​ទាន់​ដឹង​ថា​លទ្ធ​ផល​យ៉ាង​ម៉េចផង ប្រ​ជុំ​ពិភាក្សាបញ្ហា​ខុមហ្វ្រែល​ដែល​បាន​ធ្វើ​សវនកម្ម​ហ្នឹង ខ្ញុំ​អត់​ទាន់​ដឹង​ដែរ កំពុង​តែ គជប ថានឹង​​​ធ្វើជា​​សេចក្តី​ថ្លែង​​ការណ៍​ ហៅ​ថា Press Release ក្រោយ​ពេល​ប្រ​ជុំ​ចប់"។

​មន្ត្រី គជប ធ្លាប់​បញ្ជាក់ថា ប្រជាពលរដ្ឋ​​ដែល​មានឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត​​មាន​ចំនួន ៩​លាន​៦​សែន​នាក់ ហើយ​ការិយា​ល័យ​​​​បោះ​​​ឆ្នោត​មាន​ចំនួន ១​ម៉ឺន​៩​ពាន់​៩​ការិ​យាល័យ ហើយបញ្ជី​ទីតាំង និង​ឈ្មោះ​ប្រជាពលរដ្ឋ ដែល​ត្រូវ​បោះឆ្នោត នឹង​ត្រូវ​បិទ​ផ្សាយ​​មុន ៣០​ថ្ងៃ នៃ​ពេល​បោះឆ្នោត ។​

​ក្រុម​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ និង​​អ្នក​​រាយ​​ការណ៏​​ពិសេស​ អង្គការសហប្រជាជាតិ​​ទទួលបន្ទុក​សិទ្ធិ​មនុស្ស​​នៅ​​កម្ពុជា បាន​ស្នើ​ឲ្យមាន​កំណែទម្រង់ គជប ដើម្បី​ឲ្យ​លទ្ធ​ផល​​នៃ​ការបោះឆ្នោត ត្រូវបាន​ទទួលស្គាល់ តែ​មន្ត្រី​រដ្ឋាភិបាល​អះអាង​​ថា បើ​ធ្វើ​កំណែ​ទម្រង់ ដោយ​ផ្លាស់ប្តូរ​សមាសភាព គជប នោះ អាច​នាំ​ឲ្យ​ជាប់​គាំង​ការបោះឆ្នោត​៕

ប្រភព៖ សំលេងប្រជាធិបតេយ្យ