បរិយាកាសនយោបាយមុនការបោះឆ្នោត
Wednesday, 08 May 2013 , សរសេរដោយ​ « វិទ្យអាស៊ីសេរី »   

ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៣

ថ្ងៃ​កំណត់​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​ សម្រាប់​អាណត្តិ​ទី៥ ឆ្នាំ​២០១៣ នេះ មិន​ទាន់​ចូល​ជា​ធរមាន​នៅ​ឡើយ​ទេ ប៉ុន្តែ​សកម្មភាព​នេះ​ហាក់​កំពុង​ដើរ​លឿន​ជាង​ពេល​ដែល​កំណត់​ដោយ​ច្បាប់​ទៅ​ ហើយ។

ក្នុង​ដំណាក់​កាល​នេះ អ្នក​វិភាគ​បញ្ហា​សង្គម និង​ក្រុម​និស្សិត​មួយ​ចំនួន បាន​កត់​សម្គាល់​ឃើញ​ថា បក្ស​នយោបាយ​កំពុង​តែ​សកម្ម​ក្នុង​ការ​ផ្សព្វផ្សាយ​គោល​នយោបាយ​របស់​ខ្លួន​ ក្នុង​បរិយាកាស​មួយ​ស្ងប់ ស្ងាត់ និង​អហិង្សា។

«សំឡេង​ឃោសនា​របស់​បក្ស​នយោបាយ»

ក្រុម​និស្សិត និង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​សង្កេត​ឃើញ​ថា នៅ​ឆ្នាំ​២០១៣ នេះ សកម្មភាព​ឃោសនា​បោះឆ្នោត​ហាក់​មាន​សញ្ញាណ​មួយ​ល្អ​ជាង​ឆ្នាំ​បោះឆ្នោត​កន្លង ​ទៅ ឬ​នៅ​អាណត្តិ​មុនៗ។

និស្សិត​មួយ​ចំនួន​នៅ​ទីក្រុង​ភ្នំពេញ ដែល​មាន​ការ​សង្កេត​លើ​កិច្ចការ​បោះឆ្នោត បាន​យល់​ឃើញ​ថា មេ​ដឹកនាំ​នៃ​បក្ស​នយោបាយ​សំខាន់ៗ​ដែល​ត្រូវ​ប្រកួត​ប្រជែង​នៅ​ក្នុង​ អាណត្តិ​ទី៥ ឆ្នាំ​២០១៣ នេះ មាន​ការ​យល់​ដឹង​ច្រើន​ពី​ក្រម​សីលធម៌​ជា​អ្នក​នយោបាយ ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​គួរ​ឲ្យ​គោរព។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ គឺ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្តី តាម​វេទិកា​សាធារណៈ​ក្តី ពួក​គេ​ពុំ​សូវ​ឮ​មេ​ដឹកនាំ​គណបក្ស​ប្រើ​ពាក្យ​អសុរោះ​ប្រមាថ​មើល​ងាយ​គ្នា​ ទៅ​វិញ​ទៅ​មក ដើម្បី​ប្រជាប្រិយភាព​ខ្លួន​ឯង ឬ​បង្ហាញ​ពី​អំណាច​របស់​ខ្លួន​នោះ​ទេ។

ពួក​គេ​ចង់​ឲ្យ​មាន​ស្ថានភាព​បែប​នេះ​បន្ត​កើត​មាន​រហូត​ដល់​ចុង​បញ្ចប់​នៃ​យុទ្ធនាការ​នេះ។

ចំណែក​លោក កែម ឡី អ្នក​វិភាគ​ឯករាជ្យ និង​ជា​អ្នក​ស្រាវជ្រាវ​លើ​ការ​អភិវឌ្ឍ​សង្គម​វិញ ក៏​យល់​ឃើញ​ដែរ​ថា ការ​ចាប់​ផ្ដើម​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នា​ពេល​នេះ ទោះ​ហាក់​បី​ដូច​ជា​នាំគ្នា​ដើរ​លឿន​ជាង​ច្បាប់​កំណត់​ក្តី ក៏​ធ្វើ​ឡើង​ជា​ចំហ​ទូលំទូលាយ​ជាង​ពេល​មុន។ ចំពោះ​នីតិវិធី​យុទ្ធសាស្ត្រ​វិញ ហាក់​មាន​ការ​ជឿនលឿន និង​មាន​ភាព​ទាក់ទាញ​ជាង​មុន ចំណែក​សារ​នយោបាយ​វិញ ក៏​មាន​ភាព​ច្បាស់​លាស់ អាច​នឹង​អនុវត្ត​ទៅ​បាន បើ​សិន​ជា​គណបក្ស​ណា​មួយ​ឈ្នះ​ឆ្នោត។

