នាយកដ្ឋានអប់រំកាយនិងកីឡានៃក្រសួងអប់រំរងការចោទប្រកាន់ថាប្រព្រឹត្តអំពើពុករលួយ |
Tuesday, 16 June 2015 , | |
មន្ត្រីរាជការនៃនាយកដ្ឋានអប់រំកាយនិងកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បានចោទប្រកាន់ប្រធាននាយកដ្ឋាននេះ ថាចាយវាយប្រាក់ភីប៊ី(PB) ប្រចាំឆ្នាំមិនមានតម្លាភាព។ មន្ត្រីដែលថ្លែងសុំមិនបញ្ចេញឈ្មោះ បានប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៥ មិថុនាថា លោកនិងមន្ត្រីមួយចំនួនមិនសប្បាយចិត្ត ដោយឃើញទង្វើរបស់ប្រធាននាយកដ្ឋាននិងបក្សពួក ចាត់ចែងថវិកាគម្រោងចាយវាយប្រចាំឆ្នាំដែលក្រសួងដាក់ឲ្យប្រើប្រាស់ គ្មានតម្លាភាព ឬបង្ហាញឲ្យត្រឹមត្រូវដូចជាការបញ្ជូនមន្ត្រីទៅបំពេញបេសកកម្ម ជាដើម៖ «លុយ១ឆ្នាំៗ ហើយឆ្នាំ២០១៥ លុយធ្លាក់ពីក្រសួងមក ចំនួន ១.២៨៨លានរៀល ហើយឥឡូវដល់ខែមិថុនាហើយ អត់មានបុគ្គលិកចុះភីប៊ី ឬលិខិតឧទ្ទេសនាម គេ(ប្រធាននាយកដ្ឋាន និងបក្សពួក) ធ្វើលិខិតលួចលាក់បិទបាំងតែគ្នាគេ ហើយមិនដឹងអ្នកណាចាយលុយហ្នឹង»។ ប្រធាននាយកដ្ឋានអប់រំកាយនិងកីឡា លោក ហ៊ុន សាមុត បានបដិសេធថា លោកមិនបានកិបកេងលុយមន្ត្រីរាជការនោះទេ ហើយរាល់ការចេញបេសកកម្មនានា លោកបានប្រគល់ថវិកាគ្រប់ចំនួន និងលិខិតស្នាមត្រឹមត្រូវ ឬប្រគល់ទៅថ្នាក់ក្រោមចុះអនុវត្តតែម្ដង។ លោកបន្តថា លោកនឹងទទួលខុសត្រូវចំពោះមុខច្បាប់ បើលោកប្រព្រឹត្តអំពើពុករលួយដូចការចោទប្រកាន់នេះមែន តែលោកស្នើដល់មន្ត្រីទាំងនោះ អាចមកជួបជជែកជាមួយលោកបានគ្រប់ពេលពីបញ្ហានានាដែលមានការសង្ស័យ៕ប្រភពី វិទ្យុអាស៊ីសេរី |