លោក​បន្ត​ថា ការ​ផ្លាស់​ប្ដូរ​នេះ អ្នក​នយោបាយ​អាច​បត់បែន​តាម​គោល​គំនិត និង​តម្រូវ​ការ​របស់​ម្ចាស់​ឆ្នោត​សំខាន់។

ម្ចាស់​ឆ្នោត​ភាគ​ច្រើន បាន​ចាប់​ផ្ដើម​ប្រើ​ភាព​វៃឆ្លាត​របស់​ខ្លួន មុន​នឹង​សម្រេច​ចិត្ត ដោយ​ពឹង​ផ្អែក​លើ​គោល​នយោបាយ​ច្បាស់​លាស់​របស់​បក្ស​នយោបាយ ជាង​ការ​អួតអាង​ដោយ​ប្រើ​ពាក្យ​អសុរោះ និង​ការ​គំរាម​កំហែង​ជាដើម​នោះ។

លោក​បណ្ឌិត ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌ ដើម្បី​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា និកហ្វិច (Nicfec)។ លោក​សង្កេត​ឃើញ​ដែរ​ថា ក្នុង​អាណត្តិ​ថ្មី​នេះ អ្នក​នយោបាយ​មាន​ចរិត​ចាស់​ទុំ​ច្រើន ប៉ុន្តែ​ស្ថិត​ក្នុង​អន្តរកាល​នៅ​ឡើយ។ លោក​ថា មន្ត្រី​បក្ស​នយោបាយ​គួរ​តែ​ត្រួត​ពិនិត្យ​លើ​ក្រម​សីលធម៌​របស់​ខ្លួន មុន​ចេញ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ដើម្បី​បង្ហាញ​នូវ​សេចក្តី​ថ្លៃថ្នូរ​របស់​ខ្លួន​មក​ទាក់ទាញ​ទឹក​ចិត្ត​ ប្រជាពលរដ្ឋ ប្រសើរ​ជាង​ការ​ប្រើ​អំពើ​ហិង្សា​គំរាម​កំហែង​ដៃគូ​របស់​ខ្លួន។

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ធ្លាប់​បាន​ប្រកាស​ឲ្យ​ដឹង​ថា សកម្មភាព​របស់​បក្ស​នយោបាយ​សព្វថ្ងៃ​នេះ ពុំ​ទាន់​មាន​សកម្មភាព​ណា​មួយ​ចាត់​ទុក​ថា​ខុស​នឹង​ច្បាប់​បោះឆ្នោត​នោះ​នៅ​ ឡើយ​ទេ។ កាល​បរិច្ឆេទ​នៃ​ពេល​វេលា​ឃោសនា​បោះឆ្នោត​ជា​ផ្លូវ​ការ គឺ​ចាប់​ពី​ថ្ងៃ​ទី២៧ ខែ​មិថុនា ដល់​ថ្ងៃ​ទី២៦ ខែ​កក្កដា។ ការ​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត និង​បញ្ជី​ទីតាំង​នៅ​ការិយាល័យ​បោះឆ្នោត និង​នៅ​គណៈកម្មការ​ឃុំ​សង្កាត់ ធ្វើ​នៅ​ថ្ងៃ​ទី២៧ ខែ​កក្កដា ឆ្នាំ​២០១៣។ ចំណែក​កាល​បរិច្ឆេទ​នៃ​ការ​បោះឆ្នោត ការ​រាប់​សន្លឹក​ឆ្នោត និង​ការ​បិទ​ផ្សាយ​លទ្ធផល​បឋម​នៅ​ការិយាល័យ​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣៕ ដកស្រង់ចេញពី ៖ RFA (វិទ្យុអាស៊ីសេរី)